en     km
en     km

តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រចាំឆ្នាំនៅអាកាសយានដ្ឋានអន្តរជាតិតាយយ័ន

Share

 

TAOYUAN៖ កោះតៃវ៉ាន់បានធ្វើសមយុទ្ធប្រចាំឆ្នាំបាញ់គ្រាប់ពិត ប្រើឧទ្ធម្ភាគចក្រBlack Hawk និងកងទ័ពជើងគោកដាក់ពង្រាយទប់ទល់នឹងការវាយប្រហារតាមអាកាស និងការពារអាកាសយានដ្ឋានអន្តរជាតិ Taoyuan ។រាយការណ៍ដោយ

 

លំហាត់កងទ័ពនេះស្ថិតក្នុងចំណោមសមយុទ្ធរយៈពេលមួយសប្តាហ៍ដែលក្លែងធ្វើការវាយប្រហារពីប្រទេស​ចិននៅក្នុងសមយុទ្ធយោធា Han Kuang ក្នុងឆ្នាំនេះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបង្ហាញពីសមត្ថភាពការពារជាតិរបស់កោះតៃវ៉ាន់ ត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងការវាយប្រហារពីប្រទេសចិនដែលអាចកើតមានឡើងជាយថាហេតុ។

ទោះបីមានព្យុះទីហ្វុង Doksuri បានរំខានលំហាត់សមយុទ្ធបាញ់គ្រាប់ពិតនៅពីរថ្ងៃដំបូង ប៉ុន្តែសមយុទ្ធ នៅអាកាសយានដ្ឋានជាលើកដំបូងនេះបានដំណើរការទៅមុខតាមការគ្រោងទុក។តៃវ៉ាន់បាននិងកំពុងបង្កើនការប្រុងប្រយ័ត្នសម្រាប់ការវាយប្រហារពីទីក្រុងប៉េកាំងក្នុងពេលណាមួយ។ការត្រៀមខ្លួនបែបនេះបន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធាដ៏ធំបំផុតនៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំមុន។

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​បាន​ធ្វើ​​ឱ្យលោកខាង​លិច​គិតថា​ កោះតៃវ៉ាន់​អាច​ប្រឈម​មុខ​នឹង​ការ​វាយលុក​​ពី​ប្រទេស​ចិន។ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ចង់ទាញយកបទពិសោធន៍ពីសង្គ្រាមអ៊ុយក្រែន ដោយបានធ្វើសមយុទ្ធយោធានៅអាកាសយានដ្ឋានស៊ីវិលរបស់ខ្លួន។

អ្នកជំនាញខាងយោធាបាននិយាយថា សមយុទ្ធនេះគឺជាការចាំបាច់ដោយសារតែព្រលានយន្តហោះ Taoyuan មានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរ Zhuwei ដែលអាចជាកន្លែងចុះចតដ៏សំខាន់សម្រាប់កងទ័ពចិន។អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខបាននិយាយថា “ប្រសិនបើអាកាសយានដ្ឋានអន្តរជាតិត្រូវបានសត្រូវកាន់កាប់ នោះសត្រូវនឹងវាយលុកចូលដល់ដំណាក់កាលទីពីរ ដើម្បីពង្រីកការវាយប្រហាររបស់ពួកគេបន្ថែមទៀត ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការធ្វើសមយុទ្ធនេះ”។ “សមយុទ្ធអាកាសយានដ្ឋាននេះ នឹងជួយកងទ័ពអាកាសរបស់តៃវ៉ាន់ ឱ្យប្រើប្រាស់ផ្លូវរត់ជាការត្រៀមបម្រុង​សម្រាប់យន្តហោះយោធា ដើម្បីហោះឡើង និងចុះចត”។ តៃវ៉ាន់បានបង្កើនការចំណាយ១៤%ផ្នែកយោធានៅឆ្នាំនេះ គឺបានកើនដល់១៨.៨ពាន់លានដុល្លារ ស្របពេលមានភាពតានតឹងបានកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែ​ថវិកា​យោធា​របស់​ចិន​គឺ​ខ្ពស់​ជាង​កោះ​តៃវ៉ាន់១០ដង។ លោក Arthur Wang អ្នកនាំពាក្យរបស់សមាគម Asia-Pacific Elite Interchange បាននិយាយថា “តៃវ៉ាន់ត្រូវតែមានសមត្ថភាពធ្វើសង្គ្រាម ដើម្បីអូសបន្លាយពេលវេលាទបើទល់នឹងសត្រូវ និងការពារទឹកដីរបស់យើង ដោយទទួលយកជំនួយពីប្រទេសផ្សេងៗទៀត”។ អ្នកវិភាគបាននិយាយថា ច្រកសមុទ្រតៃវ៉ាន់អាចជារបាំងភូមិសាស្ត្រការពារកោះនេះ។អ្នកវិភាគបានបន្ថែមថា “ជាមួយ​នឹងបច្ចេកវិទ្យាកាំជ្រួចទំនើប នឹងធ្វើឱ្យតៃវ៉ាន់មានប្រៀបទាំងនៅលើអាកាស និងនៅលើសមុទ្រ ដើម្បីទប់ទល់នឹងការវាយប្រហារពីសត្រូវ” ។ទោះបីជាមានសមត្ថភាពបែបនេះក៏ដោយ អ្នកវិភាគបាននិយាយថា មធ្យោបាយដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហាច្រកសមុទ្រតៃវ៉ាន់ គឺការសន្ទនាដោយសន្តិវិធី៕

ប្រភព៖ C N A ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣

Share

Image
Image
Image