ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យកីឡា ដោយចាប់ផ្តើមចេញពីចំណង់ចំណូលចិត្តផ្នែកកីឡា រហូតក្លាយជាស្រ្តីដំបូងគេនៅកម្ពុជាដែលទទួលបានអាជ្ញាបណ្ណជាអជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)ដែលមានសមាជិកសរុបចំនួន៤៧ប្រទេសនៅអាស៊ី។ ស្រ្តីមានសក្តានុពលរូបនេះមានឈ្មោះថា ផ្លុង ពេជ្រអក្ខរា។
មានដើមកំណើតនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល អ្នកស្រី ផ្លុង ពេជ្រអក្ខរា ជាស្រ្តីមួយរូប មានក្តីស្រមៃចង់ក្លាយជានារីដែលមានសមត្ថភាពអាចឈរឈ្មោះក្នុងវិស័យកីឡានៅលើឆាកអន្តរជាតិ។
ពេជ្រអក្ខរា បានយកឈ្នះការប្រកួតជាច្រើនពាក់ព័ន្ធនឹងវិស័យកីឡា ជាក់ស្តែងនៅឆ្នាំ២០១៤ នាងជាប់ចំណាត់ថ្នាក់លេខ៧ក្នុងចំណោម២៥ខេត្តក្រុង លើវិញ្ញាសាប្រកួតរត់ប្រណាំង។ ក្រៅពីទទួលបានជ័យលាភីលើវិញ្ញាសារត់ប្រណាំង ពេជ្រអក្ខរាក៏ដណ្តើមយកឈ្នះពានរង្វាន់ជាបន្តបន្ទាប់ទៀត។ ដោយមើលឃើញពីសមត្ថភាពរបស់ ពេជ្រអក្ខរា នាងត្រូវបានគ្រូបង្វឹក និងមនុស្សជុំវិញខ្លួនជម្រុញឱ្យនាងជ្រើសរើសយកអាជីពនៅក្នុងវិស័យកីឡា។
ផ្លុង ពេជ្រអក្ខរា ជាស្រ្តីដំបូងគេនៅកម្ពុជាដែលទទួលបានអាជ្ញាបណ្ណជាអជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)រូបភាព៖ ហ្វេសប៊ុកផ្ទាល់ខ្លួន ផ្លុង ពេជ្រអក្ខរា
នៅអំឡុងឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៧ ពេជ្រអក្ខរា បានសិក្សាជាគ្រូបង្រៀនផ្នែកកីឡាកាយវប្បកម្មនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) បន្ទាប់ពីនាងបញ្ចប់ការសិក្សា នៅវិទ្យាល័យមួយក្នុងខេត្តសៀមរាបរយៈពេល ៥ ឆ្នាំ។ ក្រោយមកទៀត នាងបានផ្លាស់ទៅធ្វើការនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។
រហូតដល់ថ្ងៃមួយ អក្ខរាមានឱកាសចូលប្រកួតបាល់ទាត់នៅភ្នំពេញជាមួយអត្តពលិកជាច្រើនផ្សេងទៀត។ ក្នុងពេលនោះនាងមានក្តីរំភើបជាខ្លាំង នាងនិយាយក្នុងសម្រង់សម្តីដើមថា៖ «លើកដំបូងដែលខ្ញុំចូលរួមការប្រកួតបាល់ទាត់នៅភ្នំពេញ ខ្ញុំបានឃើញអាជ្ញាកណ្តាលស្ត្រីដែលគ្រប់គ្រង និងដឹកនាំការប្រកួត។ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលព្រោះខ្ញុំមិនដែលឃើញរឿងនោះពីមុនមក។ បន្ទាប់មក ខ្ញុំបានទទួលស្គាល់ថា ថ្ងៃណាមួយ ខ្ញុំក៏អាចក្លាយជាអាជ្ញាកណ្តាលបាន»។
មិនយូរប៉ន្មាន នាងបានក៏ចាប់ផ្តើមរកឃើញទិសដៅដើម្បីក្លាយជាអាជ្ញាកណ្តាលស្ត្រី ហើយបានសម្រេចទៅហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាបាល់ទាត់បាទី (BFTC) ក្នុងខេត្តតាកែវ។
បន្ទាប់ពីមានបទពិសោធជាច្រើនចូលរួមប្រឡូកក្នុងវិស័យកីឡា ជាមួយនឹងការមានការពង្រឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃមួយនាងទទួលបានជោគជ័យ ដោយក្លាយជាសមាជិកនៃអាជ្ញាកណ្តាលអន្តរជាតិរបស់ FIFA ប្រចាំប្រទេសកម្ពុជា។ នាងក៏បានសម្រេចនូវសមិទ្ធិផលជាច្រើនបន្តបន្ទាប់ដូចជា សម្រេចបានការដឹកនាំការប្រកួតថ្នាក់ជាតិចំនួន ១០០ការប្រកួត រួមទាំងការប្រកួតអន្តរជាតិជាង ២០។
រហូតមកដល់បច្ចប្បន្ន ពេជ្រអក្ខរា បំបែកឯកត្តកម្មទទួលបានអាជ្ញាបណ្ណជាអជ្ញាកណ្តាលនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលមានប្រទេសជាសមាជិករហូតដល់ទៅ៤៧ប្រទេស។ លើសពីនេះទៅទៀត នាងមិនត្រឹមតែកាន់តំណែងជាអាជ្ញាកណ្តាលស្ត្រីកម្ពុជាដំបូងគេប៉ុណ្ណោះទេ នាងក៏ជាតំណាង AFC តែមួយគត់សម្រាប់កម្ពុជាផងដែរ ព្រោះមិនទាន់មានអាជ្ញាកណ្តាលបុរសតំណាងឱ្យប្រទេសនៅលើឆាកអន្តរជាតិនៅឡើយ។
ដោយឡែកបន្ទាប់ពីសម្រេចបានក្តីស្រមៃក្លាយជាអជ្ញាកណ្តាលជាស្រ្តីនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) នាងកំពុងតែ កំណត់គោលដៅរបស់នាងបន្ថែមមួយទៀតគឺ ការបន្តកែលម្អខ្លួនឯង និងស្ត្រីដទៃទៀតដែលស្រឡាញ់ និងចាប់អារម្មណ៍លើវិស័យកីឡា។ ដោយនាងនិយាយថា «នាងនឹងស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ និងផ្តល់ដំបូន្មានដល់ស្រ្តីទាំងឡាយណាមានចំណាប់អារម្មណ៍ចង់ប្រឡូកក្នុងវិស័យកីឡា ជាពិសេសនាងចង់ឃើញអាជ្ញាកណ្តាលស្ត្រីកម្ពុជាបន្ថែមទៀតក្នុងវិស័យកីឡា៕»