en     km
en     km

រដ្ឋបាលខេត្តសៀមរាបបំភ្លឺពីការស្ដារស្ទឹងក្នុងក្រុង ខណៈមហាជនថាកង្វះការថែទាំ

Share

រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ការស្ដារស្ទឹងសៀមរាប កំពុងដំណើរការតាមផែនការដែលគ្រោងទុក ដោយបិទចរន្ដទឹកហូរទាំងស្រុង ទាំងចរន្ដទឹកហូរចូល និងចរន្ដទឹកហូរចេញ ដើម្បីចៀសវាងផលប៉ះពាល់ដល់ការអនុវត្តគម្រោង។ ប្រការនេះនាំឱ្យបណ្ដាញសង្គម ហ្វេសប៊ុកមួយចំនួនបានលើកឡើងពី  កង្វះការថែទាំទឹកស្ទឹងសៀមរាប របស់រដ្ឋបាលខេត្ត ថាមិនបានស្ដារស្លែក្នុងស្ទឹង ធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាពក្រុង។

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបានបំភ្លឺពីការព្រួយបារម្ភនឹងសោភណ្ឌភាពស្ទឹងសៀមរាបនេះថា ដោយសារតម្រូវការស្ដារមានទំហំធំ ដូច្នេះការស្ដារបានតែនៅតាមចំណុចមួយចំនួនប៉ុណ្ណោះ ព្រោះត្រូវបិទចរន្ដទឹក អាចនឹងមានផលប៉ះពាល់។ តែយ៉ាងណា រដ្ឋបាលខេត្តសៀមរាបបន្ដថា ចំពោះការលើកឡើងរបស់មហាជន នឹងយកទៅពិនិត្យជាមួយក្រុមការងារអនុវត្តគម្រោង និងរដ្ឋបាលក្រុង ដើម្បីពិនិត្យលទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់ និងការស្ដារឱ្យបានច្រើន។

បើយោងតាមរដ្ឋបាលខេត្តដដែល ថាខេត្តបានទទួលគម្រោងស្ដារស្ទឹងជំហានទី២ ចាប់ពីចំណុចស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុក ដែលមានប្រវែង៤,៦គីឡូម៉ែត្រ ក្រោមឥណទានរបស់ធនាគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ។ គម្រោងដែលផ្ដោតលើការស្ដារ និងរៀបចំសោភណ្ឌភាពក្រុងព្រមទាំងបញ្ចៀសទឹកលិចក្រុងនេះ នឹងបញ្ចប់នៅខែធ្នូឆ្នាំ២០២៤ ខណៈគម្រោងចាប់ផ្ដើមតាំងពីខែមីនា ឆ្នាំ២០២២មកម៉្លេះ។

ពាក់ព័ន្ធរឿងស្ទឹងសៀមរាបនេះដែរ កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រុមមាតាធម្មជាតិថា ទឹកស្ទឹងមានសភាពល្អប្រសើរជាងដើមឆ្នាំ២០២២ ដែលមានការបង្ហូរទឹកកង្វក់ចូលស្ទឹងដោយមិនឆ្លងកាត់ការ    ចម្រោះ។ សកម្មជនបរិស្ថាននៃក្រុមមាតាធម្មជាតិក៏បានកោតសរសើរដល់អាជ្ញាធរ ដែលខិតខំដោះស្រាយបញ្ហា ទោះមិនបានឆ្លើយជាវិជ្ជមាននឹងក្រុមរបស់ខ្លួនក៏ដោយ៕

Share

Image
Image
Image