ស្នងការរដ្ឋាននគរបាលខេត្តកំពតបានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះថា កងកម្លាំងស្នងការដ្ឋាននឹងបន្ដរកយុវតីម្នាក់ទៀតដែលបានបាត់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ក្រោយជួបជំនន់ទឹកភ្លៀងនៅពេលទៅបោះតង់កម្សាន្ដនៅលើជ្រោះឱម៉ាល់។
ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានបន្ដស្វែងរកយុវតីដែលបាត់ខ្លួននេះជារៀងរាល់ថ្ងៃ។ ដោយសារបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ ធ្វើឱ្យទឹកជ្រោះមានសភាពធំ មិនទាន់អាចស្វែងរកយុវតីនោះបានទេ។
កាលពីថ្ងៃកើតហេតុអាជ្ញាធរបានសម្រួលអ្នកទេសចរផ្សេងទៀត ចេញពីតំបន់ទេសចរណ៍ទឹកធ្លាក់ឱម៉ាល់ តែបានបាត់ខ្លួនអ្នកទេសចរ៣នាក់។ នៅថ្ងៃ៣០ ខែកក្កដា កន្លងទៅអាជ្ញាធរបានរកឃើញយុវតី២នាក់ ដោយម្នាក់បានស្លាប់ដោយសារធ្លាក់ចូលជ្រោះ។
សូមជម្រាបថា ទឹកជ្រោះឱម៉ាល់មានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត ជាតំបន់ទេសចរណ៍ទឹកធ្លាក់ពីលើភ្នំ នៃជ្រលងភ្នំបូកគោ។ នៅតំបន់ភ្នំពេលមានភ្លៀងធ្លាក់ខ្លាំង ទឹកភ្លៀងអាចបង្កជាជំនន់ទឹកភ្លៀងបានភ្លាមៗ។ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃនេះ បញ្ជាក់ថានៅតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់់ពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់រយៈពេល១សប្ដាហ៍បន្ដទៀត ដោយសារកម្ពុជា ទទួលសម្ពាធទាបពីការអូសបន្លាយលើភាគខាងជើង គួបផ្សំជាមួយខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យមផងដែរ៕