en     km
en     km

ផ្ទាំង​ភាពយន្តរឿងឆ្នាំអូន១៦ ត្រូវបានរកឃើញដោយក្រុមដំណើរខ្មែរ

Share

ភ្នំពេញ៖ ផ្ទាំងភាពយន្តរឿងឆ្នាំអូន ១៦​ ចំនួន៣សន្លឹក ដែលជាផ្ទាំងភាពយន្តរបស់ខ្មែរបានបាត់វត្តមានជាច្រើនទស្សវត្សមកហើយនោះ ឥឡូវត្រូវបានក្រុមព្រះដំណើរខ្មែរស្រាវជ្រាវរកឃើញក្រោយពីរយៈទុករយៈពេលជាង៤០ឆ្នាំដោយពលរដ្ឋខ្មែរម្នាក់រស់នៅសហរដ្ឋអាមេរិក។នេះបើតាមលោក វីរៈ វ៉ារ៉ានី អ្នកស្រាវជាវភាពយន្តវ័យក្មេងនិងជាប្រធានក្រុមដំណើរខ្មែរប្រាប់សិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)កាលពីពេលថ្មីៗនេះ។

នេះជាផ្ទាំងភាពយន្តតរឿងឆ្នាំអូន ១៦​ ចំនួន៣សន្លឹកដែលបាត់វត្តមានជាច្រើនទស្សវត្ស។រូបភាពទទួលបានពី គង់ ប៊ុនថន។

លោក វីរៈ វ៉ារ៉ានី មានចំណាប់អារម្មណ៍ពីស្នាដៃអ្នកផលិតភាពកាលពីសម័យមុនថា វិស័យភាពយន្តកម្ពុជានិងខ្សែភាពយន្តជាច្រើនពីអតីតកាល ភាគច្រើនផលិតពោរពេញដោយគុណភាព និងបានបង្ហាញអំពីវប្បធម៌និងសិល្បៈខ្មែរពីអតីតកាល និងភាពស៊ីវិល័យនៃការផលិតភាពយន្តខ្មែរនាយុគ្គសម័យមាសនៃភាពយន្តនិងតន្រ្តីខ្មែរ។

ដោយឡែកសម្រាប់ផ្ទាំងភាពយន្តរឿងឆ្នាំអូន១៦វិញ លោកទទួលពីពលរដ្ឋខ្មែរម្នាក់រស់នៅសហរដ្ឋអាមេរិកដែលបានចំណាយកម្លាំងកាយចិត្តធ្វើដំណើរពីសហរដ្ឋអាមេរិកមកទឹកដល់កម្ពុជានិងបានប្រគល់ជូនក្រុមដំណើរខ្មែររបស់លោក វីរៈ វ៉ារ៉ានី។

លោក វ៉ារ៉ានី បន្តថា លោកបានទទួលផ្ទាំងភាពយន្តនេះកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីលោកស្រី ប៉ិល គន្ធា រក្សាទុកអស់រយៈពេលជាង៤០ឆ្នាំមកហើយ។

លោក វីរៈ វ៉ារ៉ានី អ្នកស្រាវជាវភាពយន្តវ័យក្មេងនិងជាប្រធានក្រុមដំណើរខ្មែរ។រូបភាពទទួលបានពី គង់ ប៊ុនថន។

ផ្ទាំងភាពយន្តរឿងឆ្នាំអូន១៦ ទាំងបីសន្លឹកនេះ មានទំហំធំ២៤សង់ទីម៉ែត្រ គុណនិង២៥សង់ទីម៉ែត្រ ពណ៍ធម្មជាតិ មានប្រវត្តិវែងឆ្ងាយណាស់។  ផ្ទាំងភាពយន្តនេះត្រូវបានបុរសម្នាក់នាំយកចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិកនៅចុងឆ្នាំ១៩៧៩​និងបានដាក់រូបនេះតាំងក្នុងហាងលក់ទំនិញ។  ដោយចៃដន្យ លោក ស្រី ប៉ិល គន្ធា បានឃើញរូបនេះក៏បានសុំទិញយកមករក្សាទុកតែម្តង។

កាលពីឆ្នាំ១៩៩៣ ដំណឹងខ្សែរភាពយន្តនេះ ត្រូវបានគេរកឃើញនៅដឹកដីខេត្តបាត់ដំបង ហើយមានការចាក់បញ្ចាំងនៅរោងភាពយន្តមួយនៅរាជធានីភ្នំពេញ ក្រោយមកទៀតដំណឹងនៃភាពយន្តនេះបានបាត់សូន្យសឹងមកដល់បច្ចុប្បន្ននេះ។

លោក​ វីរៈ វ៉ារ៉ានី ឱ្យដឹងថា ខ្សែភាពយន្តសម័យដ៏ល្បីល្បាញរឿងឆ្នាំអូន ១៦ ជាវណ្ណកម្មមួយរបស់ផលិតកម្មហេមពានភាពយន្ត និពន្ធនិងដឹកនាំដោយ លោក ជា យុទ្ធថន។ ភាពយន្តនេះបានដាក់បញ្ចាំងជាលើកដំបូងនៅលើរោងភាពយន្ត កាពីតូល ក្នុងឆ្នាំ១៩៧៣ សម័យសាធារណរដ្ឋខ្មែរ។ ភាពយន្តនេះមានភាពល្បីល្បាយរហូតដល់អន្តរជាតិដោយមានអ្នកជំនួយភាពនៃប្រទេសថៃ សិង្ហបុរី ម៉ាលេយូ ហ្វីពីលីនជាដើម ហើយភាពយន្តនេះត្រូវបានទិញយកទៅបញ្ចាំងជាច្រើនកន្លែង ព្រោះភាពយន្តនេះបានបង្ហាញពីភាពស៊ីវិល័យនិងការជឿនលឿនកាលពីទសវត្សរ៍ ៧០។

ភាពយន្តនេះសម្តែងដោយតារាល្បីៗនៃសាធារណរដ្ឋខ្មែរ រួមមានអ្នកនាង សោម វណ្ណសូដានី លោក ជា យុទ្ធថន នាង ភួង ផាវី អ្នកស្រីម៉ាប់ ណូយ៉ា ត្រង់ដឺ ទីទុយ ឡូតូ និងកណ្តុរ គ្រុនជាដើម។

ម្ចាស់ផ្ទាំងភាពយន្តរឿងឆ្នាំអូន ១៦ គឺលោកស្រី ប៉ិល គន្ធា បានប្រាប់ក្រុមការងារដំណើរខ្មែរថា លោកស្រីបានយល់ពីបេសកកម្មដ៏មោះមុតរបស់ លោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ ក្នុងការប្រមូលឯកសារភាពយន្ត ចម្រៀង និងប្រវត្តិសាស្រ្តយកមករក្សាទុក និងផ្សព្វផ្សាយ។ លោកស្រីសម្រេចចិត្តប្រគល់រូប ថតទាំងនេះមកកាន់ក្រុមដំណើរខ្មែរ ដើម្បីរក្សាទុកបន្តនិងផ្សព្វផ្សាយចែករំលែកចំណេះដល់កូនខ្មែរជំនាន់ក្រោយបានដឹង៕

អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយពីInterNews។

Share

Image Not Found
Image

ព័ត៌មានទាក់ទង