en     km
en     km

តំបន់តាតៃក្រោម ត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមហេតុផលលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន

Share

តំបន់ តាតៃក្រោម ត្រូវបានក្រសួងបរិស្ថានប្រកាសទទួលស្គាល់ជាផ្លូវការថា ជាសហគមន៍តំបន់ការពារបរិស្ថាន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមហេតុផល ប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ លើទំព័រហ្វេសប៊ុកថា សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម មានទំហំសរុប ៩៧.៣ហិតា នឹងរៀបចំអភិវឌ្ឍសហគមន៍នេះឱ្យស្របតាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

បើតាមក្រសួងបរិស្ថានដដែល ការទទួលស្គាល់តំបន់តាតៃក្រោមជាផ្លូវការនេះ ក៏ដោយសារមានការសម្របសម្រួលពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»ផងដែរ ដែលគម្រោងនេះរាជរដ្ឋាភិបាលកម្ពុជា បានឱ្យក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទអនុវត្ត។ នាពេលបច្ចុប្បន្ន គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បាននឹងកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប។

គួរជម្រាបថា តំបន់ តាតៃក្រោម ស្ថិតនៅក្នុងដែនជម្រកសត្វ ពពាមក្រសោប ក្នុងភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ ប្រជាពលរដ្ឋមូលដ្ឋាននៅតំបន់តាតៃក្រោម ភាគច្រើនប្រកបរបរបើកទូកទេសចរណ៍ នាំភ្ញៀវទស្សនាក្នុងតំបន់តាតៃ និងលក់អនុផលផ្លែឈើក្នុងតំបន់ដូចជា ទុរេនបុរាណ ផ្លែភ្ញៀវ និងសាម៉ាវជាដើម៕

Share

Image
Image
Image