នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៥ នេះ ការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្តក្រុង ក្រុមហ៊ុនកាពីតូល បានឈានចូលដល់ថ្ងៃទី២ហើយ។ នៅថ្ងៃនេះដែរ ក្រុមអ្នកបើករថយន្តក្រុងបាននាំគ្នាមកដល់សាលារាជធានីភ្នំពេញ ដើម្បីឱ្យជួយដោះស្រាយនូវបញ្ហាដែលសមត្ថកិច្ច រារាំង និងដល់រឹបអូសយកមេក្រូពីក្រុមកម្មករ និងមានការរុញច្រានគ្នា។
រាយការណ៍ព័ត៌មានដោយ កញ្ញា ច្រឹក ស្រីអូន ៖
ក្រុមកម្មករបើករថយន្តក្រុងឱ្យក្រុមហ៊ុនកាពីតូល ប្រមាណជិត ៤០ នាក់ បាននាំគ្នាមកតវ៉ា នៅខាងមុខសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ធ្នូនេះ ដើម្បីឱ្យសាលារាជធានីភ្នំពេញជួយដោះស្រាយបញ្ហាសមត្ថកិច្ចរារាំង និងរឹបអូសឧបករណ៍បំពងសំឡេងរបស់ពួកគេ។
អគ្គលេខាធិការសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា លោក អៀន គឹមហ៊ុន និយាយថា ការធ្វើកូដកម្មនេះលោកបានផ្តល់ដំណឹងជូនដល់សាលារាជធានី និងអាជ្ញាធររួចរាល់ហើយ ហើយការធ្វើកូដកម្មនេះ គឺគ្រាន់តែស្រែកទាមទារនៅពីខាងមុខក្រុមហ៊ុន ដែលមានទីតាំងនៅខាងមុខផ្សារអូរឫស្សី ដោយមានកាន់បដា តែត្រូវបានអាជ្ញាធរហាមឃាត់ រារាំង និងរឹបអូសយកសម្ភារៈទៅវិញ។
«យើងជូនដំណឹងឱ្យអាជ្ញាធរ បានដឹងបានឮ គាត់ចូលរួមការពារអ្នកចូលរួមធ្វើកូដកម្ម បើគាត់ចូលរួមរៀបចំសណ្ដាប់ធ្នាប់ ប៉ុន្តែយើងទៅឈរនៅទីលានគ្មានមនុស្ស ឈរស្រែកត្រឹមត្រូវដល់ពេលស្រែយូរទៅ មិនដឹងក្រុមហ៊ុនមានមានគំនិតយ៉ាងម៉េចយកមេក្រូខ្ញុំកំពុងនិយាយ កាច់ដៃខ្ញុំចង់បាក់…»។
អ្នកបើករថយន្តក្រុងឱ្យក្រុមហ៊ុនកាពីតូលរយៈពេល ១០ ឆ្នាំមកហើយ គឺលោក សំ វិចិត្រ បាននិយាយថា លោកមកសាលារាជាធានីភ្នំពេញដោយសារចង់ឱ្យសាលារាជធានី ជួយអន្តរាយគមន៍ ដល់សមត្ថកិច្ចការរារាំងមិនឱ្យធ្វើកូតកម្មរបស់ពួកគាត់ ដើម្បីឱ្យក្រុមហ៊ុនកាពីតូល ទទួលយកបុគ្គលិក ដែលក្រុមហ៊ុនបញ្ឈប់ចំនួន ៤៥ នាក់ចូលមកធ្វើការវិញ។ លោកថា សមត្ថកិច្ច បានហែកបដា និងយកមេក្រូរបស់ពួកគាត់។
«ក្រុមអាជ្ញាធរមានបំណងអាក្រក់ ចាប់មេក្រូរបស់ពួកខ្ញុំតែចាប់មិនបានដោយសារ ពួកខ្ញុំខំការពារ ពួកខ្ញុំអត់ជម្រើស ឥឡូវពួកខ្ញុំហែរក្បួនពីអូរឫស្សី មក ខាងមុខសាលារាជធានីភ្នំពេញដើម្បីឱ្យលោកអភិបាលរាជធានីជួយដោះស្រាយ រយុត្តិធ៍មជូនពួកខ្ញុំ»។
បើតាមលោក អៀន គឹមហ៊ុន អគ្គលេខាធិការ សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា ដែលបានចូលទៅក្នុងសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីនឹងជួយអន្តរាគមន៍ ផ្ដល់គ្រឿងមេក្រូមកឱ្យក្រុមកម្មករមកវិញផងដែរ។
យ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ា និយាយថា ពួកគេនឹងបន្តការតវ៉ា ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកពួកគេ ៤៥ នាក់ឱ្យចូលធ្វើការវិញ៕