en     km
en     km

ឈ្វេងយល់ពីព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់នារីពិភពលោក

Share

 

 

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់នារីពិភពលោក FIFA Women’s World Cup គឺជាព្រឹត្តិការណ៍កីឡាដ៏ធំសម្បើមមួយសម្រាប់ឱ្យកីឡាការិនីមកពីបណ្តាប្រទេសនានាប្រកួតប្រជែងដណ្តើមជ័យលាភីនៅលើឆាកអន្តរជាតិក្នុងវិញ្ញាសាបាល់ទាត់។ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ FIFA Women’s World Cup នឹងដំណើរការការប្រកួតចាប់ពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ។ ដើម្បីឈ្វេងយល់កាន់តែច្បាស់ពីព្រឹត្តិការណ៍ប្រកួតប្រជែងពានរង្វាន់បាល់ទាត់នារីពិភពលោក សូមនាងកញ្ញា លោកលោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅ៖

FIFA Women’s World Cup គឺជាការប្រកួតប្រជែងកីឡាលើវិញ្ញាសាបាល់ទាត់សម្រាប់នារី ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ នៅក្នុងនោះដែរ ការប្រកួតនេះតែងប្រារព្ធឡើងជារៀងរាល់បួនឆ្នាំម្តង ដែលមកទល់នឹងពេលនេះបានប្រារព្ធចំនួន៨លើករួចមកហើយ ពោលគឺឆ្នាំ១៩៩១, ឆ្នាំ១៩៩៥, ឆ្នាំ១៩៩៩, ឆ្នាំ២០០៣, ឆ្នាំ២០០៧, ឆ្នាំ២០១១, ឆ្នាំ២០១៥, និងឆ្នាំ២០១៩។ ជាពិសេសព្រឹត្តិការណ៍នេះធ្វើឡើងក្រោយមួយឆ្នាំនៃការប្រកួត FIFA World Cup ផ្នែកបុរស។ សូមជម្រាបថា FIFA Women’s World Championship នេះចាប់ផ្តើមមានវត្តមានដំបូងនៅក្នុង១៩៩១ ដែលកាលនោះប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ។

ទន្ទឹមគ្នានេះដែរ ព្រឹត្តិការណ៍ FIFA Women’s World Cupនេះ មានកីឡាការិនីមកពីទ្វីបទាំង៦ ដែលដឹកនាំដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៃបណ្តាប្រទេសនីមួយៗ។ទ្វីបទាំង៦ មានដូចជា ទ្វីបអាហ្វ្រិក អាស៊ី អាមេរិកខាងជើងនិងកណ្តាលនិងការ៉ាប៊ីន អាមេរិកខាងត្បូង អូសេអានី និងទ្វីបអឺរ៉ុប។ យ៉ាងណា ចំនួនប្រទេសដែលចូលរួមប្រកួតប្រជែងបានកើនឡើងពី១៦ប្រទេស ដល់ ២៤ប្រទេស ហើយក្នុងឆ្នាំ២០២៣នេះបានកើនឡើងរហូតដល់ទៅ ៣២ ប្រទេស។

តាមសារព័ត៌មាន BBC បានឱ្យដឹងថា ការប្រកួតបាល់ទាត់នារីពិភពលោកនេះ ប្រារព្ធឡើងក្នុងគោលបំណងបើកឱកាសឱ្យស្រ្តីក្នុងវិស័យកីឡាបានបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ ជាពិសេសពង្រីកនិងពង្រឹងវិស័យកីឡាសម្រាប់ស្ត្រីនៅជុំវិញពិភពលោក និងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ស្រ្តី។

សូមជម្រាបថា សហព័ន្ធ FIFA នឹងបង់ប្រាក់ដោយផ្ទាល់ជាលើកដំបូងដល់កីឡាការិនីក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីឆ្នាំ២០២៣នេះ។ នៅក្នុងកីឡាការិនីម្នាក់ដែលលេងនៅក្នុងវគ្គចែកពូល នឹងទទួលបានប្រាក់ប្រហែល ២៤,000 ផោន ដែលស្មើនឹងជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងទទួលបានប្រាក់លើសពីនេះ ប្រសិនបើពួកគេទទួលបានជ័យជំនះ។ ជាមធ្យម កីឡាការិនីម្នាក់ទទួលបានទឹកប្រាក់ត្រឹមតែ ១១,000 ផោន ពោលគឺជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់ FIFA ចុះផ្សាយកាលពីឆ្នាំ២០២២។

ដោយឡែក សម្រាប់ព្រឹត្តិការណ៍ប្រកួតប្រជែង FIFA Women’s World Cup លើកទី៩ ឆ្នាំ២០២៣នេះ ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់នឹងធ្វើជាសហម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍នេះ ហើយនេះក៏ជាលើកដំបូងហើយដែរ ដែលប្រទេសចំនួន២ បានរួបរួមគ្នាធ្វើជាម្ចាស់ផ្ទះ។

សហព័ន្ធកីឡា FIFA បានសង្ឃឹមថា ការប្រកួតបើកឆាកចំនួនពីរប្រកួតនៅប្រទេសពីរផ្សងគ្នា នឹងទាក់ទាញអ្នកគាំទ្រចំនួន ១00,000 នាក់។ អ្នករៀបចំកំពុងកំណត់គោលដៅអ្នកទស្សនាតាមរយៈទូរទស្សន៍ថា នឹងអាចមានចំនួនអ្នកទស្សនាជាង ២ ពាន់លាននាក់ ដែលនេះជាតួលេខកើនឡើងទ្វេដងនៃទស្សនិកជន ដែលបានទស្សនាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៩ នៅប្រទេសបារាំង។

ជាការកត់សម្គាល់ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា អនាគតសកលលោក គឺស្ថិតក្រោមដៃស្ត្រី ហើយលោកក៏សូមថ្លែងអរគុណដល់អ្នកគាំទ្រសម្រាប់ការគាំទ្រព្រឹត្តិការណ៍ FIFA Women’s World Cup។

សូមជម្រាបថា សាធារណៈរដ្ឋអៀរឡង់ និងប្រទេសចំនួនប្រាំពីរផ្សេងទៀតបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតបាល់ទាត់នារីពិភពលោកនេះ ដែលរួមមាន វៀតណាម ហ្សំប៊ី ហៃទី ម៉ារ៉ុក ប៉ាណាម៉ា ហ្វីលីពីន និងប្រទេសព័រទុយហ្គាល់ជាដើម។ ការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០២៣៕

ប្រភព៖ BBC ចុះថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣

 

Share

Image
Image
Image