en     km
en     km

WMCបើកវគ្គបណ្តុះបណ្តាលសរសេរព័ត៌មានខ្លីនិងថតរូបដល់ពលរដ្ឋប្រមាណ៤០នាក់

Share

ភ្នំពេញ៖អង្គការមណ្ឌលព័ត៌មានស្រី្តកម្ពុជា(WMC)បានបើកវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយជូនដល់សិក្ខាកាមប្រមាណ ៤០នាក់ជុំវិញការសរសេរអត្ថបទខ្លីនិងការថតរូប។ វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រយៈពេលពីរថ្ងៃគឺពីថ្ងៃទី២៧ និង២៨ ខែកក្ដដាឆ្នាំ២០២៣។កម្មវិធីនេះប្រព្រឹត្តិឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយដល់សិក្ខាកាមចូលរួម ពិសេសគឺចង់ឱ្យយុវជនក្លាយជាពលរដ្ឋអ្នកសារព័ត៌មានដែលអាចមានសមត្ថភាពធ្វើសេចក្តីរាយការណ៍ព័ត៌មានពីរឿងរ៉ាវក្នុងសហគមន៍ផ្សព្វផ្សាយលើគេហទំព័រWMC។

គ្រូបណ្តុះបណ្តាលមកពីWMCកំពុងចែករំលែកពីចំណេះដឹងទាក់ទងការសរសេរព័ត៌មានខ្លីជូនដល់សិក្ខាកាមប្រមាណ៤០នាក់។

ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ក្រុមគ្រូបង្គោលនៃWMCបានផ្តល់នូវមេរៀនមួយចំនួនទាក់ទងប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ ដែលប្រជាពលរដ្ឋនៅប្រើប្រាស់ដើម្បីទទួលបានព័ត៌មានផ្សេងៗដូចជា កាសែត ទូរទស្សន៍ វិទ្យុ ការផ្សាយតាមទីសាធារណៈ និងប្រព័ន្ធឌីជីថល។

មេរៀនសំខាន់មួយទៀតនោះ គឺផ្តោតលើមេរៀន ការសរសេរព័ត៌មាន(5W1H) ការសម្ភាសន៍ និងរបៀបថតរូបដែលមេរៀនទាំងអស់នេះនឹងអាចធ្វើឱ្យសិក្ខាកាមអាចមានសមត្ថភាពផលិតព័ត៌មានខ្លីៗត្រឹមត្រូវតាមក្បួនខ្នាតវិជ្ជាជីវៈសារព័ត៌មានបាន។

សកម្មភាពសិក្ខាកាមចូលរួមធ្វើការងារជាក្រុម។

ដោយឡែកក្នុងពេលរៀនគ្រូបង្គោលបានដាក់លំហាត់ការងារជាក្រុមដល់សិក្ខាកាម ដើម្បីពួកគេបានយល់កាន់តែច្បាស់ពីមេរៀន។ ជាការសង្កេត យុវជនជាសិក្ខាកាមបានចូលរួមធ្វើការងារក្រុមយ៉ាងសកម្មដោយពួកគេបានចូលរួមផ្តល់មតិយោបល់គ្នាទៅវិញទៅមក និងឡើងធ្វើបទបង្ហាញពីកិច្ចការក្រុមរបស់ពួកគេរៀងៗខ្លួន។ នៅពេលក្រុមនីមួយៗឡើងធ្វើបទបង្ហាញនោះដែរ សិក្ខាកាមក្រុមផ្សេងៗទៀតបានលើកជាសំនួរនិងបានផ្តល់មតិយោបល់បន្ថែមដើម្បីឱ្យកិច្ចការក្រុមនីមួយៗកាន់តែល្អប្រសើរជាងមុន។

សិក្ខាកាមហាត់ធ្វើបទសម្ភាសន៍។

សិក្ខាកាមមួយរូបគឺលោក សម សារ៉ន មានមតិយោបល់ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះជាទុនមួយសម្រាប់ឱ្យសិក្ខាកាមអាចមានសមត្ថភាពនិងលទ្ធភាពធ្វើសេចក្តីរាយការណ៍ព័ត៌មាននូវលើរឿងរ៉ាវដែលកើតមានក្នុងសហគមន៍ដើម្បីផ្តល់ជាដំណឹងឈានទៅរកដំណោះស្រាយជូនប្រជាពលរដ្ឋតាមសហគមន៍របស់ពួកគេរសនៅ។ លោកបន្ថែមថា បច្ចុប្បន្ននៅតាមសហគមន៍មួយចំនួនដែលជួបប្រទះបញ្ហានានាដែលពេលខ្លះពុំសូវមានការអើងពើពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ ដែលប្រការនេះធ្វើឱ្យប្រជាពលរដ្ឋរងនូវផលវិបាក តួយ៉ាងដូចជាបញ្ហា គ្រឿងញៀន ក្មេងទំនើង បញ្ហាអសន្តិសុខ បញ្ហាល្បែងស៊ីសង និងបញ្ហាការផ្តល់សេវាសាធារណយឺតយ៉ាវជាដើម។ លោកថាតាមរយៈការសិក្សាសរៀនសូត្រពីវគ្គបណ្តុះបណ្តាលនេះយុវជនមានឱកាសក្នុងការបញ្ចេញនូវរឿងរ៉ាវអសកម្មទាំងនេះជូនដល់សាធារណជន ពិសេសអាជ្ញាធរដែនដីបានដឹងដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលាជូនដល់ប្រជាជនក្នុងសហគមន៍។

នេះជារូបភាពសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល។

លោក ផាន ភ័ព្វបារមី នាយកគម្រោងនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ថ្លែងចាប់អាម្មរណ៍ក្នុងកម្មវិធីនេះថា ការចូលរួមរបស់សិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបន្ទាប់ពីសិក្ខាកាមសិក្សាចប់ ពួកគេអាចមានសមត្ថភាពអាចសរសេរព័ត៌មានពីសហគមន៍របស់ពួកគេ ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋក្នុងសហគមន៍វិញ។

លោក ភ័ព្វបារមី សង្កត់ធ្ងរថា ការធ្វើសេចក្តីរាយការណ៍រឿងរ៉ាវក្នុងសហគមន៍ជាការផ្លាស់ប្តូរមួយជាវិជ្ជមាន ពិសេសធ្វើឱ្យមានការឆ្លើយតបពីអាជ្ញាធរដល់ពលរដ្ឋតាមរយៈស្នាដៃនៃអត្ថបទរបស់សិក្ខាកាមដែលជាផ្នែកមួយនៃការកិច្ចអភិវឌ្ឍន៍ក្នុងសហគមន៍។

លោក បារមី(ស្តាំ)ចែកវិញ្ញាបនប័ត្រជូនសិក្ខាកាម។

នៅចុងកម្មវិធីសិក្ខាកាមដែលបានចូលរួមបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេបានរីករាយដែលបានចូលរួមវគ្គបណ្តុះបណ្តាលMILនេះ ព្រោះបានយល់ដឹងកាន់តែច្បាស់ពីប្រព័ន្ធផ្សព្វផ្សាយ និងមូលដ្ឋាននៃការសរសេរព័ត៌មានខ្លីនិងយល់ពីប្លង់នៃការថតរូបកាន់តែច្បាស់។ សិក្ខាកាមដែលចូលរួមយល់ថា ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះនឹងអាចឱ្យពួកគេមានមូលដ្ឋានចេះចុះយកព័ត៌មាននិងសរសេរព័ត៌មានតាមវិជ្ជាជីវៈនៃសារព័ត៌មាន។ សិក្ខាកាមឱ្យដឹងបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់វគ្គនេះពួកគេនឹងព្យាយាមឆ្លៀតពេលចុះធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលកំពុងកើតមានក្នុងសហគមន៍របស់ពួកគេឱ្យមានដំណោះស្រាយកាន់តែល្អប្រសើរ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយWMCនេះ ទទួលបានការគាំទ្រថវិកាInterNews៕

ខាងក្រោមនេះជាកម្រងរូបភាពនៃវគ្គបណ្តុះបណ្តាល៖

សិក្ខាកាមហាត់ធ្វើបទសម្ភាសន៍។

នេះជារូបភាពសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល។

 

Share

Image
Image
Image