en     km
en     km

ព្រឹត្តិការណ៍អន្ដរជាតិ៖ តើ​នរណានឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ?

Share

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (Move Forward)  លោក Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្រ្តីថៃមួយរូប ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជន។ ក៏ប៉ុន្តែ កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ សភាថៃបានបោះឆ្នោតរារាំងមិនឱ្យលោក Pita ទទួលបានតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះឡើយ។ ស្របពេលគ្នានោះ លោក Pita ក៏ត្រូវបានគេព្យួរតួនាទីជាសមាជិកសភាមួយរយៈ ក្រោមហេតុផលលោកមានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ យ៉ាងណាមិញ តើបច្ចុប្បន្ននយោបាយរបស់ថៃកើតមានភាពចម្រូងចម្រាសអ្វីខ្លះ? ហើយតើនរណានឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃបន្តវេនពីលោក ប្រាយុទ្ធ​ ចាន់អូចា? តទៅនេះសូមនាងកញ្ញា លោកលោកស្រី អញ្ចើញស្តាប់ការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅ៖

ព្រះរាជាណាចក្រថៃបានប្រកាសបោះឆ្នោតជាសកលនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងនោះ គេសង្កេតឃើញមានគណបក្សមួយចំនួនបានចូលរួមប្រកួតប្រជែងដណ្តើមតំណែងជានាយករដ្ឋមន្រ្តីថៃថ្មីនៅក្នុងអាណត្តិនេះ ដែលមានដូចជាគណបក្សចលនាឆ្ពោះទៅមុខ Move Forward,​ គណបក្សភឿថៃ, គណបក្ស UTN, គណបក្សប្រាឆាឆាត, គណបក្ស Thai Liberal Party, គណបក្សថៃសាងថៃ, គណបក្សយុត្តិធម៌, គណបក្សផ្លុងស៊ុងកុមម៉ៃ និងគណបក្ស Pue Thai Rumphlang ជាដើម។

បើយោងតាមសារព័ត៌មាន Channel New Asia ចុះផ្សាយកាលពីថ្ងៃ១៦ ខែឧសភាបានរាយការណ៍ថា គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃបានបង្ហាញពីលទ្ធផលបឋមចុងក្រោយបំផុតកាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ថា គណបក្សប្រឆាំង Move Forward ដឹងនាំដោយលោក Pita Limjaroenrat បានទទួលអាសនៈសភាច្រើនជាងគេបង្អស់ ពោលគឺ ១៥២អាសនៈ ដោយឈរលើលំដាប់ទី១។ ខណៈតាមពីក្រោយដោយគណបក្សភឿថៃ ដឹកនាំដោយគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ទទួលបាន១៤១អាសនៈ។ ចំណែក គណបក្ស UTN ដឹកនាំដោយនាយកមន្រ្តីថៃបច្ចុប្បន្ន ទទួលបានតែ ៣៦អាសនៈ ដែលនាំឱ្យគណបក្សនេះឈរលើលំដាប់លេខរៀងទី៥។

យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះ លោក Pita បានបរាជ័យជាលើកដំបូង ជុំវិញការទទួលបានសន្លឹកឆ្នោតពីសមាជិកសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ បន្ទាប់មក កាលពីថ្ងៃពុធ ទី១៩ ខែកក្កដាកន្លងទៅនេះ លោក Pita មានឱកាសសារជាថ្មី ដើម្បីបញ្ចុះបញ្ចូលឱ្យសមាជិកសភាបោះឆ្នោតជូនរូបលោក ក៏ប៉ុន្តែលោកនៅតែបរាជ័យជាលើកទី២។ ខណៈសភាបានដកហូតតំណែងជាសមាជិកសភារបស់លោក Pita​ ចេញ ដោយលើកឡើងពីហេតុផល ដែលលោកកំពុងគ្រប់គ្រងភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សព្វផ្សាយមួយនៅក្នុងស្រុក។

ដោយឡែក បើតាមសារព័ត៌មាន Channel New Asia ចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែកក្កដាបានបញ្ជាក់ថាសភា​គ្រោង​នឹង​ប្រជុំ​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកក្កដានេះ ដើម្បី​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថៃក្នុងអាណត្តិ​ទី​៣០នេះជាថ្មី។ សំណួរចោទសួរថា តើលោក Pita នៅតែមានឱកាសក្លាយជានាយករដ្ឋមន្ត្រីថៃទៀតដែរឬទេ?

សូមជម្រាបថា លោក Pita នៅតែអាចក្លាយជានាយករដ្ឋមន្ត្រីទី៣0 របស់ប្រទេសថៃបាន បើទោះបីជាតុលាការធម្មនុញ្ញបានដកហូតលោកចេញពីសមាជិករបស់សភាក៏ដោយ។ នោះក៏ដោយសារតែរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ​មិន​តម្រូវ​ឱ្យ​នាយករដ្ឋមន្ត្រី​ធ្វើ​ជា​សមាជិករបស់​សភាឡើយ។ ជាងនេះទៅទៀត ការតែងតាំងលោកសម្រាប់តំណែងជានាយករដ្ឋមន្រ្តីនេះទៀតសោត ក៏នៅតែអាចធ្វើទៅបាន បើទោះបីជាមានការបោះឆ្នោតរារាំងកាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ក៏ដោយ។

ក៏ប៉ុន្តែ បើយោងតាម​បទប្បញ្ញត្តិដើម្បីចូលទៅ​​អង្គុយប្រជុំ​នៅក្នុង​សភា សំណើ​ដែល​ត្រូវ​បាន​បដិសេធ​មិន​អាច​​បញ្ជូន​ទៅពិចារណា​ក្នុង​សម័យ​ប្រជុំ​សភា​ដដែលបាន​នោះ​ទេ។ ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិក៏បានបញ្ជាក់ផងដែរថា ការបញ្ជូនឡើងវិញនូវសំណើបែបនេះអាចធ្វើទៅបាន ប្រសិនបើប្រធានសភាយល់ថា ស្ថានភាពបានផ្លាស់ប្តូរ ឬគួរតែអនុគ្រោះ ទើបប្រធានសភាអាចអនុញ្ញាតបាន។

ក្រៅពីលោក Pita តើនរណាអាចបង្កើតរដ្ឋាភិបាលបន្ទាប់បាន?

បច្ចុប្បន្ន ក្រសែភ្នែកទាំងអស់កំពុងបែរសម្លឹងមើលដៃគូសម្ព័ន្ធភាពរបស់គណបក្សចលនាឆ្ពោះទៅមុខ ពោលគឺគណបក្សភឿថៃ។ មេដឹកនាំគណបក្សភឿថៃ លោក Chonlanan Srikaew បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដាថា គណបក្សរបស់លោកកំពុងរង់ចាំពិភាក្សាជាមួយគណបក្សចលនាឆ្ពោះទៅមុខ ដើម្បីរកវិធានការបន្ទាប់របស់សម្ព័ន្ធ។ គួរបញ្ជាក់ដែរថា លោក Pita ធ្លាប់បាននិយាយថា ប្រសិនបើគាត់បរាជ័យក្នុងការទទួលបានសំឡេងក្នុងសភានៅថ្ងៃទី១៩ ខែកក្កដា លោកអនុញ្ញាតឱ្យគណបក្សភឿថៃនាំមុខក្នុងការបង្កើតរដ្ឋាភិបាលថៃក្នុងអាណត្តិថ្មីនេះ។

ទោះយ៉ាងណាក៏ដោយ ទាំងបេក្ខភាពគណបក្សភឿថៃ ឬបេក្ខភាពគណបក្សចលនាឆ្ពោះទៅមុខនៅតែមិនអាចប្រាកដប្រាជា ថាតើនរណានឹងអាចឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីបន្តនៅក្នុងអាណត្តិថ្មីនេះបាននៅឡើយទេ៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣

Share

Image
Image
Image