ក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ចបញ្ជាក់ថា ក្រសួងទាំងពីរមានគោលនយោបាយជួយដល់ស្ដ្រីមានពិការភាពដែលរងគ្រោះអំពើហិង្សា ក្រោយការស្រាវជ្រាវអំពីយែនឌ័រនៅកម្ពុជាបញ្ជាក់ថា ស្រ្តីពិការភាពងាយនឹងរងគ្រោះអំពើហិង្សាជាងអ្នកមានកាយសម្បទាគ្រប់គ្រាន់។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
លោកស្រី ញ៉ែម មរតក រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងពីការសិក្សាស្រាវជ្រាវមួយអំពីយែនឌ័រនៅកម្ពុជាបានឱ្យដឹងថា ស្រ្តីមានពិការភាពងាយនឹងទទួលរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ច្រើនជាងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់។
ការថ្លែងរបស់មន្ដ្រីក្រសួងកិច្ចការនារីរូបនេះ ខណៈជួបជាមួយស្ដ្រីមានពិការភាព នៃសមាគមសំនៀងជនពិការកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ លោកស្រីបានបន្ថែមថា ប្រទេសកម្ពុជាមានអត្រាជនពិការខ្ពស់នៅក្នុងចំណោមប្រទេសដែលកំពុងអភិវឌ្ឍន៍ ដោយសារប្រទេសយើងបានឆ្លងកាត់នូវសង្គ្រាមនិងរបបប្រល័យពូជសាសន៍ បន្សល់ទុកនូវផលវិបាក និងបញ្ហាប្រឈមជាច្រើន ដូចជាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់យុទ្ធភណ្ឌ អាវុធជាតិផ្ទុះ កំណើនគ្រោះថ្នាក់ចរាចរណ៍ ឧប្បតិ្តហេតុ និងគ្រោះថ្នាក់ក្នុងការងារផ្សេងៗ។
លោកស្រីអះអាងថា ដើម្បីទប់ស្កាត់អំពើហិង្សាដល់ស្ដ្រីមានពិការភាព ក្រសួងកិច្ចការនារី បានចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងចូលរួមលុបបំបាត់ការរើសអើងចំពោះជនមានពិការភាព ជាពិសេសស្ត្រីមានពិការភាពតែម្ដង។
ឆ្លើយតបក្នុងរឿងនេះដែរ លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ដ្រីសំនៀងជនពិការបានឱ្យដឹងថា ក្រសួងសង្គមកិច្ច មានគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់ជនមានពិការភាពតាមកម្រិតនីមួយៗ។ កម្រិត ១ នៃជនមានពិការភាព ទទួលបានទឹកប្រាក់ចំនួន ២៤ម៉ឺនរៀលក្នុងមួយខែ។ កម្រិត ២ ចំនួន ១២ម៉ឺនរៀលក្នុងមួយខែ និងកម្រិត ៣ ចំនួន ៦ម៉ឺនរៀល ហើយនៅពេលខាងមុខនេះក្រសួងសង្គមកិច្ច នឹងចែកប័ណ្ណអត្តសញ្ញាណកម្មដល់ជនមានពិការភាពដែលជាសមាជិក សមាជិកានៃសមាគមតន្ត្រីសំនៀងជនពិការផងដែរ។
លោកបញ្ជាក់ថា ស្រី្តមានពិការភាព ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣មក រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់បន្ថែមដល់ស្រ្តីដែលមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះ និងសម្រាលកូនទទួលបានសាច់ប្រាក់ឧបត្ថម្ភចំនួន ១៥ លើក សរុបចំនួនទឹកប្រាក់ ១លាន ៤៦ម៉ឺនរៀល។
គួរជម្រាបថា សមាគមតន្រ្តីសំនៀងជនពិការ មានគណៈកម្មការស្រ្ដីមានពិការភាព ដែលបង្កើតឡើងតាំងពី ខែឧសភា ឆ្នាំ២០២១ និងបានជួយដល់ស្ដ្រីមានពិការភាពឱ្យធ្វើកិច្ចការលើវិស័យចំនួន ៥ គឺ វិស័យអប់រំ វិស័យសុខាភិបាល ការងារ សេដ្ឋកិច្ច និងវិស័យច្បាប់៕