en     km
en     km

ស្រ្តីជនជាតិអង់គ្លេសម្នាក់បង្កើតសមាគមន៍ឡើងជំរុញឱ្យស្រ្តីឱ្យក្លាហានហ៊ានក្លាយជាអ្នកបើកយន្តហោះ

Share

ភ្នំពេញ៖ មនុស្សមួយចំនួននិយាយថា មានមូលហេតុជាច្រើនបានរារាំងមិនឱ្យស្រ្តីអង់គ្លេសក្លាយជាអ្នកបើកយន្តហោះ រួមមានកង្វះថវិកាក្នុងការចូលសិក្សាជំនាញវិស័យអាកាសចរ ស្រ្តីខ្លួនឯងហាក់មិនមានភាពក្លាហានគ្រប់គ្រាន់ និងកន្លងមកធ្លាប់មានករណីអ្នកដំណើរមិនទុកចិត្តលើអ្នកបើកបរយន្តហោះពេលលឺថាពីឡុតជាស្រ្តី។ ជម្នះនូវផ្នត់គំនិតនេះ ពីឡុតស្រ្តីវ័យក្មេង ឈ្មោះថា Katherine Moloney  បានបង្កើតបណ្តាញគាំទ្រមួយដើម្បីជំរុញ និងជួយស្រ្តីផ្សេងៗទៀតឱ្យមានភាពក្លាហានក្នុងការចាប់យកក្តីស្រមៃជាអ្នកបើកយន្តហោះ។

ចង់ដឹងថាតើ Katherine Moloney  ជានរណា? ហើយមានកត្តាអ្វីខ្លះបណ្តាលឱ្យ Katherine Moloney  សម្រេចចិត្តបង្កើតបណ្តាញគាំទ្រស្រ្តីឱ្យប្រឡូកក្នុងវិស័យអាកាសចរមួយនេះ? តទៅនេះសូមនាង កញ្ញា លោក លោកស្រីអញ្ជើញស្តាប់នូវសេចក្តីអត្ថាធិបាយដូចតទៅ៖

អត្ថបទមួយដែលចេញផ្សាយដោយសារព័ត៌មាន BBC News ឱ្យដឹងថា អ្នកបើកយន្តហោះនៅក្នុងចក្រភពអង់គ្លេសជាស្រ្តីមានតិចជាង ៥% ក្នុងចំណោមអ្នកបើកយន្តហោះជិត ៣ម៉ឺននាក់។ ទិន្នន័យនេះហាក់បញ្ជាក់ថា ស្រ្តីក្នុងវិស័យអាកាសចរដែលចាប់យកជំនាញជាអ្នកបើកយន្តហោះហាក់មានអត្រាតិចតួចជាខ្លាំងបើធៀបនឹងបរុស។

ផ្អែកតាមរបាយការណ៍នេះ វិទ្យុស្រ្តីបានធ្វើការប្រែសម្រួលពីសារព័ត៌មានBBC ដោយសុំលើកយកតួអង្គស្រ្តីម្នាក់ជនជាតិអង់គ្លេសម្នាក់ មានវ័យ ២៤ឆ្នាំ ឈ្មោះថា Katherine Moloney មកបង្ហាញឱ្យនាងកញ្ញា លោក លោកស្រីបានដឹង ខណៈស្រ្តីរូបនេះបានបង្កើតបណ្តាញគាំទ្រមួយមានឈ្មោះថា ELEVATE [HER] ដែលតាមមហិច្ឆិតាគឺកំពុងដុតបេះដូងនារីៗឱ្យហក់ចូលវិស័យអាកាសចរពិសេសគឺក្លាយខ្លួនជា ពីឡុត ឱ្យបានចំនួនច្រើន។ តាមរយៈបណ្តាញរបស់ខ្លួន អ្នកនាង Katherine Moloney បង្កើតជាគេហទំព័រ ដើម្បីឆ្លើយតបនូវរាល់ចម្ងល់និងសំណួរនានា ដើម្បីផ្តល់ចំណេះដឹងទាក់ទងជំនាញនៃការបើកយន្តហោះ និងការងារផ្សេងទៀតពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ជាដើម។ ក្រៅពីវិភាគទាននេះ បណ្តាញមួយនេះក៏មានការជួបជុំរវាងស្រ្តីទាំងឡាយណាដែលកំពុងសិក្សាជំនាញបើកបរយន្តហោះ ឱ្យមកជួបពិភាក្សារកដំណោះស្រាយរួម ឈានទៅរកដំណោះស្រាយបញ្ហាដែលរារាំងមិនឱ្យពួកគេអាចហោះហើរបាន។

ឥឡូវនេះយើងមកស្គាល់ថា តើនរណាជា Katherine Moloney ?

មានឪពុកជាអ្នកបើកបរយន្តហោះ Katherine Moloney ជាជនជាតិអង់គ្លេស ដែលសូម្បីតែនាងខ្លួនឯងក៏ពុំដែលគិតថាខ្លួននឹងក្លាយជាអ្នកបើកបរយន្តហោះនៅថ្ងៃអនាគតនោះដែរ។ ក៏ប៉ុន្តែខណៈដែលនាងកំពុងធ្វើការនៅក្រុមហ៊ុនមួយមានឈ្មោះថា Transair នាងក៏ចាប់ផ្តើមមានសេចក្តីស្រឡាញ់ទៅលើវិស័យអាកាសចរណ៍។ នាងក៏មានឱកាស រៀនសាកល្បងនៅក្នុងឧទ្ធម្ភាគចក្រនៅព្រលានយន្តហោះ Brighton City។បុព្វហេតុនិង មេរៀនសាកល្បងនេះហើយ កាន់តែដុតចំណង់ឱ្យស្រ្តីអង់គ្លេសរូបនេះកាន់តែចូលចិត្តធ្វើជាអ្នកបើកយន្តហោះខ្លាំងទៅៗ។

Katherine Moloney រូបភាព៖ គេហទំព័រ ELEVATE [HER]

នៅឆ្នាំ២០១៨ Katherine Moloney បានបញ្ចប់ការសិក្សាលើវិស័យអាកាសចរណ៍ ក្នុងវ័យ១៩ឆ្នាំ។ ក្រោយមកនាងធ្វើការទាក់ទងនឹងវិស័យអាកាសចរណ៍រហូតដល់នាងក្លាយជាស្រ្តីឆ្នើមបើកឧទ្ធម្ភាគចក្រនៅអង់គ្លេស។

អំឡុងឆ្នាំ ២០២២ នាងក្លាយជានាយកដ្ឋានសម្រាប់ឯកអគ្គរដ្ឋទូតអាកាសចរណ៍ដឹកជញ្ជូន ហើយមានឱកាសធ្វើការជាមួយអ្នកខ្លាំងៗជាច្រើន ហើយនាងបានចូលរួមក្នុងគម្រោងសំខាន់ៗមួយចំនួនផងដែរ។

ថ្ងៃទី០១  ខែកក្កដា ឆ្នាំ ២០២២ នាងចាប់ផ្តើមនៃគម្រោង ELEVATE [HER] ដោយមានការជួបជុំក្រុមស្ត្រីកំពុងចាប់ជំនាញក្នុងវិស័យអាកាសចរណ៍មួយក្រុមក្នុងអាហារថ្ងៃត្រង់អាកាសចរណ៍នៅព្រលានយន្តហោះ Brighton City ។ ជាបន្តបន្ទាប់មកទៀតគម្រោងរបស់នាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយថ្មីនេះៗនាងបានជួយស្រ្តីមួយចំនួនឱ្យសាកល្បងដោយបើកបរឧទ្ធម្ភាគចក្រ។

Katherine Moloney ជាមួយនឹងស្រ្តីដែឡបានធ្វើការហោះហើរ រូបភាព៖ BBC News

បច្ចប្បន្ននាងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ទៅលើសក្តានុពលរបស់ស្រ្តីវ័យក្មេងរូបនេះ។

Katherine Moloney  តែងតែនិយាយដដែលៗថា ការជោគជ័យក្នុងគម្រោងដែលនាងបង្កើតជាបណ្តាញលើកទឹកចិត្តស្រ្តីឱ្យប្រឡូកក្នុងវិស័យអាកាសចរណ៍នេះគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ Katherine Moloney និយាយក្នុងសម្រង់សម្តីដើមថា៖ «គោលដៅរបស់ខ្ញុំសម្រាប់ពេលអនាគតគឺគាំទ្រ និងលើកទឹកចិត្តស្ត្រី និងយុវជនឱ្យកាន់តែច្រើនឡើង ក្នុងវិស័យអាកាសចរណ៍នៅគ្រប់ទីកន្លែងដែលខ្ញុំអាចធ្វើបាន។ មិនថាហោះហើរពាណិជ្ជកម្ម ធ្វើជាវិស្វករ ឬជាអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសទេ ស្រ្តីគ្រប់រូបអាចធ្វើបានព្រោះវាជាចំណង់ចំណូលចិត្តរបស់អ្នក»៕

Share

Image
Image
Image