en     km
en     km

សមាគមខ្មែរកម្ពុជាក្រោមព្រមានធ្វើបាតុកម្មមុខស្ថានទូតវៀតណាមក្រោយវៀតណាមចាប់ខ្លួនពលរដ្ឋខ្មែរក្រោម

Share


ភ្នំពេញ៖ សមាគមខ្មែរកម្ពុជាក្រោមគ្រោងនឹងដាក់ញត្តិទៅបណ្ដាទូតលោកសេរីមួយចំនួន បន្ទាប់មកនឹងគ្រោងធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាមផងដែរ ដើម្បីទាមទារឱ្យមានការដោះលែងពលរដ្ឋកម្ពុជាដែលអាជ្ញាធរវៀតណាមបានចាប់ខ្លួនកាលពីពេលកន្លងទៅនេះ។
កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍

សមាគមខ្មែរកម្ពុជាក្រោម គ្រោងនឹងដាក់ញត្តិទៅកាន់ស្ថានទូតសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដើម្បីឱ្យជំរុញដល់រដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើម ក្នុងករណីដែលអាជ្ញាធរវៀតណាមកាលពីពេលថ្មីៗនេះ តាមចាប់ខ្លួនពលរដ្ឋខ្មែរ ១០នាក់ និង៤នាក់នៅជាប់ពន្ធនាគារនៅឡើយ ហើយស្ត្រីម្នាក់ត្រូវចាប់ឃុំខ្លួនបន្ថែម។ អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១១ ខែសីហានេះថា ក្រោយការដាក់ញត្តិនេះពួកគេនឹងរង់ចាំលទ្ធផលអន្តរាគមន៍ពីបណ្ដាប្រទេសលោកសេរីទាំងនោះ។ ក្នុងករណីមិនមានប្រតិកម្មដូចរំពឹងទុកពួកគេក៏គ្រោងនឹងធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាមប្រចាំកម្ពុជាតែម្ដង។

«ហើយក្រោយពីដាក់ញត្តិនេះយើងនៅរង់ចាំមើលថា លទ្ធផលអីណាខ្លះដែលត្រូវបានដោះស្រាយ ហើយបើនៅតែមិនមានយន្តការក្នុងការដោះស្រាយអ្វីដែលជាលទ្ធផលវិជ្ជមានទេ យើងនិងមានការធ្វើជាបាតុកម្មមួយនៅស្ថានទូតមុខស្ថានទូតវៀតណាម ដោយអហិង្សានៅពេលមុខ បើសិនណាញត្តិរបស់យើងដាក់ទៅមិនមានអ្វីជាដំណោះស្រាយជាលទ្ធផលវិជ្ជមានហ័ណា៎»។

គួររំលឹកថា អាជ្ញាធរវៀតណាម កាលពីថ្ងៃទី ៣១ កក្កដា បានចុះចាប់ខ្លួន និងកោះហៅសកម្មជនខ្មែរក្រោម ទៅសួរចម្លើយ ៩ រូបក្នុងពេលតែមួយ។ យុវជនដែលត្រូវចាប់ខ្លួនហើយមិនទាន់ដោះលែងវិញនៅឡើយទេ ក្នុងនោះរួមមាន លោក ថាច់ កឿង លោក តោ ហ្វាងចឿង នៅខេត្តព្រះត្រពាំង និងលោក យ័ញ ម៉ិញក្វាង ។ ចំណែកអ្នក ដែលរងការកោះហៅទៅសួរចម្លើយ មានជាអាទិ៍ លោក គៀង យ័ញនី នៅខេត្តព្រះត្រពាំង លោក ថាច់ មឿន នៅខេត្តឃ្លាំង និងអ្នកមួយចំនួនទៀត។ ទន្ទឹមនេះអាជ្ញាធរក្នងខេត្តនេះដដែល កំពុងតាមដានឃ្លាំមើលសកម្មភាពរបស់ លោក ឡឹម វង្ស និង លោកស្រី ឌិន ធីហ្វិន នៅខេត្តឃ្លាំង។


ក្រោយការដោះលែងសកម្មជនខ្មែរក្រោមមួយចំនួន អ្នកស្រី ឌិន ធីហ្វិន ដែលពលរដ្ឋខ្មែរម្នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៣ ខែសីហា។ ដូច្នេះពេលនេះអ្នកត្រូវជាប់ឃុំបណ្ដោះអាសន្នមានចំនួន៤នាក់។
ក្រោយពីចាប់ខ្លួន អាជ្ញាធរវៀតណាម បានសម្រេចបញ្ជូនសំណុំរឿងពួកគេទៅតុលាការដោយចោទពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បំពានលើផលប្រយោជន៍របស់រដ្ឋ និងសិទ្ធិសេរីភាពស្របច្បាប់ នៃអង្គការចាត់តាំង និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម។ ក្រោយសាកសួររួច សមត្ថកិច្ចវៀតណាម ក៏បញ្ជូនសកម្មជនខ្មែរក្រោមទាំងនោះ ទៅតុលាការ នៅព្រឹកថ្ងៃដដែល ។

មន្ត្រីសម្របសម្រួលលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក គឹម ស៊ីសំណា ចាត់ទុកការចាប់ខ្លួនខ្មែរកម្ពុជាក្រោមនេះថា គឺអាជ្ញាធរវៀតណាមចង់យកគំរូនៃការចាប់ខ្លួនជនជាតិដើមម៉ុងតាញ៉ា កន្លងទៅ ដើម្បីគំរាមកំហែងជនជាតិដើមដទៃទៀតជាពិសេសខ្មែរកម្ពុជាក្រោម កុំឱ្យមានការងើបបះបោទាមទារសិទ្ធិសេរីភាពក្នុងនាមជាម្ចាស់ដើមនៅលើទឹកដីនេះ។

«ក៏ប៉ុន្តែការធ្វើបែបនេះ គឺវាមិនសមរម្យទេ មិនមានប្រសិទ្ធិភាពទេ មិនត្រឹមត្រូវទៅតាមផ្លូវច្បាប់ទេ ដោយសារតែប្រវត្តិសាស្ត្រគឺខ្មែរនៅលើទឹកដីកម្ពុជាក្រោមគឺជាជនជាតិដើមពិតប្រាកដស្របច្បាប់ ហើយទី២ទៀត សិទ្ធិឬក៏ច្បាប់អន្តរជាតិ គាត់បានផ្ដល់លទ្ធភាពផ្ដល់ឱកាសនានា ជាពិសេសខ្មែរក្រោមក៏ជាជនជាតិមួយ ដែលត្រូវអាស្រ័យផលពីគោលការសិទ្ធិមនុស្សអន្តរជាតិហ្នឹងដែរ គោលការច្បាប់អន្តរជាតិហ្នឹងដែរ គឺត្រូវតែអាស្រ័យនូវការប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីពង្រឹងពង្រីក ហើយនឹងអាស្រ័យនូវសិទ្ធិសេរីភាពរបស់ខ្លួននៅលើទឹកដីកម្ពុជាក្រោមហ្នឹង»។

បើតាមលោក គឹម ស៊ីសំណា ការចាប់ខ្លួនពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះ គឺដោយសារតែពួកគេតែប្រើប្រាស់បណ្ដាសង្គមបញ្ចេញមតិជុំវិញនឹងសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ហើយពួកគេតែធ្វើសកកម្មភាពផ្សព្វផ្សាយពីសិទ្ធិមនុស្សជនជាតិដើម្បីដោយមានការផ្ដល់នូវសៀវភៅណែនាំជាដើម។ មួយវិញទៀតពួកគេបានចែកចាយសៀវភៅស្តីអំពីសិទ្ធិជនជាតិដើមភាគ និងអាវយឺតដែលភ្ជាប់និមិត្តសញ្ញាខ្មែរកម្ពុជាក្រោម នៅថ្ងៃទិវាសិទ្ធិនានា។

 

Share

Image
Image
Image