ចាប់តាំងពីមុនរហូតដល់ក្រោយការបោះឆ្នោត មន្ទិលតែងកើតមានឡើងពីគ្រប់មជ្ឈដ្ឋានថា សម្តេចហ៊ុន សែន ឬមួយក៏កូនប្រុស គឺលោក ហ៊ុន ម៉ាណែត ដែលនឹងត្រូវកាន់តំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ។ នៅថ្ងៃនេះសម្តេចហ៊ុន សែនបានប្រកាសថា នឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រី ទៀតទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត។ យ៉ាងណាសម្តេចហ៊ុន សែន ថាទោះមិនកាន់តំណែងនាយករដ្ឋមន្ដ្រីក៏សម្តេចនៅតែជាតួអង្គនយោបាយដដែល។ លោក គីម ចាន់ចាវ រាយការណ៍
លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀតប៉ុណ្ណោះ។ នេះជាការបញ្ជាក់ពីសម្តេចហ៊ុន សែន ដែលកំពុងកាន់តំណែងនាយករដ្ឋមន្ត្រីអន្តរកាល។ ក្រោយពីប្រកាសថា មិនបន្តតំណែងជានាយករដ្ឋមន្ត្រី ដោយតំណែងនាយករដ្ឋមន្ត្រីថ្មី ត្រូវផ្ដល់ឱ្យលោក ហ៊ុន ម៉ាណែត ដែលបេក្ខជននាយករដ្ឋមន្ត្រីជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា និងជាកូនប្រុសច្បងរបស់សម្តេចហ៊ុនផងនោះ សម្តេចហ៊ុន សែន ដែលកាន់តំណែងនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ បានអះអាងថា ទោះមិនបន្តតំណែងជានាយករដ្ឋមន្ត្រី តែសម្តេចនៅតែជាតួអង្គនយោបាយដែលដឹកនាំប្រទេសបន្តដដែល។ សម្តេចហ៊ុន សែនថ្លែងបែបនេះតាមរយៈវីដេអូផ្សាយផ្ទាល់តាមបណ្ដាទូរទស្សន៍ក្នុងស្រុកនិងប្រព័ន្ធផ្សព្វផ្សាយរបស់រដា្ឋភិបាល នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ ៣ថ្ងៃក្រោយការបោះឆ្នោតថ្នាក់ជាតិបានបិទបញ្ចប់។
«ខ្ញុំព្រះករុណាខ្ញុំនៅតែបន្តក្នុងមុខនាទីជាប្រធានគណបក្សកាន់អំណាច និងធ្វើជាសមាជិករដ្ឋសភា បន្ថែមលើនោះគឺព្រះមហាក្សត្រព្រះអង្គទ្រង់ ព្រះរាជទាន នឹងព្រះរាជទានតែងតាំងខ្ញុំព្រះករុណាខ្ញុំជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនៅក្រោយពេលខ្ញុំព្រះករុណាខ្ញុំ ចាកចេញជាស្ថាពរ ពីគណៈរដ្ឋមន្ត្រី»។
បន្ថែមពីតួនាទីខាងលើ សម្តេចហ៊ុន សែន ក៏គ្រោងនឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចសាយ ឈុំ នៅក្នុងនីតិកាលថ្មីខាងមុខនេះ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ផងដែរ។
ការប្រកាសរៀបចំឆាកនយោបាយបន្តរបស់សម្តេចហ៊ុន សែននៅពេលនេះ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បានបិទបញ្ចប់កាលពីថ្ងៃទី២៣ ខែកក្កដា ដែលលទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះ១២០អាសនៈ ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ ក្នុងចំណោមគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង។ វាក៏ជាការបោះឆ្នោតដែលមានការមើលឃើញផ្សេងគ្នាពីបរទេសផងដែរ ដោយប្រទេសចិន និង រុស្ស៊ី បានបង្ហាញការគាំទ្រថា មានបរិយាកាសល្អប្រសើរ និងសេរីត្រឹមត្រូវ។ ក៏ប៉ុន្តែ ប្រទេសលោកសេរីមួយចំនួនដូចជាអាមេរិក បារាំង អង់គ្លេស និងអូស្ត្រាលីជាដើម បានសម្តែងក្តីបារម្ភពីដំណើរការប្រជាធិបតេយ្យ និងចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជានេះ មិនមានភាពសេរី យុត្តិធម៌ ដោយពួកគេរម្លឹកពីការដែលគ្មានវត្តមានបក្សប្រឆាំង៕