នៅថ្ងៃទី២ ខែ សីហា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តកំពតបានរកឃើញសាកសពយុវតីម្នាក់ទៀត ដែលត្រូវបានជំនន់ទឹកភ្លៀងគួចទៅតាមទឹកនៅជ្រោះឱម៉ាល់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងករណីគ្រោះធម្មជាតិនេះ គេសង្កេតឃើញកងកម្លាំងសមត្ថកិច្ចនៃស្នងការខេត្តបានបញ្ចេញសកម្មភាពរុករក យុវតីនេះយ៉ាងមមាញឹក តាំងពីថ្ងៃកើតហេតុមកម្លេះ។ គិតមកដល់ពេលនេះ មានរយៈពេល៤ថ្ងៃហើយ ទើបអាចរកសាកសពយុវតីនោះឃើញ ។
យុវតីដែលបាត់បង់ជីវិតនេះមានឈ្មោះថា ស្រីខួច បានទៅបោះតង់កម្សាន្ដនៅទឹកធ្លាក់ជ្រោះឱម៉ាល់ជាមួយមិត្តភក្ដិ ក្នុងនោះកាលពីថ្ងៃទី៣០ ខែកក្កដា គេក៏បានរកឃើញសាកសពស្ដ្រីម្នាក់ទៀតដែរ ដែលធ្លាក់ចូលជ្រោះ ដោយសារជំនន់ទឹកភ្លៀងនាំទៅ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត និងជាអ្នកដឹកនាំកិច្ចអន្ដរាគមន៍ស្វែងរកជនរងគ្រោះបានឱ្យដឹងថា សាកសពយុវតី ស្រីខួច បានរកឃើញនៅចម្ងាយ២០០ម៉ែត្រពីកន្លែងកើតហេតុ។
នៅរដូវវស្សា ក្រសួងធនធានទឹក និងឧតុនិយម តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ។ យ៉ាងណាទេសចរដែលដើរកម្សាន្ដនៅរដូវនេះ គួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះងាយនឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ជាដើម៕