en     km
en     km

ហ្វីលីពីនបំបែកកំណត់ត្រារកគ្រាប់បាល់បានជាលើកដំបូងក្នុងការប្រកួតបាល់ទាត់នារីពិភពលោក

Share

កាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមបាល់ទាត់នារីហ្វីលីពីនបាន​យកឈ្នះក្រុមបាល់ទាត់នារី​នូវែលហ្សេឡង់ក្នុងពិន្ទុ ១ ទល់នឹង ០ ដែលនេះ​ជាជ័យ​ជម្នះ​លើក​ដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍ Women’s World Cup។

(កញ្ញា កែវ សុជាតា រាយការណ៍)

តាមសារព័ត៌មាន CNN បានឱ្យដឹងថា កីឡាការិនី Sarina Bolden បានក្លាយជាកីឡាការិនីដំបូងគេបង្អស់ដែលអាចរកគ្រាប់បាល់ជូនក្រុមជម្រើសជាតិហ្វីលីពីននៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីពិភពលោក Women’s World Cup ២០២៣។ លើសពីនេះ កីឡាការិនី Bolden ក៏បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសហ្វីលីពីន ដោយអាចផ្តួលម្ចាស់ផ្ទះក្នុងពិន្ទុ​ ១ ទល់នឹង ០។

កីឡាការិនី Sarina Bolden មានវ័យ ២៧ ឆ្នាំ និងជាកូនកាត់អាមេរិក-ហ្វីលីពីន ដែលបច្ចុប្បន្ននាងកំពុងមានប្រជាប្រិយភាពជាខ្លាំងនៅទូទាំងប្រទេសហ្វីលីពីន និងនៅលើឆាកអន្តរជាតិ សម្រាប់ការនាំមកនូវជ័យជម្នះជាប្រវត្តិសាស្រ្តជូនមាតុប្រទេស។

ជាការកត់សម្គាល់ កីឡាការិនី Bolden បាននិយាយថា នាងមិនអាចធ្វើវាបានទេ ប្រសិនបើគ្មានមិត្តរួមក្រុម ក្រុមការងារ អ្នកគាំទ្រ និងប្រជាពលរដ្ឋហ្វីលីពីននៅពីក្រោយខ្នង។ កីឡាការិនីរូបនេះធ្លាប់បានប្រាប់សារព័ត៌មាន CNN នៅមុនពេលប្រកួតថា មនុស្សគ្រប់គ្នានឹងភ្ញាក់ផ្អើល ជាពិសេសសកលលោកទាំងមូល។

យ៉ាងណា នាងបានបញ្ជាក់បន្ថែមដែរថា បាល់ទាត់មិនមែនជាកីឡាដ៏សំខាន់មួយនៅក្នុងប្រទេសហ្វីលីពីននោះទេ ក៏ប៉ុន្តែនាងនិងមិត្តរួមក្រុមនឹងពាំនាំនូវមោទនភាព ដែលនឹងបង្ហាញជាសាធារណៈនៅលើអេក្រង់ និងនៅលើឆាកដ៏ធំក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់នារីពិភពលោកឆ្នាំ២០២៣។ នៅពេលនោះមនុស្សនឹងងាកមកចាប់អារម្មណ៍ និងចង់ចូលលេងកីឡាបាល់ទាត់ជាក់ជាមិនខាន។

យ៉ាងណាមិញ នៅមុនប៉ះជាមួយក្រុមនូវែលហ្សេឡង់ ប្រទេសហ្វីលីពីនបានចាញ់ក្រុមស្វីសក្នុងលទ្ធផល ០ ទល់នឹង ២ ដែលបានប្រកួតកាលពីថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣។ រីឯនៅថ្ងៃអាទិត្យ ទី៣០ ខែ

កក្កដា ឆ្នាំ២០២៣ ប្រទេសហ្វីលីពីននឹងឈានទៅប្រកួតជាមួយក្រុមន័រវែស ដែលជាគូប្រកួតរួមពូលចុងក្រោយ។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់នារីពិភពលោក FIFA Women’s World Cup គឺជាព្រឹត្តិការណ៍កីឡាដ៏ធំមួយសម្រាប់ឱ្យកីឡាការិនីមកពីបណ្តាប្រទេសនានាប្រកួតប្រជែងដណ្តើមជ័យលាភីនៅលើឆាកអន្តរជាតិក្នុងវិញ្ញាសាបាល់ទាត់។

នៅក្នុងនោះដែរ សម្រាប់ព្រឹត្តិការណ៍ប្រកួត FIFA Women’s World Cup លើកទី៩ ឆ្នាំ២០២៣នេះ ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់បាន និងកំពុងធ្វើជាសហម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍នេះ ហើយនេះក៏ជាលើកដំបូងដែរ ដែលប្រទេសចំនួន២ បានរួបរួមគ្នាធ្វើជាម្ចាស់ផ្ទះ៕

ប្រភព៖ CNN ចុះថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣

Share

Image
Image
Image