en     km
en     km

សិស្សតំបន់ជនបទដាច់ស្រយោល៥នាក់ទទួលបានអាហារូបករណ៍ពីអង្គការសង្គមស៊ីវិល

Share

ភ្នំពេញ៖ ជាក្តីសង្ឃឹមនៃគ្រួសារនិងសហគមន៍ អាណាព្យាបាលរបស់សិស្ស ៥ នាក់ដែលទើបទទួលបាន​អាហារូបករណ៍បាននិយាយថា ពួកគេមានសេចក្តីត្រេកអរដែលកូនៗមានភ័ព្វសំណាងបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដែលពេលអនាគតពួកគេអាចមានការងារល្អ និងអាចមកជួយអភិវឌ្ឍន៍ក្នុងសហគមន៍វិញ។

ជាម្តាយមួយរូបរបស់កូនម្នាក់ដែលបានទទួលអាហារូបករណ៍ពីគម្រោងរេដបូកនៃតំបន់ជួរភ្នំក្រវាញខាងត្បូង អ្នកស្រី ស៊ីង សុវណ្ណតេវ ប្រជាពលរដ្ឋរស់នៅឃុំជីផាតបានឱ្យដឹងថា អ្នកស្រីពិតជារីករាយក្នុងនាមជាម្តាយដែលកូនខ្លួនបានបន្តសិក្សានៅថ្នាក់សាកលវិទ្យាល័យដោយមិនចាំបាច់បង់ប្រាក់ ហើយបើគ្មានអាហារូបករណ៍តាមរយៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃទេ អ្នកស្រីពិតជាមិនមានលទ្ធភាពឱ្យកូនទៅរៀនថ្នាក់សាកលវិទ្យាល័យឡើយ ព្រោះថាការចំណាយទាំងស្រុងគឺជាបន្ទុករបស់អង្គការ។ ស្រ្តីជាអ្នករស់នៅឃុំជីផាតរូបនេះបានបញ្ជាក់ថា ទាំងការស្នាក់នៅ ការថ្លៃបង់សាលា សម្លៀកបំពាក់ ចំណីអាហារ ប្រេងឥន្ធនៈ និងការព្យាបាលជំងឺគឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃជាអ្នករ៉ាប់រងទាំងស្រុង។

សកម្មភាពសិក្សារបស់សិស្សនៅតំបន់ជួរភ្នំក្រវាញខាងត្បូង។រូបភាពពីសំណេរ។

រីឯលោកលោក ទុយ ហុង ដែលជាគ្រូបង្រៀនមួយរូបបានបញ្ជាក់ប្រាប់ដូចគ្នានេះថា ដោយសារជីវភាពខ្សត់ខ្សោយពលរដ្ឋភាគច្រើនពុំមានលទ្ធភាពអាចបញ្ជូនកូនៗទៅបន្តការសិក្សានៅរាជធានីភ្នំពេញទេ។លោកថា តាមរយៈអាហារូបករណ៍នេះធ្វើឱ្យកូនៗអ្នកក្រីក្រអាចបន្តរៀនសូត្រថ្នាក់សាកលវិទ្យាល័យ ដែលនេះគឺជារឿងស្មានមិនដល់មួយ នៅឃុំជីផាត ដែលកាលពីមុនមកពុំមាននរណាម្នាក់អាចបញ្ជូនកូនទៅរៀនថ្នាក់ខ្ពស់ៗសោះឡើយ។

លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍ជីផាត បានបង្កើតឡើងនៅឆ្នាំ ២០០៧ សហការជាមួយអាជ្ញាធរមូលដ្ឋាន មានការគាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ជាពិសេសមានការគាំទ្រជំនួយ និងបច្ចេកទេសទាំងស្រុង ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ សហគមន៍អេកូទេសចរណ៍ជីផាត ទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅឆ្នាំ ២០០៩។

លោកបន្ថែមថា សហគមន៍អេកូទេសចរណ៍ជីផាត បង្កើតឡើងគឺដើម្បីផ្ដល់លទ្ធ ភាពដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន មកធ្វើការជាសមាជិកសហគមន៍ ដើម្បីទាញយកផលប្រយោជន៍ ពីភាពទាក់ទាញនៅក្នុងតំបន់ទេសចរណ៍ក្នុងសហគមន៍។ ជាពិសេសយើងផ្ដល់អតិភាព អ្នកដែលជាមុខរបរ អ្នកប្រមូលអនុផលព្រៃឈើ ដាក់អន្ទាក់ ចាប់សត្វ នឹងផ្ដល់ឱកាសឱ្យពួកគាត់ធ្វើជាមគ្គទេស ធ្វើការជាមួយសហគមន៍ ដើម្បីផ្លាស់ប្ដូរឲ្យពួកគាត់ពីរនាក់បំផ្លាញ មកអ្នកការពារធនធានធម្មជាតិនៅក្នុងសហគមវិញ។

លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត។រូបភាពពីសំណេរ។

លោក អន សុវណ្ណ ឲ្យដឹងទៀតថា គម្រោងរេជបូកបានចូលរួមអភិវឌ្ឍន៍ជីវភាពរបស់ប្រជាសហគមន៍ ផ្ដល់នូវចំណេះដឹងដល់និស្សិតក្រីក្រ ដែលពុំមានលទ្ធភាពបន្តការ សិក្សានៅថ្នាក់សាកលវិទ្យាល័យ។ ហើយនិស្សិតដែលជាប់អាហារូបករណ៍ ទៅពីសហគមន៍របស់លោក ដោយបានគាំទ្រពីគម្រោងទាំងស្រុង ទាំងថ្លៃសាលា ទាំងការស្នាក់នៅ និងទាំងការហូបចុក ពិសេសទៀតនោះ គម្រោងរេជបូកក្រោមជំនួយរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជួយទាំងកម្មវិធីធានារ៉ាប់រងអាយុជីវិតទៀតផង។

ចំណែកលោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា និស្សិតដែលអាចទទួលអាហាររូបករណ៍ បានចាំបាច់ត្រូវតែជាសិស្សកំពុងរៀនថ្នាក់ទី១២ឬអតីតសិស្សដែលមានសញ្ញាបត្រទី១២។  ពួកគេបានទទួលការសិក្សាដោយពុំបង់ប្រាក់ ហើយខាងអង្គការទទួលខុសត្រូវទាំងស្រុង រួមមាន ថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភសម្ភារសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ជាដើម។

គួរបញ្ជាក់ថា និស្សិតចំនួនប្រាំមួយ រូបក្នុងចំណោមនិស្សិតដទៃទៀត នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ឃុំជីផាត ស្រុកថ្មបាំង បានកំពុងបន្តសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញតាមរយៈការទ្រទ្រង់ថវិកាទាំងស្រុងពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ៕

អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image