en     km
en     km

ក្រសួងទេសចរណ៍តម្រូវឱ្យអ្នកធ្វើយូធូបបរទេសម្នាក់សុំទោសប្រជាជនខ្មែរ ក្រោយមើលងាយម្ហូបខ្មែរ

Share

ក្រោយមានប្រតិកម្មពីអ្នកលេងបណ្ដាញសង្គម និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមមួយចំនួនលើការលើកឡើងរបស់អ្នកបង្កើតមាតិកាយូធូបម្នាក់ ដែលបានវាយតម្លៃមិនល្អអំពីម្ហូបខ្មែរ ក្រសួងទេសចរណ៍កម្ពុជា បានតម្រូវឱ្យបុគ្គលរូបនោះសុំទោសប្រជាជនខ្មែរ និងកែសម្រួលវីដេអូរបស់ខ្លួនជាបន្ទាន់។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣  បានចេញសេចក្តីថ្លែងការប្រតិកម្មចំពោះបុគ្គលម្នាក់ឈ្មោះថា Nigel Ng ឬUncle Roger ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ និងតម្រូវឱ្យសុំទោសប្រជាជនកម្ពុជា។

សេចក្តីថ្លែងការរបស់ក្រសួងទេសចរណ៍បញ្ជាក់ថា ក្រសួងមានការសោកស្តាយជាខ្លាំង ក្រោយពីបានឃើញវីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរនៅលើបណ្តាញសង្គម Channel YouTube ឈ្មោះថា Nigel Ng ដែលបានផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា «Uncle Roger Make Adobo។

ក្រសួងចាត់ទុកការវាយតម្លៃ របស់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គមយូធូបរូបនេះ បានប្រាសចាកពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទេសចរណ៍ម្ហូបអាហារដែលរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ បានជំរុញការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ឱ្យពិភពលោកទាំងមូលបានស្គាល់យ៉ាងទូលំទូលាយថា កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប។

គួរជម្រាបថា លោក Nigel​ Ng បាននិយាយនៅក្នុងវីដេអូរបស់លោកថា ម្ហូបអាហារខ្មែរ និងឡាវ មិនមានអ្វីឆ្ងាញ់នោះទេ និងចាត់ទុកម្ហូបអាហាររបស់ប្រទេសទាំងពីរប្រៀបដូចជាកាកសំណល់អាហាររបស់ប្រទសថៃផងដែរ។ ប្រជាជនឡាវ មានការប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងនេះ ។ ចំណែកប្រជាជនកម្ពុជា  ដែលជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមមួយចំនួនបានចេញមុខប្រតិកម្មខ្លាំងៗដូចគ្នា។

ក្រសួងទេសចរណ៍ថា កំពុងសហការជាមួយភាគីពាក់ព័ន្ធ និងស្នើឱ្យបុគ្គល Nigel Ng ឬ Uncle Roger ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវវីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់ នៅលើបណ្ដាញសង្គមរបស់ខ្លួន។

គួររម្លឹកថា កាលពីឆ្នាំ២០២២ កម្ពុជាមានសៀវភៅមុខម្ហូបមួយក្បាលបានឈ្នះពានរង្វាន់ The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។ សៀវភៅម្ហូបអាហារខ្មែរនោះមានចំណងជើងថា The Taste of Angkor ដែលចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីផ្សព្វផ្សាយពីម្ហូបអាហារខ្មែរលើឆាកអន្ដរជាតិ។

អ្នកនាងរស់ រតនៈ ឬchef Nak ដែលជាស្ដ្រីចុងភៅខ្មែរ និងតែងបង្កើតវីដេអូម្ហូបអាហារខ្មែរនៅតាមតំបន់ ធ្លាប់ប្រាប់វិទ្យុស្ដ្រីថា អ្នកនាងឈឺចិត្តយ៉ាងខ្លាំងដែលនៅលើពិភពលោកមិនស្គាល់ម្ហូបខ្មែរ និងមិនឱ្យតម្លៃដល់ម្ហូបខ្មែរ។ ហេតុនេះអ្នកនាងក៏សម្រេចចិត្តធ្វើជាចុងភៅ ដែលលើកស្ទួយម្ហូបខ្មែរ និងលើកឱ្យពិភពលោកបានស្គាល់ពីអាហារដែលកប់ជ្រៅក្នុងសង្គមខ្មែរ។

យ៉ាងណាក្រសួងទេសចរណ៍បញ្ជាក់ថា គាំទ្រ និងស្វាគមន៍ចំពោះអ្នកលេងបណ្តាញសង្គម ឬ អ្នកមានឥទ្ឋិពលក្នុងបណ្ដាញសង្គម ដែលមានបំណងចូលរួមផ្សព្វផ្សាយអំពីអច្ឆរិយភាពនៃវប្បធម៌ ធម្មជាតិ និងភាពសម្បូរបែបនៃម្ហូបអាហារកម្ពុជា ដល់ទេសចរជាតិ-អន្តរជាតិជុំវិញពិភពលោក៕

 

Share

Image
Image
Image