en     km
en     km

កីឡាការិនីបារាំងម្នាក់ក្លាយជាម្តាយគំរូដោយបំបៅដោះកូនក្នុងទីលានហ្វឹកហាត់និងប្រកួត

Share

ប្រភព៖ AP ចុះថ្ងៃច័ន្ទ ទី៨ ខែសីហា ឆ្នាំ២០២៣

កីឡាការិនីយូដូសញ្ជាតិបារាំងម្នាក់បានទាក់ចិត្តអ្នកគាំទ្រ ក៏ដូចជាគ្រូបង្វឹក និងអត្តពលិកដទៃទៀត ក្រោយអ្នកស្រីបានបំពេញតួនាទីជាអត្តពលិកប្រកួតដណ្តើមមេដៃជូនមាតុប្រទេសផង និងជាម្តាយដ៏គំរូម្នាក់ដែលហ៊ានបំបៅកូនដោយទឹកដោះ នៅខណៈពេលត្រូវប្រើកម្លាំងកាយយ៉ាងខ្លាំង។

(កញ្ញា កែវ សុជាតា រាយការណ៍)

តាមសារព័ត៌មាន AP បានឱ្យដឹងថា កីឡាការិនី Clarisse Agbégnénou ជាអត្តពលិកសញ្ជាតិបារាំងមួយរូបផ្នែកកីឡាយូដូ ដែលមកទល់នឹងពេលនេះ កីឡាការិនី Agbégnénou ទទួលបានមេដៃមាសជើងឯកយូដូពិភពលោកចំនួន ៦ គ្រឿងរួចមកហើយ។ ក្រៅពីអាជីពជាអត្តពលិកខាងផ្នែកយូដូ កីឡាការិនីរូបនេះក៏មានបន្ទុកមើលថែទារិកាវ័យ ១០ ខែម្នាក់ ដែលមានឈ្មោះថា Athéna។

តួយ៉ាង កីឡាការិនី Agbégnénou បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Associated Press ថា ក្រោយសម្រាលកូនស្រីរួច អ្នកស្រីបានចូលប្រឡូកវិស័យកីឡាសារជាថ្មី ដ្បិតអ្នកស្រីចង់ដណ្តើមពានរង្វាន់យូដូពិភពលោក ដែលប្រព្រឹត្តទៅនៅក្នុងខែឧសភា ឆ្នាំ២០២៣។ ដោយសារការខិតខំប្រឹងប្រែង និងការតស៊ូរបស់កីឡាការិនីសម្បុរស្រអែមរូបនេះ នាងបានក្លាយជាម្ចាស់ជ័យលាភី World Judo Championships ២០២៣។

យ៉ាងណាមិញ គ្រូបង្វឹក និងអត្តពលិកដទៃទៀត បានកោតសរសើរនូវឧត្តមភាពជាកីឡាករផង និងជាម្តាយផងរបស់កីឡាការិនី Agbégnénou​។ អ្នកស្រីត្រូវយកកូនស្រីមកជាមួយ ទាំងនៅកន្លែងហ្វឹកហាត់កាយសម្បទា និងទីលានប្រកួតប្រជែងផងដែរ។ លើសពីនេះ អ្នកស្រីក៏ត្រូវបំបៅកូនដោយទឹកដោះ ដ្បិតអ្នកស្រីយល់ថានេះជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប។

ជាការកត់សម្គាល់ អ្នកស្រីបាននិយាយថា ទាំងគ្រូបង្វឹក អ្នកគ្រប់គ្រងសហព័ន្ធកីឡា និងមិត្តរួមអាជីពសុទ្ធតែគាំទ្រ និងលើកទឹកចិត្តអ្នកស្រីឱ្យបន្តហ្វឹកហាត់ខ្លួនកាយ និងបំបៅដោះកូន។ ទន្ទឹមគ្នានេះ សហព័ន្ធយូដូអន្តរជាតិ ក៏បានអនុញ្ញាតឱ្យកីឡាការិនីរូបនេះយកកូនស្រីចូលទៅក្នុងសាលប្រកួតប្រជែងដូចគ្នា។

សូមជម្រាបថា ការបំបៅកូនដោយទឹកដោះម្តាយ គួបផ្សំនឹងការលេងកីឡា គឺជាករណីមួយ ដែលស្រ្តីជាម្តាយភាគច្រើនមិនអាចធ្វើទៅបាន ជាពិសេសសម្រាប់អត្តពលិកដែលត្រូវការប្រើប្រាស់កាយសម្បទា។ ក៏ប៉ុន្តែ ករណីនេះបានក្លាយជារឿងអស្ចារ្យមួយ ដែលស្រ្តីនាសតវត្សទី២១បានបោះជំហានទៅរកភាពដែលអាចធ្វើទៅបាន៕

Share

Image
Image
Image