មណ្ឌលគិរី៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ រដ្ឋបាលខេត្តមណ្ឌលគិរីបានផ្អាកចរាចរណ៍ផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែត្រលេខ ៩១ ដល់គីឡូម៉ែត្រលេខ៩៩ នៃភូមិសាស្ដ្រស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ មូលហេតុដោយសារភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យជំនន់ទឹកភ្លៀងហូរច្រោះលើផ្លូវជាតិ បណ្ដាលឱ្យបាក់ស្រុត ស្ទើកាត់ផ្ដាច់ផ្លូវ និងខូចខាតទាំងស្រុង មិនអាចចរាចរណ៍បាន។
រដ្ឋបាលខេត្តបានឱ្យអ្នកធ្វើដំណើរពីភ្នំពេញទៅខេត្តមណ្ឌលគិរី និងពីខេត្តមណ្ឌលគិរី ទៅភ្នំពេញត្រូវធ្វើដំណើរតាមភូមិសាស្ដ្រខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី ជាបណ្ដោះអាស្ននសិន រហូតដល់មានការប្រកាសឱ្យប្រើប្រាស់ផ្លូវជាតិលេខ76A ឡើងវវិញ។
យ៉ាងណា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីក៏បានផ្អាករថយន្ដធន់ធ្ងន់មិនឱ្យចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧៦A នេះដែរ ដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
វិទ្យុស្ដ្រីមិនអាចទាក់ទងសុំព័ត៌មានបន្ថែមពីរដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីបានទេ ដោយទូរសព្ទគ្មានអ្នកទទួល។ សូមបញ្ជាក់ថា ចំណុចបាក់ស្រុតនេះ ផ្លូវមានសភាពប្រេះ និងស្រុតផ្លូវទៅផ្នែកខាងស្ដាំក្នុងទិសដៅពីស្រុកកែវសីមា ទៅស្រុកអូររាំង មានទីតាំងនៅភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ៕