en     km
en     km

រុស្ស៊ីនិងចិនសាទរការបោះឆ្នោតនៅកម្ពុជាថាសេរីត្រឹមត្រូវ ខណៈលោកសេរីបង្ហាញក្ដីបារម្ភថាដើរខុសគន្លងប្រជាធិបតេយ្យ

Share

ភ្នំពេញ៖ ប្រទេសមហាយក្ស ចិន និង រុស្ស៊ី ដែលបានចូលរួចតាមដានការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាថា មានបរិយាកាសល្អប្រសើរ និងសេរីត្រឹមត្រូវ។ ក៏ប៉ុន្តែ ប្រទេសលោកសេរីមួយចំនួនដូចជាអាមេរិក និងអូស្ត្រាលីជាដើម បានសម្តែងក្តីបារម្ភពីដំណើរការប្រជាធិបតេយ្យ ដោយចាត់ទុកការបោះឆ្នោតនៅកម្ពុជានេះ គឺប្រព្រឹត្តិទៅមិនមានភាពសេរី យុត្តិធម៌ ខណៈគ្មានវត្តមានបក្សប្រឆាំងចូលរួម។ លោក គីម ចាន់ចាវ រាយការណ៍

 

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២៤ ខែកក្កដា គឺមួយថ្ងៃក្រោយការបោះឆ្នោតថា ក្នុងនាមជាប្រទេសជិតខាងល្អនិងមិត្តភក្តិល្អ ប្រទេសចិនសូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តិទៅដោយរលូន។ ជាងនេះលោកស្រី Mao Ning សម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះក្នុងការបោះឆ្នោតក្រោមការដឹកនាំដោយសម្តេច ហ៊ុន សែន និងសូមសម្តែងការអបអរសាទរជាមុនចំពោះទេសកម្ពុជាឱ្យបង្កើតរដ្ឋសភានិងរដ្ឋាភិបាលអាណត្តិថ្មីដោយរលូន។

លោកស្រី Mao Ning ជឿជាក់ថា នៅថ្ងៃអនាគត ប្រទេសកម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងការអភិវឌ្ឍនិងកសាងប្រទេសជាតិ ក៏ដូចជានាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។

មិនខុសពីចិនប៉ុន្មាននោះទេ មហាយក្សរុស្ស៊ីវិញ គឺលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅភ្នំពេញ បានអះអាងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់។ សារព័ត៌មានស៊ីស៊ីថាមស៍ បានដកស្រង់ប្រសាសន៍លោកលោក Anatoly Borovik ថា លោកបានប្រកាសអបអរសាទរចំពោះប្រជាធិបតេយ្យនៅកម្ពុជា ដោយលោកវាយតម្លៃពីការបោះឆ្នោតដោយសេរី និងឯករាជ្យ។ លោកបញ្ជាក់ថា តំណាងគណកម្មាធិការបោះឆ្នោតមជ្ឈិម សភាពលរដ្ឋនៃប្រទេសរុស្ស៊ី រួមទាំងស្ថានទូតរុស្ស៊ី មិនបានរកឃើញអំពើហិង្សាណាមួយកើតឡើងឡើយ។

ផ្ទុយពីប្រទេសចិននិងរុស្ស៊ី ប្រទេសលោកខាងលិចមួយ គឺប្រទេសអូស្ត្រាលីបានបង្ហាញការព្រួយបារម្ភជាខ្លាំងអំពីបរិយាកាសនៃការបោះឆ្នោតជាតិ និងគន្លងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ អូស្រ្តាលីបានកត់សម្គាល់ថា មុនការបោះឆ្នោតថ្ងៃទី ២៣ កក្កដា មានការដកសិទ្ធិឈរឈ្មោះបោះឆ្នោតគណបក្សប្រឆាំងដ៏សំខាន់មួយ ក៏ដូចជាការដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលជាដើម។ សកម្មភាពទាំងនេះ មិនអាចអោយប្រជាជនកម្ពុជាទទួលបានព័ត៌មាន បញ្ចេញមតិរបស់ពួកគេដោយសេរី និងមានជម្រើសពិតប្រាកដពីរបៀបដែលពួកគេត្រូវបានដឹកនាំនោះទេ។

ប្រទេសអូស្ត្រាលីជាដៃគូអស់រយៈពេលជាច្រើនទសវត្សរ៍ក្នុងការគាំទ្រប្រទេសកម្ពុជាដើម្បីទទួលបាននូវសន្តិភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប្រទេសសេរីមួយនេះបង្ហាញពីក្តីបារម្ភរបស់ខ្លួនក្នុងនាមជាមិត្តដ៏យូរអង្វែង ហើយបន្តនូវបំណងប្រាថ្នារបស់ខ្លួនក្នុងការធ្វើការជាមួយប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅទាំងនេះ។

ចំណែកការិយាល័យការបរទេសសហព័ន្ធរបស់អាល្លឺម៉ង់ ក៏បានចេញសេចក្ដីថ្លែងស្តីពីការបោះឆ្នោតជាតិនៅកម្ពុជា ក៏បានបង្ហាញការកត់សំគាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី ២៣ ខែកក្កដាផងដែរ។ អាល្លឺម៉ង់អះអាងថា ការបោះឆ្នោតនេះធ្វើឡើងក្នុងបរិយាកាសនយោបាយតឹងរ៉ឹង ដែលធ្វើឲ្យអ្នកបោះឆ្នោតកម្ពុជាមានកន្លែងតិចតួចក្នុងការបញ្ចេញមតិ និងគ្មានជម្រើសពិតប្រាកដនៅប្រអប់សន្លឹកឆ្នោត។ អាល្លឺម៉ង់ បង្ហាញការសោកស្តាយដែលគណបក្សប្រឆាំងដ៏ធំបំផុតមិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះបោះឆ្នោត និងបានរម្លឹកអំពីការដាក់ទោសមេបក្សប្រឆាំង និងសមាជិកបក្សប្រឆាំងដទៃទៀតដែលកំពុងជាប់ទោស។

ដោយឡែកមហាអំណាចពិភពលោកគឺសហរដ្ឋអាមេរិកតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក MATTHEW MILLER បានចេញសេចក្ដីថ្លែងការមួយបង្ហាញថា សហរដ្ឋអាមេរិកមានការរំខានចិត្ត ដោយការបោះឆ្នោតជាតិនៅកម្ពុជា នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ គ្មានភាពសេរី និងយុត្តិធម៌។ សម្រាប់អាមេរិក នៅមុនការបោះឆ្នោត អាជ្ញាធរកម្ពុជាបានធ្វើការគំរាមកំហែង និងយាយីជាបន្តបន្ទាប់ ទៅលើគណបក្ស នយោបាយប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដែលជាការបំផ្លាញស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ ប្រទេស និងកាតព្វកិច្ចជាអន្តរជាតិ របស់ប្រទេសកម្ពុជា។ សកម្មភាពទាំងនេះមិនអាចធ្វើឲ្យ ប្រជាជនកម្ពុជាមានសម្លេង និងជម្រើស ក្នុងការកំណត់អនាគតនៃប្រទេសរបស់គេបាន។

ជាការឆ្លើយតបនឹងទង្វើទាំងនេះ សហរដ្ឋអាមេរិក បានធ្វើការរឹតត្បិតលើទិដ្ឋាការសម្រាប់បុគ្គលមួយចំនួន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយនឹងធ្វើការផ្អាកលើកម្មវិធីជំនួយបរទេសមួយចំនួន។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បានបិទបញ្ចប់កាលពីថ្ងៃទី២៣ ខែកក្កដា ដោយមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតមានចំនួនជាង ៨លាននាក់។ លទ្ធផលបឋមបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះ១២០អាសនៈ ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ ក្នុងចំណោមគណបក្សនយោបាយចំនួន១៨ ដែលចូលរួមប្រកួតប្រជែង។ ទោះជាបានបង្ហាញទស្សនផ្សេងៗគ្នាជុំវិញការបោះឆ្នោតកាលពីពេលថ្មីនេះៗក្ដី ក៏ប៉ុន្តែ បណ្ដាប្រទេសធំៗខាងលើសុទ្ធតែអះអាងស្រដៀងគ្នាថានឹងបន្តភាពជាដៃគូ ជាមួយប្រជាជន ឬរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រ ឲ្យមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ៕

Share

Image
Image
Image