ហ្វេសប៊ុកផេក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣បានឱ្យដឹងថា ធនាគារបានអនុម័តប្រាក់កម្ចី ចំនួន៤០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់បន្ថែមទៀតការផ្តល់សេវាសាធារណៈនៅរដ្ឋបាលមូលដ្ឋានតាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្ដល់ប្រាក់កម្ចីចំនួន៤០លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងជួយស្ដ្រីក្នុងការសម្រេចចិត្តនៅកម្រិតមូលដ្ឋាន។ បើតាមការលើកឡើងពីលោកស្រី យ៉ូសាន់ណា វ៉ាម៉ា នាយិកា ADB ប្រចាំប្រទេសកម្ពុជាថា សេវាសាធារណៈដែលរាជរដ្ឋាភិបាលគ្រោងលើកកម្ពស់មានដូចជាការប្រើប្រាស់ទឹក អនាម័យ និងការអប់រំ ជាពិសេស នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងកម្រិតមូលដ្ឋាន។
អ្នកនាងអេង ចាន់ឌី នាយិការអង្គការយែនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជាបានលើកឡើងក្នុងកម្មវិធីលំហពលរដ្ឋរបស់វិទ្យុស្ដ្រីនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា ដើម្បីជំរុញឱ្យស្ដ្រីមានតួនាទីក្នុងការសម្រេចចិត្តមិនថាកម្រិតណា ត្រូវគិតគូរផ្ដល់ភាពចាំបាច់ដល់ស្ដ្រី និងមានគោលនយោបាយប្រកបដោយការអភិវឌ្ឍ នោះគឺការយកចិត្តទុកដាក់គ្នាទៅវិញទៅមកទាំងស្ដ្រីដែលជាអ្នកដឹកនាំ ស្ដ្រីកាន់តួនាទីនានា ជាមួយមជ្ឍដ្ឋានជុំវិញ។
យ៉ាងណាការផ្ដល់កម្ចីរបស់ ADB នាពេលនេះ ជាកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈវិមជ្ឈការ និងការគ្រប់គ្រងហិរញ្ញវត្ថុលើកទីពីរ ដែលបានបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់។ កម្ចីទឹកប្រាក់៤០លានដុល្លានេះដែរ ក៏ដើម្បីពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
ADB បញ្ជាក់ថាកម្មវិធីរងទីពីរនេះ ក៏ផ្តោតលើការពង្រឹងការសម្របសម្រួលសម្រាប់ការផ្តល់សេវាប្រកបដោយការឆ្លើយតប និងគណនេយ្យភាព និងការលើកកម្ពស់ការគ្រប់គ្រងចំណូល និងចំណាយ ដើម្បីបំពេញតម្រូវការនៅថ្នាក់រដ្ឋាភិបាលមូលដ្ឋានដែរ។
គួរជម្រាបថា ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការចាប់តាំងពីឆ្នាំ ២០០២ ដោយផ្តោតលើការបន្តគោលនយោបាយដើម្បីធ្វើឱ្យស៊ីជម្រៅទាំងវិធានការវិមជ្ឈការផ្នែករដ្ឋបាល និងសារពើពន្ធសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវា ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។ កម្ចីកម្មវិធីថ្មីនេះគឺស្របតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០១៩-២០២៣៕