en     km
en     km

គ្រូបង្វឹកបាល់ទាត់នារីវ័យក្មេងកម្ពុជា ចក់ នុត ទៅចូលរួមព្រឹត្តិការណ៍FIFA Women’s World Cupឆ្នាំ២០២៣

Share

គ្រូបាល់ទាត់នារីវ័យក្មេងនៃអង្គការផ្កាយសមុទ្របានចូលរួមព្រឹត្តិការណ៍FIFA Women’s World Cup ឆ្នាំ២០២៣ នៅប្រទេសអូស្ដ្រាលី ដើម្បីធ្វើជាសក្សីក្នុងការប្រកួតបាល់ទាត់នារីពិភពលោក ដ៏ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កញ្ញា ចក់ នុត ជាគ្រូកីឡាបាល់ទាត់វ័យក្មេងនៅអង្គការផ្កាយសមុទ្រ ត្រូវបានចាត់តាំងជាតំណាងឱ្យកម្ពុជា ចូលរួមព្រឹត្តិការណ៍បាល់ទាត់ FIFA Women’s World Cup ឆ្នាំ២០២៣ នៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី។ កម្មវិធីដែលគ្រូបាល់ទាល់វ័យក្មេងរូបនេះចូលរួម ជាកម្មវិធីបែបយុវជន ដោយមានប្រតិភូអ្នកដឹកនាំបាល់ទាត់វ័យក្មេងជាង ៧០នាក់ទៀត មកពីប្រទេសជាង៤០ លើពិភពលោកជួបជុំគ្នា ដើម្បីជាសក្សីក្នុងការប្រកួតនៅឆ្នាំនេះ ដោយសារការប្រកួត FIFA Women’s World Cup ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ដ៏ធំមួយមិនធ្លាប់មានក្នុងប្រវត្តិបាល់ទាត់នារីពិភពលោក។

អ្នកនាង ជួប វិច្ឆិកា នាយិកាអង្គការផ្កាយសមុទ្រ បានបង្ហាញការសាទរ និងមោទនភាព ចំពោះរូបកញ្ញា ចក់ នុត យ៉ាងខ្លាំងដែលបានចូលរួមព្រឹត្តិការណ៍នេះ និងបានផ្សព្វផ្សាយពីបេសកម្មអង្គការផ្កាយសមុទ្រដល់សមាជិកដែលចូលរួម។

យ៉ាងណា គ្រូបាល់ទាត់វ័យក្មេងកម្ពុជា មានបទពិសោធន៍បង្រៀនបាល់ទាត់នៅអង្គការផ្កាយសមុទ្រតាំងពីឆ្នាំ២០២១មកម្លេះ។ កាលនោះនាងត្រូវបានជ្រើសរើស ក្នុងចំណោមបុគ្គលកំពូល ៨រូប ដើម្បីចូលរួមក្រុមប្រឹក្សាយុវជន Beyond Sports។ នាងជាគ្រូបង្វឹកកីឡាបាល់ទាត់ដល់ កុមារដែលមានពិការភាពខាងសតិបញ្ញានៅអង្គការផ្កាយសមុទ្រ ជាកន្លែងដែលនាងបានកែសម្រួលមេរៀនបាល់ទាត់ល្អៗដើម្បីបំពេញតម្រូវការជាក់លាក់របស់កុមារ។

ក្រៅពីការងារបង្រៀនកីឡា កញ្ញា ចក់ នុត ក៏សកម្មក្នុងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ស្តីពីសមភាពយេនឌ័រ សុខភាពផ្លូវចិត្ត និងការរួមបញ្ចូលLGBTIQ+ ដែលធ្វើឡើងដោយដៃគូអន្តរជាតិ និងម្ចាស់ជំនួយផងដែរ។

សូមជម្រាបថា ការប្រកួត FIFA Women’s World Cup 2023 ធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ចាប់ពីពាក់កណ្តាល ខែកក្កដា ដល់ពាក់កណ្តាល ខែសីហា ដោយមានការប្រកួតកីឡានារីចំនួន៣២ ក្រុម៕

Share

Image
Image
Image