លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កសិករកម្ពុជាកំពុងក្លាយជាអ្នកចូលរួមចំណែកមួយ ក្នុងការលើកស្ទួយសន្តិសុខស្បៀងជាតិ និងពិភពលោកជាពិសេសនៅពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀង។
លោកបន្តថា នៅលើពិភពលោកកំពុងជួបបញ្ហាសង្គ្រាមដែលបង្កឱ្យប្រទេសមួយចំនួនជួបវិបត្តិផ្គត់ផ្គង់ស្បៀង។ លោកបន្ថែមថា ជាមធ្យមកសិករកម្ពុជាផលិតស្រូវបានសរុបបាន ១២ លានតោនក្នុងមួយឆ្នាំ គឺលើស ៦លានតោនសម្រាប់នាំចេញ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំស្រូវអង្ករចេញជាប់លេខរៀងទី៨នៅលើពិភពលោក។
ឆ្លើយតបនឹងការចូលរួមចំណែកដោះស្រាយបញ្ហាស្បៀងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលនយោបាយមន្ដ្រីកសិកម្មឃុំ និងឃុំផលិតស្រូវសម្រាប់នាំចេញ។ រាជរដ្ឋាភិបាលគ្រោងពង្រាយមន្រ្តីកសិកម្មឃុំ ទៅកាន់ឃុំផលិតស្រូវមុនគេដែលសរុបមានប្រមាណ ១០០០ឃុំ នៅទូទាំងប្រទេស ដើម្បីគាំទ្រកសិករបង្កើនទិន្នផលស្រូវ គុណភាពស្រូវ និងកាត់បន្ថយថ្លៃដើមស្រូវ។
លោករដ្ឋលេខាធិការបញ្ជាក់ថា រាជរដ្ឋាភិបាលមានហិរញ្ញប្បទានជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវ ការបន្តការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តឲ្យបានទូលំទូលាយ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត៕