en     km
en     km

វត្តមានទឹកដោះក្របីនៅឃុំត្រពាំឫស្សីជំរុញឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរឡើងមួយកម្រិត

Share

កំពង់ធំ៖​ ការចិញ្ចឹមសត្វពាហនៈរឹតយកទឹកដោះជាលក្ខណៈគ្រួសារនៅកម្ពុជាមិនសូវជាសម្បូរនោះទេ ដោយគេប្រទះឃើញមាន តែកសិដ្ឋានធំៗតែប៉ុណ្ណោះដែលមានចិញ្ចឹមសត្វគោយកទឹកដោះ ផលិតជាផលិតផលផ្សេងៗលក់លើទៅផ្សារ។  

ក៏ប៉ុន្តែប្រជាពលរដ្ឋនៅឃុំចំនួន២ គឺ ឃុំទីពោ  និងឃុំត្រពាំងឬស្សី  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននាំគា្នចិញ្ចឹមសត្វក្របី រឹតយកទឹកដោះលក់សម្រាប់ជាចំណូលបន្ថែមក្រៅពីរបរធ្វើស្រែចំការរបស់ពួកគេ។ ប្រជាកសិករប្រាប់សិក្ខាកាមនៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ឱ្យដឹងថា  ក្នុង១ថ្ងៃប្រជាកសិករអាចប្រមូលទឹកដោះក្របីបានប្រមាណពី ២ទៅ៤លីត្រក្នុងមួយថ្ងៃ។  រីឯតម្លៃវិញក្នុង ១លីត្រកសិករអាចលក់បានតម្លៃ៥០០០រៀល ដែលនេះជាចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

សកម្មភាពកសិកររឹតទឹកដោះក្របី។រូបភាពពីធារ៉ូ។

ជាប្រជាកសិករចាប់យកការចិញ្ចឹមក្របីរឹតយកទឹកដោះម្នាក់ គឺអ្នកស្រី ឆីវ គង់ រស់នៅភូមិល្វាជោម ឃុំ   ត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឱ្យដឹងថា ចំណេះជំនាញពីរបៀបចិញ្ចឹមនិងរឹតទឹកដោះក្របីនេះអ្នកស្រីបានទៅហាត់រៀនពីគម្រោងរបស់អង្គការ GIZ ដែលបានបណ្តុះបណ្តាលបច្ចេកទេសក្នុងការថែទាំ ផ្តល់ចំណី ទឹក ចាក់វ៉ាក់សាំង វិធីព្យាបាលនិងផ្តល់សំភារៈសម្រាប់រឹតយកទឹកដោះ ថែមទៀតផង​។ អ្នកស្រីប្រាប់បន្ថែមថា  ប្រជាពលរដ្ឋក្រៅពីរបរធ្វើស្រែចំការ ចិញ្ចឹមគោក្របីសម្រាប់លក់ ឥឡូវពលរដ្ឋអាច​ថែមចំណូលមួយផ្នែកទៀតពីការលក់ទឹកដោះរបស់ក្របី ហើយអាចចម្អិនធ្វើជាមួយម្ហូបអាហារដែលមានរស់ជាតិឆ្ងុយឆ្ងាញ់ សម្បូរអាហារូបម្ថត្ភថែមទៀតផង។  

អ្នកស្រី ឆីវ គង់ បន្ថែមរបររឹតទឹកដោះក្របីសម្រាប់រកចំណូលក្នុងគ្រួសារ។រូបភាពពីធារ៉ូ។

ដោយឡែកអ្នកស្រី ឆុង សុខឡាយ ជាអ្នករឹតនិងអ្នកទទួលទិញទឹកដោះក្របីពីអ្នកភូមិលើកឡើងថា អ្នកស្រីប្រមូលទឹកដោះក្របីពីប្រជាពលរដ្ឋក្នុងថ្ងៃ ក្នុងមួយ​ថ្ងៃអាចបាន១០លីត្រ ដោយទិញក្នុងតម្លៃ៥០០០រៀលក្នុងមួយលីត្រ។ ចំណែកលក្ខណៈទឹកដោះដែលទទួលទិញពីពលរដ្ឋលុះមានកូន សុខភាពល្អ មានការថែមទាំត្រឹមត្រូវដូចជាមានការចាក់វ៉ាក់សាំង ទម្លាក់សត្វល្អិតជាដើម។

អ្នកស្រីបន្តថា ដំបូងឡើយប្រជាពលរដ្ឋមិនទាន់ចាប់អារម្មណ៍ប៉ុន្មានពីមុខរបរនេះ ដោយសារកសិករមិនទាន់យល់ពីសារៈប្រយោជន៍នៃទឹកដោះក្របី ហើយម្យ៉ាងគម្រោងនេះថ្មីទើបចាប់ផ្តើមផងដែរ។

អ្នកស្រី ឆុង សុខឡាយ ប្រមូលទិញទឹកដោះក្របីពីពលរដ្ឋជួយសហគមន៍មានជីវភាពល្អប្រសើរ។រូបភាពពីធារ៉ូ។

សម្រាប់ជាមុខម្ហូបក្នុងគ្រួសារវិញ ទឹកដោះក្របីបន្ទាប់ពីរឹតមក គេអាចយកមកញ៉ាំបាន ហើយអាចយកទៅកែច្នៃយកទៅដាំបាយ ស្លរ ធ្វើជាបង្អែម ចៀនជាមួយពងទា  និងដាក់ក្នុងបបរក៏បានដែរ។ ជាងនេះទឹកដោះក្របីក៏អាចផលិតជាទឹកដោះក្របីជូរបានទៀតផង ដែលជាប្រភពផ្តល់ថាមពលនិងសារធាតុចិញ្ចឹមច្រើន ជំនួយដល់ឆ្អឹងរឹងមាំ បង្កើនកម្លាំងឱ្យមាំមួន ជាពិសេសស្ត្រីៗអាចជួយឱ្យស្បែកស្អាត។

អ្វីជាពិសេសការបន្ថែមមុខរបរចិញ្ចឹមក្របីរឹតយកទឹកលក់នេះ ជាផ្នែកមួយអាចរកប្រាក់ចំណូលក្នុងគ្រួសារសម្រាប់ការសិក្សារបស់កូនៗបានមួយផ្នែកតូចផងដែរ។

កសិករយកទឹកដោះក្របីស្លសម្រាប់ជាម្ហូបក្នុងគ្រួសារ។រូបភាពពីធារ៉ូ។

សូមបញ្ជាក់ថា ក្របីដែលកសិករចិញ្ចឹមនៅខេត្តកំពង់ធំ ដែលអង្គការGIZ បានណែនាំឱ្យកសិករច្របាច់យកទឹកដោះនោះ សម្បូរដោយប្រូតេអ៊ី កាល់ស្យូម ពិសេស មានអ្នកធានាចាំទទួលទិញនៅភ្នំពេញ និងខេត្តសៀមរាប ដែលមានលទ្ធភាពក្នុងការកែច្នៃទឹកដោះក្របី ធ្វើជាឈីស ទឹកដោះគោជូ ការរ៉េម​ជាដើម​  ដែលមានតម្រូវការខ្ពស់ក្នុងមួយថ្ងៃរាប់ពាន់លីត្រឯណ្ណោះ៕

កសិករប្រមូលទឹកដោះក្របីលក់។រូបភាពពីធារ៉ូ។

 អត្ថបទខ្លីសរសេរដោយ  ធារ៉ូ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ។

 

 

Share

Image
Image
Image