en     km
en     km

ខេត្តព្រះវិហារ ៖ប្រជាសហគមន៍តាំងយូប្ដូរទម្លាប់ពីកាប់ឈើនិងបរបាញ់សត្វទៅចិញ្ចឹមជីវិតពឹងលើទេសចរណ៍ធម្មជាតិ

Share

ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS Cambodia) បានឱ្យដឹងថា ប្រជាសហគមន៍តំបន់តាំងយូ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានផ្លាស់ប្ដូរផ្នត់គំនិតពីការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃខុសច្បាប់មកជាការប្រកបរបរចិញ្ចឹមជីវិតតាមរយៈទេសចរណ៍ធម្មជាតិ។ ការឱ្យដឹងនេះ ក្រោយពេលអង្គការ WCS បានចុះទស្សនកិច្ចជាមួយអង្គការសហប្រជាជាតិ ទៅកាន់ស្រុកភ្នំត្បែងមានជ័យ កាលពីដើមខែកក្កដា។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

បើតាមការឱ្យដឹងពីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS Cambodia) ថាប្រជាសហគមន៍តំបន់តាំងយូ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយព្រៃឈើក្នុងតំបន់ ហើយបានពឹងផ្អែកលើធនធានជីវៈម្រុះសម្រាប់ចិញ្ចឹមជីវិតជាច្រើនជំនាន់រួមជាមួយការធ្វើស្រែចម្ការផងដែរ។ តែក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ សហគមន៍តាំងយូ បានប្រឈមមុខនឹងបញ្ហាដោយសារការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ និងការបរបាញ់សត្វព្រៃពីពលរដ្ឋក្នុងសហគមន៍ និងពីខាងក្រៅផងដែរ។


តែជាដំណោះស្រាយ ប្រជាសហគមន៍បានប្តេជ្ញាចិត្តរក្សាព្រៃឈើ និងរបៀបរស់នៅរបស់ពួកគេ ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ក្រសួងបរិស្ថាន និងអង្គការផ្សេងៗ។ សហគមន៍តំបន់តាំងយូ បានចាប់ផ្តើមអភិវឌ្ឍផ្លូវឆ្ពោះទៅរកសហគមន៍អេកូទេសចរណ៍កាលពីឆ្នាំ២០១៩ បន្ទាប់ពីទទួលស្គាល់ជាផ្លូវការថា ជាសហគមន៍ដើម្បីអភិរក្សធនធានធម្មជាតិលើផ្ទៃដី ១៤៤៩ ហិចតា។
សូមជម្រាបថា នៅឆ្នាំ២០២២ សហគមន៍តាំងយូ បានទទួលជំនួយពីស្ថាប័ន UNDP ដើម្បីបង្កើតសហគមន៍អេកូទេសចរណ៍សម្រាប់បង្កើនជីវភាពរស់នៅរបស់សមាជិកប្រជាសហគមន៍ និងប្រើប្រាស់ប្រាក់ចំណូលទទួលបានពីការផ្តល់សេវាអេកូទេសចរណ៍ដើម្បីអភិរក្សព្រៃឈើសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងឆ្នាំ២០២២ដដែល ភ្ញៀវទេសចរប្រហែល ១000នាក់ បានធ្វើដំណើរទៅលេងនៅសហគមន៍តាំងយូ និងឡើងភ្នំតាមរយៈប្រជាសហគមន៍ចាប់តាំងពីមានជណ្តើរ និងគ្រឿងបរិក្ខារផ្សេងៗដូចជាធុងសំរាមតាមដងផ្លូវ ឡដុតសំរាមនៅលើភ្នំ បង្គន់អនាម័យនៅកន្លែងបោះជំរុំ និងកន្លែងសម្រាក។ យ៉ាងណាក្នុងខែឧសភា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន ៤៤១នាក់ត្រូវបានទៅកាន់តំបន់ទេសចរណ៍ធម្មជាតិមួយនេះ។


ប្រភពពីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាបានបញ្ជាក់ថា ប្រជាសហគមន៍បានប្ដេជ្ញាចិត្តក្នុងការអភិរក្សធនធានធម្មជាតិដោយបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ តែអាចទទួលផលពីព្រៃឈើវិញដូចជាការប្រមូលទឹកឃ្មុំ ផ្លែឈើព្រៃ និងបន្លែព្រៃ។
អង្គការ WCS រំពឹងថា ភាពជោគជ័យនៃសហគមន៍តាំងយូ នឹងដើរតួជាការបំផុសគំនិតសម្រាប់សហគមន៍ផ្សេងទៀតក្នុងការការពារធនធានធម្មជាតិរបស់ពួកគេ និងលើកកម្ពស់ជីវភាពរស់នៅតាមរយៈការទទួលយកទេសចរណ៍ធម្មជាតិប្រកបដោយនិរន្តរភាព៕

Share

ព័ត៌មានទាក់ទង

Image