en     km
en     km

ស្ដ្រីជំនាញអភិរក្សថ្មប្រាសាទ៖ទោះការងារស្ដ្រីមិនប្រើកម្លាំងដូចបុរសតែទាមទារឱ្យចេះបត់បែននិងអត់ធ្មត់

Share

ស្ថិតក្នុងការងារជាអ្នកជំនាញអភិរក្សថ្មប្រាសាទ រយៈពេល១០ឆ្នាំ លោកស្រី គី ស្រីណោះ គឺជាអ្នកខេត្តសៀមរាប និងអតីតសិក្ខាកាមចូលរួមរៀនក្នុងវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម បានឱ្យដឹងដែរថា អ្នកជំនាញអភិរក្សថ្មទាំងបុរស និងស្រ្តី គឺសុទ្ធតែចេះជំនាញគ្រប់ផ្នែកដូចគ្នា និងអាចធ្វើការងារគ្រប់យ៉ាងបានទាំងអស់។

អ្នកស្រីបញ្ជាក់ថា ភាគច្រើនស្រី្ដៗគឺទទួលបន្ទុកការងារផ្តោតទៅលើការចងក្រងឯកសារ ដូចជា សម្រង់ប្លង់មុន និងក្រោយពេលជួសជុល ព្រមទាំងតាមដានគ្រប់ដំណាក់កាលនៃការរើរុះថ្ម ដើម្បីកុំឱ្យមានភាន់ច្រឡំដោយប្រការណាមួយ។ លោកស្រីអះអាងថា ការងារនេះ ថ្វីត្បិតតែមិនសូវប្រើកម្លាំងដូចក្រុមការងារបុរសក៏ពិតមែន តែក៏មានការលំបាក និងត្រូវចេះបត់បែន ដូចជា ទីតាំងខ្លះបាត់ថ្ម គឺត្រូវការបង្កើតថ្មី ទាមទារឱ្យមានការអត់ធ្មត់ និងសហការនៅក្នុងក្រុមផងដែរ។

ក្នុងនាមជាអតីតសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្តាលជំនាញអភិរក្សថ្មបានធ្វើឱ្យ លោស្រី គី ស្រីណោះ  កាន់តែស្រលាញ់ការងាររបស់ខ្លួនបន្ថែមទៀត ហើយលោកស្រីចង់ឱ្យចំណេះជំនាញផ្នែកអភិរក្សថ្មផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ដើម្បីបណ្តុះគំនិតស្រឡាញ់ និងបានចូលរួមអភិរក្សគ្រប់រូបភាពជាមួយអ្នកជំនាញ។

អាជ្ញាធរជាតិអប្សរាថា បច្ចុប្បន្ននេះនៅកម្ពុជា គឺមានក្រុមអ្នកជំនាញអភិរក្ស និងជួសជុលថ្មប្រាសាទបុរាណមានចំនួនតិចតួចនៅឡើយ។ អាជ្ញាធរជាតិអប្សរា ក៏បានកំពុងសហការជាមួយស្ថាប័នGIZ ប្រទេសអាល្លឺម៉ង់ ក្នុងការបណ្ដុះបណ្ដាលជំនាញនេះដល់កូនខ្មែរជំនាន់ក្រោយមួយចំនួនថែមទៀត ដើម្បីឈានទៅរកការបង្កើនធនធានមនុស្សផ្នែកនេះឱ្យកាន់តែសម្បូឡើងនៅពេលអនាគត៕

 

Share

ព័ត៌មានទាក់ទង

Image