en     km
en     km

ឧទ្យានជាតិព្រះមុនីវង្សបូកគោត្រូវបានពង្រីកទំហំផ្ទៃដី ដើម្បីការពារជីវចម្រុះ និងអេកូឡូស៊ី

Share

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចេញកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣  បានសម្រេចកែប្រែទំហំផ្ទៃដីឧទ្យាជាតិព្រះមុនីវង្សបូកគោ ដោយពង្រីកបន្ថែមចំនួន១៦៥៨ហិចតា។  អនុក្រឹត្យចេញឆ្នាំ២០១០ ស្ដីពីការកំណត់តំបន់ឧទ្យាជាតិព្រះមុនីវង្សបូកគោ មានផ្ទៃដីតែ ១៥ម៉ឺន ៤ពាន់ ៤៥៨ហិចតាប៉ុណ្ណោះ ឥលូវនេះ ដីឧទ្យានជាតិមួយនេះ មានទំហំ ១៥ម៉ឺន ៦ពាន់ ១១៦ហិចតាហើយ។

ផ្អែកតាមអនុក្រឹត្យចេញដោយនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា ការពង្រីកផ្ទៃដីឧទ្យានជាតិនេះ ដើម្បីការពារសោភណ្ឌធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះសម្រាប់វិទ្យាសាស្ដ្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ដ។ ក្រៅពីនេះ ក៏ដើម្បីលើកកម្ពស់តួនាទី សក្ដានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី រក្សាលំនឹង និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្ដរាយធម្មជាតិផងដែរ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលអះអាងថា ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានដែលមានក្នុងតំបន់។

ការពង្រីកទំហំផ្ទៃដីឧទ្យានជាតិនេះ ក៏ត្រូវបានសកម្មជនបរិស្ថាននៃក្រុមមាតាធម្មជាតិ លោក សាន់ ម៉ាឡា សារទរនៅក្នុងប្រព័ន្ធតេឡាក្រាមរបស់លោក។

សូមជម្រាបថា ឧទ្យាជាតិព្រះមុនីវង្សបូកគោមានទីតាំងស្ថិតនៅក្នុងភូមិសាស្ដ្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ការពង្រីកទំហំផ្ទៃដីបន្ថែមនៃឧទ្យានជាតិនេះបានពីការបញ្ជូលផ្ទៃដីខ្លះនៃឧទ្យាជាតិព្រះមុនីវង្សបូកគោ និងផ្ទៃដីខ្លះនៃឧទ្យាជាតិព្រះសុរាម្រិត-កុសមៈគិរីរម្យ ហើយនិងផ្នែកខ្លះនៃរបៀបជីវៈចម្រុះជួរភ្នំក្រវាញ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង