តាមការសម្ភាសន៍របស់សិក្ខាកាមនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ទៅកាន់ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA)និងអ្នកនាង សំបាន កូលាប ស្ថិតក្នុងតំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនតែងចំណាកស្រុកទៅធ្វើការនៅក្រៅស្រុកនិងខ្លះទៅប្រទេសថៃផងដែរ។
ប៉ុន្តែសម្រាប់អ្នកនាង សំបាន កូលាប មិនសម្រេចចាកចេញពីស្រុកកំណើតទៅធ្វើការឆ្ងាយឃ្លាតពីសមាជិកគ្រួសារនោះឡើយ បន្ទាប់ពីអ្នកនាងបានសិក្សាពីជំនាញធ្វើកសិកម្មតាមបែបបច្ចេកទេសមួយចំនួននិងបានប្រកបរបរចិញ្ចឹមសត្វនិងដាំដុះបានប្រាក់ចំណូលសមរម្យរួមមក។
អ្នកនាង សំបាន កូលាប ជាពលរដ្ឋមួយរូបរស់នៅតំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងទឹកដីខេត្តពោធិ៍សាត់ជាប់ព្រំដែនថៃដែលបច្ចុប្បន្នពលរដ្ឋពេញកម្លាំងមួយចំនួនបានចំណាកស្រុកធ្វើការក្រៅប្រទេសដោយទុកកូនៗឱ្យជីដូនជីតាមើលថែ។
ខុសពីអ្នកដទៃ អ្នកនាង សំបាន កូលាប បានសម្រេចចិត្តបន្តរស់នៅក្នុងភូមិស្រុកដ្បិតថា ការរកចំណូលផ្គត់ផ្គង់គ្រួសារមិន ទល់តែចំណាកស្រុកនោះទេ ដោយបុគ្គលម្នាក់ត្រូវមានចំណេះដឹងក្នុងការប្រកបការងារឬចាប់មុខរបរផ្អែកតាមស្ថានភាពនិងតម្រូវការក្នុងសហគមន៍។ សម្រាប់អ្នកនាង សំបាន កូលាប ការចិញ្ចឹមសត្វនិងដាំដុះជាលក្ខណៈគ្រួសារមានបច្ចេកទេសត្រឹមត្រូវគឺអាចរកកម្រៃបានសមរម្យដើម្បីដោះស្រាយជីវភាពគ្រួសារ។ ស្ត្រីរស់នៅភូមិភាគនិរតីនៃប្រទេសកម្ពុជារូបនេះឱ្យដឹងទៀតថា អ្នកនាងបានចូលរៀនពីបច្ចេកទេសចិញ្ចឹមមាន់តាមរយៈគម្រោងអភិវឌ្ឃន៍សហគមន៍ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA)។
អ្នកនាង សំបាន កូលាប ចិញ្ចឹមមាន់ផងនិងដាំដំណាំរួមផ្សំផង។រូបភាពពី សំនេរ ជាសិក្ខាកាមរបស់WMC។
តាមរយៈគម្រោងនេះ អ្នកនាងទទួលពូជមាន់ និងបច្ចេកទេសចិញ្ចឹម បច្ចេកទេសធ្វើទ្រុង និងការបណ្តុះបណ្តាលជំនាញ ព្រមជាមួយគ្នានោះអ្នកជំនាញក៏ចុះមកមើលការខុសត្រូវពេលមាន់ឈឺផងដែរ។
អ្នកនាង កូលាប បន្ថែមថា មុខរបរថ្មីគឺការចិញ្ចឹមមាន់ ដាំដំណាំកសិកម្មនៅផ្ទះសម្បែងបែបនេះ គឺជាមុខរបរល្អបំផុតសម្រាប់គ្រួសាររបស់អ្នកនាង។ ល្អពីព្រោះថា ក្រៅពីអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានហើយ អ្នកនាងក៏មិនចាំបាច់ចាកចេញពីក្រុមគ្រួសារទៅរកការងារនៅឆ្ងាយៗ ឬដើរស៊ីឈ្នួលគេនោះទេ។អ្នកនាងនិយាយថា៖«ពេលនេះ ខ្ញុំបាននៅផ្ទះសម្បែងថែរក្សាកូនចៅ មិនព្រួយបារម្ភ ដូចមុនទៀតទេ»។
អ្នកនាង សំបាន កូលាប ។រូបភាពពី សំនេរ ជាសិក្ខាកាមរបស់WMC។
តាមរយៈគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង ប្រជាសហគមន៍ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានក្លាយជាភូមិគំរូ ផ្នែកកសិកម្មមួយ នៅក្នុងតំបន់ជួរភ្នំក្រវាញ និងជាក្ដីសង្ឃឹម សម្រាប់ការអភិវឌ្ឍភូមិ ឬសហគមន៍។
ប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA)លោក ទូច សុផានី បានឱ្យដឹងថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង បានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ ចិញ្ចឹមកង្កែប បច្ចេកទេសរៀបចំទ្រុងមាន់ និងអាងកង្កែប ដល់សមាជិកគម្រោងដើម្បីលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន ពិសេសនៅក្នុងភូមិឆាយលូក ឃុំអូរសោម។ តាមរយៈ គម្រោងនេះដែរលោកថា មានពលរដ្ឋចំនួន១០គ្រួសារ បានស្ម័គ្រចិត្តដើម្បីចិញ្ចឹមមាន់ និង១១គ្រួសារផ្សេងទៀត បានចិញ្ចឹមកង្កែប ហើយទទួលបានលទ្ធផលល្អប្រសើរ។
នេះជារូបភាពកន្លែងចិញ្ចឹមសត្វរបស់គម្រោងគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង។រូបភាពពី សំនេរ សិក្ខាកាមរបស់WMC។
តាមការបញ្ជាក់ពីប្រធានគម្រោងអភិវឌ្ឃន៍សហគមន៍ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូងនេះ បានរួមចំណែកចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់និរន្តរភាព ជីវភាពប្រជាពលរដ្ឋ ការពង្រឹងបាននូវសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន៕
អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕