en     km
en     km

ប្រធាន គ.ជ.ប វាយតម្លៃការឃោសនាបោះឆ្នោតមានសភាពល្អប្រសើរ ខណៈទទួលបានបណ្ដឹងចំនួន៣០ករណី

Share

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានវាយតម្លៃពីការឃោសនាបោះឆ្នោតរយៈពេល ២0 ថ្ងៃមកនេះថា មានសភាពសន្តិសុខល្អប្រសើរ។ ទោះជាបែបនេះក្ដី គ.ជ.ប បានទទួលបណ្ដឹងប្រមាណ៣០ករណី ពាក់ព័ន្ធនឹងដំណើរការឃោសនាបោះឆ្នោត ដែលប្ដឹងដោយពលរដ្ឋ និងគណបក្សនយោបាយ។ លោក គីម ចាន់ចាវ រាយការណ៍

 

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់បែបនេះ ពេល លោកចុះពិនិត្យស្ថានភាពទូទៅ នៃការរៀបចំក្បួនដង្ហែឃោសនាស្វែងរកសំឡេងឆ្នោត នៅថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។

ប្រធាន គ.ជ.ប រូបនេះអះអាងថា  ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទី២១នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សម្រាប់លោក ប្រាជ្ញ ចន្ទ ការដែលសន្តិសុខអំឡុងពេលឃោសនាបោះឆ្នោតល្អប្រើសើរបែបនេះ ដោយសារតែមានកិច្ចសហការល្អប្រសើររវាងគណកម្មារៀបចំការបោះឆ្នោតគ្រប់ជាន់ថ្នាក់ជាមួយអាជ្ញាធរ រួមផ្សំនឹងភាពចាស់ទុំរបស់គណបក្សនយោបាយ។

«កិច្ចសហការរវាងគណកម្មការបោះឆ្នោតគ្រប់ថ្នាក់ ជាមួយអាជ្ញាធរបានរៀបចំបង្ករលក្ខណៈបានល្អ ដល់បណ្ដាគណបក្សនយោបាយចែកវេនគ្នាដើម្បីធ្វើសកម្មភាព ហើយម្យ៉ាងគណបក្សនយោបាយនីមួយៗក៏យល់ដឹង កាន់តែមានពិសោធន៍ កាន់តែចាស់ទុំ ចឹងក៏គេគោរពគ្នាទៅវិញទៅមកមានក្រមសីលធម៌។ ចឹងមិនមានបញ្ហាអីដែលធ្វើឱ្យប៉ះពាល់គ្នានៅឡើយទេ»។

បើទោះបីជាការឃោសនារក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ ក៏ប៉ុន្តែលោក ប្រាជ្ញ ចន្ទ បញ្ជាក់ថា គ.ជ.ប នៅតែទទួលបានពាក្យបណ្ដឹងប្រមាណ៣០បណ្ដឹង ក្នុងពេលឃោសនា២០ថ្ងៃមកនេះ ដែលភាគច្រើនជាបណ្ដឹងតាមអនឡាញ។

«ដោយសារការឃោសនាតាមអនឡាញហ្នឹង ពេលខ្លះបងប្អូនបញ្ចេញមតិមួយចំនួន គឺជាការធ្វើសកម្មភាពដែលបំពាននឹងច្បាប់ ដែលច្បាប់វិសោធនកម្មថ្មីនេះ ដែលធ្វើឱ្យមានការយល់ច្រឡំ ញុះញង់ ដែលធ្វើឱ្យមានបរិយាកាសមិនល្អ មានការប្ដឹង ហើយក្រៅពីហ្នឹងដូចមិនមានបណ្ដឹងអីប៉ុន្មានទេ…បណ្ដឹងច្រើនពីប្រជាពលរដ្ឋផង ហើយគណបក្សដែលគេមិនពេញចិត្តគេប្តឹងទៅណាស៎»។

ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ នៅអំឡុងពេលនេះគណបក្សនយោបាយទាំង១៨ ដែលទទួលបានសិទ្ធិឈរឈ្មោះបោះឆ្នោតបានចេញសកម្មភាពឃោសនាទ្រង់ទ្រាយធំ ឬតូចតាមលទ្ធភាព ក៏ប៉ុន្តែនៅថ្ងៃទី២១ កក្កដា ដែលជាថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថាមានតែគណបក្សនយោបាយចំនួន៥ប៉ុណ្ណោះ ដែលដឹកនាំក្បួនឃោសនាថ្ងៃចុងក្រោយនេះ មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា៕

Share

Image
Image
Image