en     km
en     km

ក្របី២០ក្បាលផ្អើលរត់ជាន់គ្នាលង់ទឹកស្លាប់នៅស្រុកកងមាសខេត្តកំពង់ចាម

Share

កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ នាស្រុកកងមាស ខេត្តកំពង់ចាម មានក្របី៣៤៨ក្បាល បានរត់ប្រសេចប្រសាចចុះទឹកជាន់គ្នាបណ្ដាលឱ្យលង់ទឹកស្លាប់ចំនួន២០ក្បាល។  តាមព័ត៌មានពីប្រជាពលរដ្ឋជាម្ចាស់ក្របី និងអ្នកស្រង់ក្របីចេញពីទឹកបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រលែងក្របីចូលគ្នាជាហ្វូងប្រហែលចំនួន ៣៤៨ក្បាល ឱ្យស៊ីស្មៅនៅចុងព្រែក ក្នុងស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងលឿន ធ្វើឲ្យទឹកហូរចូលព្រែក និងវាលស្រែនៅទីនោះ ជាហេតុធ្វើឲ្យម្ចាស់ក្របីនាំគ្នាទៅកៀងក្របីមកផ្ទះវិញដោយឆ្លងទឹកព្រែកអន្ទង់អាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត  ឃុំផ្តៅ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់ជាមួយស្រុកកងមាស។

ផ្អែកតាមរដ្ឋបាលស្រុងជើងព្រៃ ខេត្តកំពង់ចាមនៅថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២៣ នេះបានឱ្យដឹងពីមូលហេតុនៃការស្លាប់ក្របី ដោយសារ ក្របីផ្អើលចុះទឹកប្រសេចប្រសាច និងគ្មានការមើលខុសត្រូវរបស់ម្ចាស់ក្របី ធ្វើឲ្យក្របីរត់ចុះទឹកជាន់គ្នាជាបន្តបន្ទាប់ និងក្របីជាប់ជើងនឹងវល្លិ៍ ហើយឈ្លក់ទឹកស្លាប់។

ប្រភពដដែលបញ្ជាក់ថា មកដល់ថ្ងៃនេះ មានក្របីស្លាប់ចំនួន២០ក្បាលហើយ ក្នុងនោះ៤ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ក្បាលទៀតជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត និង១ក្បាលជារបស់ប្រជាពលរដ្ឋនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រដ្ឋបាលស្រុកបញ្ជាក់ថា ទឹកទន្លេមិនមែនជាមូលហេតុនៃការពុលក្របីស្លាប់នោះទេ ព្រោះសត្វពាហនៈផ្សេងទៀត មិនរងផលប៉ះពាល់ឡើយ និងតាមបញ្ជាក់ពីមន្ត្រីជំនាញពេទ្យសត្វបញ្ជាក់ក្របីទាំងនោះក៏គ្មានជំងឺអ្វីកើតឡើងដែរ៕

Share

Image
Image
Image