en     km
en     km

តាមការស្រាវជ្រាវរកឃើញថាស្ត្រីមានបញ្ហាដំណេកច្រើនជាងបុរស

Share

បញ្ហាដំណេក ឬការគេងមិនលក់គឺជាបញ្ហាទូទៅមួយ ជាពិសេសនៅពេលមានវ័យកាន់តែចាស់។ ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីមានបញ្ហាគេងមិនលក់ច្រើនជាងបុរសទៅទៀត។ នេះយោងតាម ការស្ទង់មតិដោយ National Sleep Foundation ក្នុងសហរដ្ធអាមេរិក។

អ្នកជំនាញនិយាយថា បញ្ហាបែបនេះអាចលេចឡើងក្នុងអំឡុងពេលពេញវ័យ ដែលបណ្តាលមកពីកត្តាជាច្រើនរួមមាន កត្តាជីវសាស្ត្រ ចិត្តសាស្ត្រ និងកត្តាសង្គម។

រូបភាពនេះមានប្រភពពីគេហទំព័រសារព័ត៌មាន CNA

តើមានអ្វីនៅពីក្រោយបញ្ហានៃការគេងរបស់ស្ត្រី?

យោងតាមគេហទំព័រសារព័ត៌មាន CNA បានលើកឡើងនូវបញ្ហាមួយចំនួន ដែលជាមូលហេតុដែលបណ្តាលឱ្យស្រ្តីមានបញ្ហាការគេងនេះ ដោយបញ្ហាទាំងនោះមានដូចជា៖

ការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលស្រ្តីមានវដ្តរដូវ អាចបណ្តាលឱ្យមានការផ្លាស់ប្តូរអារម្មណ៍ដូចជាការថប់បារម្ភ និងការធ្លាក់ទឹកចិត្តជាដើម និងរួមទាំងរោគសញ្ញារាងកាយមួយចំនួនទៀតដូចជា រមួលក្រពើ ហើមពោះ និងឈឺសុដន់ ដែលបញ្ហាទាំងអស់នេះសុទ្ធតែអាចរំខានដល់ដំណេករបស់ស្រ្តី។

បន្ថែមពីនេះ រោគសញ្ញាមួយចំនួនដែលមានអំឡុងពេលដែលស្រ្តីមានផ្ទៃពោះ ដូចជាការក្អួតចង្អោរ ការនោមញឹក ថប់បារម្ភ និងបញ្ហាមិនស្រួលណាមួយជាពិសេសក្នុងអំឡុងពេលត្រីមាសទី ១ និងទី ៣ គឺបង្កឱ្យមានការរំខានដល់ដំណេករបស់ស្រ្តីផងដែរ។

បន្ទាប់មក បញ្ហារំខានដល់ដំណេកផ្សេងទៀត គឺពេលដែលស្រ្តីថែទាំទារកទើបនឹងកើត។ ខួរក្បាលរបស់ស្រ្តីគឺតែងតែផ្ទៀងស្តាប់ទារក ដែលអាចធ្វើឱ្យពិបាកក្នុងការគេង។

មួយវិញទៀតគឺកត្តាអរម៉ូនដដែល  ដែលនឹងចាប់ផ្តើមនៅពេលដែលស្រ្តីឈានទៅកាន់វ័យអស់រដូវ (perimenopause) ។ វេជ្ជបណ្ដិតបានបញ្ជាក់ថា មានស្រ្តីរហូតដល់ ៨០ ភាគរយមានអាការៈក្តៅក្រហលក្រហាយ អំឡុងពេលដែលស្រ្តីឈានទៅដល់វ័យអស់រដូវនេះ ហើយមានស្រ្តីប្រហែល ២០ ភាគរយមានអាការៈក្តៅក្រហលក្រហាយខ្លាំង ដែលអាចរំខានដំណេករបស់ពួគគេ។

ចំណែកឯពេលដែលស្រ្តីអស់រដូវ(Postmenopausal) គឺមានហានិភ័យខ្ពស់ក្នុងការវិវត្តជំងឺគេងមិនដកដង្ហើម ដែលកើតនៅនៅពេលដែលសាច់ដុំផ្លូវដង្ហើមសម្រាក និងរារាំងការដកដង្ហើម ដែលអាចនាំឱ្យមានការភ្ញាក់នៅពេលយប់ជាញឹកញាប់។ ហើយការឡើងទម្ងន់ និងភាពចាស់ក៏មានហានិភ័យនៃការគេងមិនដកដង្ហើមផងដែរ។

ជាពិសេសទៀតនោះ ស្ត្រីមានហានិភ័យខ្ពស់នៃបញ្ហាផ្លូវចិត្តមួយចំនួនផងដែរ ដូចជាការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ដែលអាចធ្វើឱ្យបញ្ហាការគេងកាន់តែធ្ងន់ធ្ងរ។ យោងតាមនាយកដ្ឋានសុខភាព និងសេវាពលរដ្ធ បានបង្ហាញថា ភាគរយស្រ្តីដែលកំពុងព្យាបាលជំងឺធ្លាក់ទឹកចិត្តបច្ចុប្បន្ននេះ គឺខ្ពស់ជាងបុរសពីរឯណ្ណោះ។  បន្ថែមពីនេះ ចំពោះការធ្វើរោគវិនិច្ឆ័យថាមានជំងឺថប់បារម្ភ ស្រ្តីក៏មានភាគរយច្រើនជាងបុរសផងដែរ។

រូបភាពនេះមានប្រភពពីគេហទំព័របរទេស

តើធ្វើដូចម្តេចដើម្បីទទួលបានការគេងឱ្យកាន់តែប្រសើរ?

តាមការលើកឡើងពីគេហទំព័រសារព័ត៌មាន CNA ដដែលបានបង្ហាញថា ដំណោះស្រាយដែលមានប្រសិទ្ធភាព គឺស្រ្តីត្រូវយល់ដឹងពីការព្យាបាលនិងដោះស្រាយនូវអាកប្បកិរិយាណាមួយ ដែលបង្កជាបញ្ហាគេងមិនលក់នេះ។

មួយវិញទៀត ស្រ្តីត្រូវកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ដោយកំណត់អត្តសញ្ញាណនិងលុបបំបាត់នូវគំនិតអវិជ្ជមាន អនុវត្តការគិតបែបវិជ្ជមាន តាមដានការគេង និងការផ្លាស់ប្តូរម៉ោងចូលគេងជាដើម។

បន្ថែមលើសពីនេះ វេជ្ជបណ្ឌិតក៏បានណែនាំនូវការព្យាបាលដោយអរម៉ូនផងដែរ ដោយពាក់ព័ន្ធនឹងការបន្ថែមអរម៉ូនដែលបាត់បង់ក្នុងអំឡុងពេលអស់រដូវ ដែលជាវិធីមួយក្នុងការព្យាបាលអាការៈក្តៅក្រហាយដើម្បីឱ្យស្រ្តីមានដំណេកកាន់ល្អប្រសើរ។

ការដឹងពីការប្រែប្រួលនៃការគេងពីយប់មួយទៅយប់មានសារៈសំខាន់ណាស់។ ប្រសិនអ្នកភ្ញាក់ម្តង ឬពីរដងនៅពេលយប់ ហើយអាចដេកលក់ម្តងទៀតក្នុងរយៈពេល ១០ ទៅ ១៥ នាទី នោះមិនមែនជាបញ្ហានោះទេ។ ប៉ុន្តែបើអ្នកមានបញ្ហាងងុយគេងតែគេងមិនលក់ ឬភ្ញាក់ពីដំណេកលឿនពេក ឬមានការនឿយហត់បន្ទាប់ពីភ្ងាក់ពីគេង អ្នកត្រូវស្វែងរកជំនួយ ឬ ពិភាក្សាជាមួយវេជ្ជបណ្ឌិត៕

Share

Image
Image
Image