en     km
en     km

បេក្ខនារីបវរកញ្ញា​ចក្រវាឡឥណ្ឌូនេស៊ី​ត្រូវគេរំលោភ​បំពាន នៅពេលប្រកួត

Share

ជារៀងរាល់ឆ្នាំ គេឃើញមានបេក្ខភាពតំណាងឱ្យប្រទេសជាច្រើននៅលើសកលលោក មកចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីបវរកញ្ញាចក្រវាឡ(Miss Universe)។មុនពេល ចេញទៅប្រកួតនៅឆាកអន្តរជាតិ កម្មវិធីតម្រូវឱ្យប្រទេសនីមួយៗត្រូវប្រកួតជម្រុះបេក្ខភាព និងសម្រិតសម្រាំងយកបវរកញ្ញាពូកែទាំងវោហារ ចំណេះដឹង រូបសម្បត្តិល្អឯក កាយសម្បទារឹងមាំ និងអត្តចរិកសមប្រកបជាបវរកញ្ញាចក្រវាឡពិតប្រាកដ។ ដ្បិតតែកម្មវិធីបវរកញ្ញាចក្រវាឡនេះរៀបចំបានយ៉ាងម៉ត់ចត់យ៉ាងក៏ដោយ ក៏គង់នៅមានចន្លោះប្រហោងដែរ។ តើបេក្ខភាពបវរកញ្ញាទាំងនេះជួបប្រទះបញ្ហាអ្វីខ្លះនៅអំឡុងពេលប្រកួត? សូមនាងកញ្ញា លោកលោកស្រី អញ្ចើញស្តាប់ការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅ៖

កាលពីពេលថ្មីៗនេះ បេក្ខភាព​បវរកញ្ញា​ឥណ្ឌូនេស៊ី​ជា​ច្រើន​នាក់​បានដាក់ពាក្យបណ្តឹង​ជុំវិញករណីដែលអ្នករៀបចំកម្មវិធីនៅក្នុងស្រុក បានបៀតបៀនផ្លូវភេទរបស់ពួកគេ។ បេក្ខនារីទាំងនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ ទី៧ ខែសីហានេះថា ការត្រួតពិនិត្យរូបរាងកាយធ្វើឡើងនៅក្នុងបន្ទប់សម្ងាត់មួយ ក៏ប៉ុន្តែក៏មានបុរសមួយចំនួនមានវត្តមាននៅក្នុងនោះផងដែរ។ ជាពិសេសទ្វារបន្ទប់ត្រួតពិនិត្យនេះ មិនបានបិទជិតនោះទេ ដែលជាហេតុធ្វើឱ្យបេក្ខនារីជាច្រើន មានអារម្មណ៍ថាមិនមានសុវត្ថិភាព និងត្រូវបានអ្នករៀបកម្មវិធីទាំងនេះបំពានសិទ្ធិពួកគេ។

ទន្ទឹមគ្នានេះ មេធាវីមួយរូបបាននិយាយថា បេក្ខនារីដែលដាក់ពាក្យចូលរួមប្រកួតតម្រូវឱ្យដោះសម្លៀកបំពាក់ចេញទាំងអស់ ដើម្បីឱ្យអ្នករៀបចំកម្មវិធីពិនិត្យរាងកាយ និងថតរូបទុកមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ មេធាវីបានបញ្ជាក់បន្ថែមថា អ្នករៀបចំកម្មវិធីបានចោទប្រកាន់ថាពួកគេមានស្លាកស្នាម និងរូបសាក់នៅលើដងខ្លួន។

បេក្ខនារី​ម្នាក់​បាន​និយាយ​ថា​ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ពួកគេកំពុងតែរំលោភបំពានលើសិទ្ធិផ្ទាល់ខ្លួន​​របស់ខ្ញុំជាខ្លាំង​»។ បេក្ខនារីរូបនេះបានត្អូញត្អែរទៀតថា កាលពីដើមសប្តាហ៍នេះ អ្នករៀបចំកម្មវិធីបានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តខ្ញុំយ៉ាងខ្លាំង ខណៈខ្ញុំមានបញ្ហាដំណេក។

យ៉ាងណាមិញ ប៉ូលីសក្នុងរដ្ឋធានីហ្សាកាតាបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ប៉ូលីសនឹងបើកសំណុំរឿងស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីនេះ រួមជាមួយម្ចាស់កម្មវិធីបវរកញ្ញាចក្រវាលឥណ្ឌូនេស៊ី។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Poppy Capella ម្ចាស់កម្មវិធី ដែលមានអាជ្ញាប័ណ្ណនៅប្រទេសឥណ្ឌូនេស៊ី។

50

តួយ៉ាង អតីតបវរកញ្ញាឥណ្ឌូនេស៊ី Maria Harfanti បាននិយាយថា នៅអំឡុងពេលពិនិត្យរាងកាយ ជាធម្មតាបេក្ខនារីមិនតម្រូវឱ្យដោះសម្លៀកបំពាក់ទាំងស្រុងនោះទេ។ អ្នកស្រីបានបន្ថែមថា អ្នករៀបចំកម្មវិធីក៏តែងតែស្នើសុំដឹងពីទំហំដងខ្លួន ទម្ងន់ និងកម្ពស់រូបរាងកាយរបស់បេក្ខជន ដើម្បីពិនិត្យមើលសមាមាត្ររាងកាយរបស់ពួកគេផងដែរ។

កម្មវិធីប្រឡងបវរកញ្ញាចក្រវាឡ (Miss Universe) នេះ ជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិមួយ ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយេនឌ័រ ជាពិសេសជាវេទិកាសម្រាប់ស្រ្តីក្លាហានហ៊ានចែករំលែករឿងរ៉ាវរបស់ខ្លួនទៅពិភពលោក បំផុសគំនិត និងជាគំរូដល់សហគមន៍ និងអ្នកគាំទ្ររបស់ពួកគេដែលនៅជុំវិញពិភពលោក។ កម្មវិធីនេះទៀតសោត បានលើកទឹកចិត្តឱ្យបេក្ខភាពស្រ្តីតំណាងឱ្យប្រទេសនៅលើសកលលោក បើកបង្ហាញនូវការតស៊ូមតិសម្រាប់អនាគតរបស់ស្ត្រីគ្រប់រូប។​

បច្ចុប្បន្ន កម្មវិធីបវរកញ្ញាចក្រវាឡនេះបានរៀបចំបានចំនួន៧៣លើកហើយ ហើយក៏កំពុងតែផ្ទុះការពេញនិយមនៅបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃជាដើម។ ជាការកត់សម្គាល់ ម្ចាស់កម្មវិធីនេះមានឈ្មោះថា Anne Jakrajutatip ជាស្ត្រីកែភេទជនជាតិថៃមួយរូប និងជាមហាសេដ្ឋីម្នាក់។ អ្នកស្រីមានបំណងចង់ឱ្យស្ត្រីមានគ្រួសារ ស្ត្រីកែភេទ និងស្រ្តីបែកបាក់គ្រួសារមានសិទ្ធិអាចចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះបានដូចស្រ្តីធម្មតា។ ដ្បិតអ្នកស្រីយល់ថា ក្នុងនាមជាស្រ្តីភេទ គួរតែមានសិទ្ធិស្មើៗគ្នា មិនគួរមានការរើសអើងពីមជ្ឈដ្ឋានណាមួយឡើយ៕

ប្រភព៖ BBC ចុះថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា​ ឆ្នាំ២០២៣

Share

Image
Image
Image