en     km
en     km

សម្ដេចហ៊ុន សែន៖រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នឹងត្រូវតែងតាំងថ្មីក្រោយថ្ងៃទី២២ សីហា

Share

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលត្រៀមខ្លួនបញ្ចប់អាណត្តិរាជរដ្ឋាភិបាលរបស់ខ្លួនបានឱ្យដឹងថា ​រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សា នឹងបញ្ចប់អាណត្តិរបស់ខ្លួនជាមួយអាណត្តិរាជរដ្ឋាភិបាល ហើយនឹងត្រូវមានការតែងតាំងថ្មី ក្រោយថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលលោក ហ៊ុន ម៉ាណែត ស្បថចូលកាន់តំណែងជារាជរដ្ឋាភិបាលថ្មី។

តែយ៉ាងណា តាមសារសំឡេងរបស់សម្ដេច ហ៊ុន សែន ដែលចេញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា មន្ដ្រីដែលតែងតាំងរួចគឺនៅបន្ដដដែល។ ក្នុងនោះមានរដ្ឋមន្ដ្រីមួយចំនួនគឺនៅតែកាន់តំណែងរបស់ខ្លួនក្នុងការគ្រប់គ្រងក្រសួង ដោយសារទើបតែងតាំងរួចសាជាថ្មី។ គេសង្កេតឃើញស្ដ្រីរដ្ឋមន្ដ្រីពីររូបបន្ដការងាររបស់ខ្លួន គឺលោកស្រី ភឿង សកុណា បន្ដកាន់មុខតំណែងជារដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី អ៊ឺង កន្ថាផាវី បន្ដកាន់មុខតំណែងជារដ្ឋមន្ដ្រីក្រសួងកិច្ចការនារីដែរ។

នៅតាមបណ្ដាណសង្គមមានការបង្ហើបឱ្យដឹងថា សម្រាប់អាណត្តិថ្មី នឹងមានការប្ដូរសមាសភាពរបស់មន្ដ្រីរាជរដ្ឋាភិបាលមួយចំនួន ក្នុងនោះគេក៏ឃើញមានស្ដ្រីមួយរូបទៀតដែរ នឹងមកកាន់ដំណែងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម គឺលោកស្រី ចម និម្មល កូនស្រីលោក ចម ប្រសិទ្ធិ រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

លោកស្រី សេង រាសី នាយិកាអង្គការសីលការ ថាបើដូចតាមការបង្ហោះលើបណ្ដាញសង្គម  ចំនួនស្ដ្រីដែលនឹងត្រូវបានតែងតាំងសម្រាប់អាណត្តិថ្មីនេះ គឺនៅតែមានចំនួនតិចដដែល ខណៈនេះជាឱកាសសម្រាប់លើកតម្កើងស្រី្ដឱ្យកាន់តួនាទីក្នុងការសម្រេចចិត្ត និងមានស្ដ្រីមានសមត្ថភាពជាច្រើនក្នុងជួររាជរដ្ឋាភិបាល។ នេះបើតាមការថ្លែងរបស់លោកស្រីកាលពីចូលរួមកម្មវិធី វេទិកាស្ដ្រីប្រចាំខែ របស់វិទ្យុស្ដ្រី នាថ្ងៃសុក្រទី២៨ ខែកក្កដា។

ទោះយ៉ាងណា សម្ដេចនាយករដ្ឋមន្ដ្រីអះអាងថា ការផ្លាស់ប្ដូរតួនាទីនេះ ធ្វើឡើងតែក្នុងតួនាទីជារដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប៉ុណ្ណោះ ចំណែកអ្នកកាន់តំណែងមុខងារសាធរណៈ ដូចជា អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អភិបាលខេត្ត អភិបាលរង អភិបាលស្រុក អភិបាលរង ស្រុក ខណ្ឌ គឺមិនត្រូវបានប៉ះពាល់នោះទេ លើកលែងតែគ្រប់អាយុចូលនិវត្តន៍៕

Share

Image
Image
Image