ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹង ស្រ្តីគួរស្វែងយល់ពីរបៀបការពារខ្លួនពីជំងឺបេះដូង។ ដោយអត្ថបទនេះប្រែសម្រួលពីគេហទំព័រគ្លីនិកCleveland នៃសហរដ្ធអាមេរិក ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ!
ច្រើនទស្សវត្សមកហើយ មនុស្សភាគច្រើនគិតថាជំងឺបេះដូងកើតឡើងតែចំពោះបុរស ប៉ុន្តែបច្ជុប្បន្ននេះ ជំងឺបេះដូងជាមូលហេតុចម្បងនៃការស្លាប់របស់ស្ត្រីនៅសហរដ្ឋអាមេរិក ដែលជាមធ្យមស្រ្តី ៤00,000 នាក់បានស្លាប់ក្នុងមួយឆ្នាំ។ នេះបើយោងតាមការបង្ហាញពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។
រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិកCleveland នៃសហរដ្ធអាមេរិក
តាមគេហទំព័រគ្លីនិក Cleveland ដដែលបានណែនាំដល់ស្រ្តីថា ស្រ្តីគួរយល់ដឹងថាឱ្យបានច្រើនអំពីជំងឺបេះដូងនេះ។ ទោះបីជាស្រ្តីមានគ្រួសារធ្លាប់មានជំងឺបេះដូងក្តី គឺអាចការពារជំងឺនេះបាន ដោយការទទួលទានអាហារបានត្រឹមត្រូវ ធ្វើលំហាត់ប្រាណ មិនជក់បារី និងមិនទទួលទានគ្រឿងស្រវឹង។ ជាពិសេសជំហានសំខាន់បំផុតក្នុងការការពារជំងឺបេះដូង គឺស្រ្តីត្រូវពិនិត្យ ពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងពីកម្រិតហានិភ័យនៃជំងឺនេះ ដែលស្រ្តីកំពុងតែមាន។
តើស្ត្រីបានយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពបេះដូងបានគ្រប់គ្រាន់ដែរឬទេ?
តាមការលើកឡើងរបស់វេជ្ជបណ្ឌិតផ្នែកបេះដូងបានបង្ហាញថា ភាគច្រើនស្ត្រីប្រឈមនឹងជំងឺមហារីកសុដន់ និង បញ្ហារោគស្ត្រី ប៉ុន្តែជំងឺបេះដូង មានហានិភ័យខ្លាំងជាងនេះទៅទៀត។ ដោយស្រ្តីភាគច្រើនគិតអំពីសុខភាពបេះដូងនៅអំឡុងពេលអស់រដូវ តែជំងឺបេះដូងនេះមិនមែនចាប់ផ្តើមតែពេលស្រ្តីអស់រដូវនោះឡើយ។
រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិកCleveland នៃសហរដ្ធអាមេរិក
ដូច្នេះស្រ្តីត្រូវតែមានវិធានការណ៍ អំពីសុខភាពបេះដូងរបស់ពួកគេចាប់ពីអាយុ ២0 ឆ្នាំឡើងទៅ និងត្រូវពិនិត្យកូលេស្តេរ៉ុលរៀងរាល់ ៥ ឆ្នាំម្តង ឬរៀងរាល់ឆ្នាំប្រសិនស្រ្តីមានកត្តាហានិភ័យផ្សេងៗ។ បន្ថែមពីនេះ ក៏ត្រូវតាមដានសម្ពាធឈាម និងត្រូវប្រាកដថា ទម្ងន់រាងកាយស្ថិតក្នុងកម្រិតដែលមានសុខភាពល្អ ហើយរួមទាំងទទួលទានរបបអាហារដែលល្អដល់សុខភាពបេះដូង និងធ្វើលំហាត់ប្រាណឱ្យបានច្រើន។
យ៉ាងណាមិញចំពោះរោគសញ្ញាគាំងបេះដូង ស្រ្តីប្រហែល ៧០% ភាគរយមានរោគសញ្ញាដូចគ្នានឹងបុរសដែរ។ ចំណែកឯស្រ្តីប្រមាណ ៣០% ទៀតមានរោគសញ្ញាប្លែកមួយចំនួនដូចជា អស់កម្លាំង ដកដង្ហើមខ្លីដោយមិនមានឈឺទ្រូង ឬចង្អោរ។
តើស្ត្រីដែលមានជំងឺគាំងបេះដូង ច្រើនធ្វើរោគវិនិច្ឆ័យខុសមែនឬទេ?
តាមការបង្ហាញរបស់គ្លីនិក Cleveland បានបង្ហាញផងដែរថា ការគាំងបេះដូងត្រូវបានធ្វើរោគវិនិច្ឆ័យដំបូងដោយផ្អែកលើរោគសញ្ញា និងការធ្វើតេស្តបញ្ជាក់ (electrocardiogram ឬ EKG) ប៉ុន្តែនៅពេលដែលស្ត្រីទៅបន្ទប់សង្គ្រោះបន្ទាន់ ស្រ្តីតែងទទួលបានការធ្វើតេស្តបញ្ជាក់ (EKG) យឺតជាងបុរសបន្តិច ដោយបញ្ហានោះគឺ ស្ត្រីមានការបង្ហាញអាការៈបញ្ហានេះយឺតជាងបុរស។
បន្ថែមពីនេះ ស្រ្តីបានពន្យារពេលទទួលការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ដោយសារមានរោគសញ្ញាខុសគ្នាមួយចំនួន ដែលអាចឱ្យពួកគេសន្មតថា ជារោគសញ្ញានៃបញ្ហាផ្សេងទៀតដូចជា ការក្រហាយទ្រូង ឬ ការថប់បារម្ភជាដើម។
ដូច្នេះ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានការសង្ស័យពីរោគសញ្ញាទាក់ទងបញ្ហាជំងឺបេះដូង អាចទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ១១៩ ដើម្បីទទួលបានការណែនាំពីអ្នកជំនាញ៕