en     km
en     km

កុមារកម្ពុជានៅតែត្រូវការការយកចិត្តទុកដាក់លើករណីអាហារហូបចុក និងការអបរំ

Share

   ប្រភព៖ World Food Programme ចុះថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣
កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តដាក់លើកុមារនៅតាមសហគមន៍មួយចំនួន ដែលមានតម្រូវការជុំវិញរបបអាហារ និងការអប់រំតាមគ្រឹះស្ថានសិក្សានានា។
(កញ្ញា កែវ សុជាតា រាយការណ៍)

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធអប់រំកម្ពុជាហាក់មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែកុមារជាច្រើននៅតាមសហគមន៍នានា ពិសេសនៅតាមបណ្តាខេត្តនៅតែត្រូវការជំនួយ និងការជំរុញបន្ថែមទៀត។ នេះបើតាមការឱ្យដឹងពីគេហទំព័រស្បៀងអាហារពិភពលោក (World Food Programme)។\


ជាការកត់សម្គាល់ នៅតាមគ្រឹះស្ថានអប់រំមួយចំនួនមិនទាន់បំពាក់គ្រឿងបរិក្ខារអប់រំ និងផ្គត់ផ្គង់សម្ភារៈសិក្សាទៅកាន់គ្របង្រៀន ឬសិស្សានុសិស្សឱ្យបានគ្រប់គ្រាន់ទៅឡើយទេ។ រីឯការបង្រៀនរបស់លោកគ្រូអ្នកគ្រូទៀតសោត ក៏នៅមានកម្រិតនៅឡើយ។
ចំណែកកត្តាផ្សេងទៀត អាចបណ្តាលមកពីសិស្សានុសិស្សមករៀនមិនបានទៀងទាត់ ឬអវត្តមានច្រើនដងពេក ក៏ជំរុញឱ្យពួកគេបោះបង់ការសិក្សាផងដែរ។ មួយចំណែកទៀត គឺដោយសារកត្តាជីវភាពគ្រួសារ តម្រូវឱ្យសិស្សជាច្រើនត្រូវគេចម៉ោងរៀនទៅជួយធ្វើស្រែចំការ ឬធ្វើការងាររាយរង ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ។ ក្រៅពីនេះ នៅតាមសហគមន៍មួយចំនួននៅបន្តផ្នត់គំនិតថា ក្មេងស្រីមិនគួររៀនសូត្រច្រើនអ្វីនោះទេ ដ្បិតចុះក្រោយពួកគេគង់តែរៀបការបម្រើស្វាមីដដែល។


ស្រដៀងគ្នានឹងករណីខាងលើ អ្នកស្រី សេង បច្ចុប្បន្នជាគ្រូបង្រៀននៅក្នុងសាលានៃខេត្តកំពង់ធំ ហើយក៏ជាស្រ្តីមួយរូប ដែលធ្លាប់ឆ្លងកាត់ជីវភាពលំបាកលំបិន ក៏ប៉ុន្តែអ្នកស្រីនៅតែអាចសម្រេចក្តីស្រមៃរបស់ខ្លួន។ កាលពីកុមារភាព អ្នកស្រី សេង ជាសិស្សមួយរូប ដែលខិតខំស្រវាស្រទេញរៀនសូត្រ ក៏ប៉ុន្តែដោយសារកត្តាជីវភាព តម្រូវឱ្យអ្នកស្រីត្រូវឈប់រៀនពាក់កណ្តាលទី។
ពេលនោះ អ្នកស្រីបានទៅជួយក្រុមគ្រួសារលក់គុយទាវ ទឹកអំពៅ និងការ៉េមនៅបរិវេណខាងមុខសាលារៀន។ ដោយភាពងើយឆ្ងល់ និងសេចក្តីតាំងចិត្ត អ្នកស្រី សេង បានត្រឡប់មកសិក្សានៅក្នុងសាលារៀនសារជាថ្មី បន្ទាប់ពីជីវភាពគ្រួសារហាក់នឹងធឹង។


យ៉ាងណាមិញ ក្រៅពីមុខរបរជាគ្រូបង្រៀន អ្នកស្រី សេង ក៏ជាស្រ្តីមួយរូបដែលធ្វើការលើការលើកកម្ពស់កន្លែងស្នាក់អាស្រ័យ អាហារហូបចុកដោយឥតគិតថ្លៃ តែសម្បូរទៅដោយជីវជាតិនិងរសជាតិពេញលេញសម្រាប់សិស្សានុសិស្សនៅក្នុងសាលារៀន។
ទន្ទឹមគ្នានេះដែរ លោក ចាន់ ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមនៃកម្ពុជា បាននិយាយថាអាហារជាចំណែកមួយនៃការអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសកម្ពុជា ជាពិសេសកុមារមកពីគ្រួសារក្រីក្រ និងខ្វះអាហារូបត្ថម្ភសម្រាប់បរិភោគ។

លោកបានបញ្ជាក់បន្ថែមថា ការទទួលបានការអប់រំក៏ជាចំណែកមួយផ្សេងទៀត ដែលជួយពួកគេឱ្យគេចផុតពីភាពក្រីក្រ។
គួរបញ្ជាក់ថា ការអនុវត្តនេះធ្វើឡើងក្រោមជំនួយរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលធ្វើការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ផ្គត់ផ្គង់របបអាហាដែលមានជីវជាតិ និងជំនួយសង្គមសម្រាប់កុមារនៅសាលាមត្តេយ្យសិក្សា និងបឋមសិក្សារបស់ប្រទេសកម្ពុជា៕

Share

Image
Image
Image