en     km
en     km

ច្រាំងទន្លេមេគង្គខេត្តត្បូងឃ្មុំបាក់៧កន្លែង ដោយសារទឹកទន្លេហក់ឡើងខ្ពស់

Share

 

ដោយភ្ជាប់ជាមួយខ្លឹមសារទាមទារឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានប្រកាសឱ្យដឹងថា ទឹកទន្លេមេគង្គខេត្តត្បូឃ្មុំបន្តហក់ឡើងខ្ពស់ បណ្តាលឱ្យបាក់ច្រាំងចំនួន៧កន្លែង និងផ្លូវបេតុង ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ នេះបើតាមការចុះផ្សាយដោយមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។

ក្រោយទទួលព័ត៌មានភ្លាមៗអំពីការបាក់ច្រាំងទន្លេមេគង្គទាំង៧កន្លែងនេះ លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្បូងឃ្មុំ និងអាជ្ញាធរឃុំ ចុះពិនិត្យទីតាំងបាក់ច្រាងចំនួន៧កន្លែង និងផ្លូវបេតុង ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
លោក សុខ ឡេងម៉េង បញ្ជាក់ថា ទីតាំងបាក់ច្រាងទាំង៧កន្លែងនោះរួមមាន៖ ទីតាំងទី១ មានប្រវែង ៣០ម៉ែត្រ មានជម្រៅចូលមកក្នុង៥ម៉ែត្រ(បាក់ផ្នែកខាងលើ), ទីតាំងទី២ មានប្រវែង ២០ម៉ែត្រ មានជម្រៅចូលក្នុង ៣ម៉ែត្រ, ទីតាំងទី៣ មានប្រវែងប្រហែល ៤០ម៉ែត្រ មានជម្រៅប្រហែល៣ទៅ៤ម៉ែត្រ(បាក់ផ្នែកខាងលើ) និងទីតាំងទី៤,៥,៦ បានរៀបចំបាវខ្សាច់ទប់ច្រាំងកាលពីឆ្នាំ២០២២កន្លងទៅ ខណៈឆ្នាំនេះបានបាក់បន្តផ្នែកខាងលើ មានប្រវែងប្រហែង៤៥០ម៉ែត្រ មានជម្រៅ៥ម៉ែត្រ ដែលរងការផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៦គ្រួសារ ស្មើនឹង៦ខ្នងផ្ទះ អាចរុះរើចេញប្រសិនបើច្រាំងនៅតែបាក់បន្ត។ ចំណែកទីតាំងទី៧ នៅផ្លូវបេតុងចុងភូមិ បាក់ច្រាំងចូលដល់គ្រឹះផ្នែកខាងក្រោមមានប្រវែងបណ្តោយផ្លូវ៨០ម៉ែត្រ។

លោកប្រធានមន្ទីរធនធានទឹកខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គនៅខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ទឹកមានកម្ពស់១១,៤២ម៉ែត្រ ធៀបព្រឹកថ្ងៃទី០៨ ខែសីហាទឹកស្រក០.៣០ម៉ែត្រ ធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះខ្ពស់ជាង២.២២ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសឱ្យមានការប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ។
សូមបញ្ជាក់ថាទីតាំងរងគ្រោះដោយទឹកជំនន់មិនមែនមានតែខេត្តត្បូងឃ្មុំនោះទេ ក៏ប៉ុន្តែចាប់តាំងពីអំឡុងខែកក្កដា មកដល់ដើមខែសីហានេះភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ដែលបង្កឱ្យមានជំនន់ទឹកភ្លៀងនៅតាមបណ្តាភូមិសាស្រ្តក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា បណ្តាលឱ្យខូចខាត និងប៉ពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំផ្សេងៗផងដែរ៕

Share

Image
Image
Image