ក្រុមមាតាធម្មជាតិបានបង្ហាញការសោកស្ដាយ ក្រោយមើលឃើញរូបភាពព្រៃឈើក្នុងតំបន់ឧទ្យានជាតិបទុមសាគរ ក្លាយជាលំហវាល បន្ទាប់ពីរាជរដ្ឋាភិបាលផ្ដល់ដីតំបន់នោះជាដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន។ សង្គមស៊ីវិលលើកឡើងថា បើមិនទាន់មានគោលនយោបាយ ឬយុទ្ធសាស្ដ្រថ្មីសម្រាប់ការពារដីសម្បទានពីក្រុមហ៊ុនឯកជនទេ រដ្ឋគួរតែកុំបន្ដធ្វើជាដីសម្បទានទៀត។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមចលនាមាតាធម្មជាតិបានបង្ហោះរូបភាពនៃវាលលំហមួយកន្លែង ក្រោយរងការកាប់បំផ្លាញព្រៃឈើ និងបញ្ជាក់ថាជាឧទ្យាជាតិបទុមសាគរក្នុងខេត្តកោះកុង។ រូបភាពដែលក្រុមមាតាធម្មជាតិបង្ហាញលើទំព័រហ្វេសប៊ុកបានបញ្ជាក់ថា ឧទ្យាជាតិនេះ ត្រូវបានបំផ្លាញដោយក្រុមហ៊ុនចិន Union Development Group (UDG) ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនផ្សេងៗទៀត តាមរយៈការផ្ដល់ដីសម្បទានពីរាជរដ្ឋាភិបាល។
ក្រុមមាតាធម្មជាតិថា ពិតជាសោកស្ដាយខ្លាំងដែលកេរដំណែលរបស់សម្តេចតា ព្រះបរមរតនកោដ្ឋត្រូវបានបំផ្លាញត្រឹមជំនាន់របស់យើង ។ បន្ថែមពីនេះ ក្រុមមាតាធម្មជាតិ បានស្នើសុំរាជរដ្ឋាភិបាលបញ្ឈប់ការលក់ឧទ្យានជាតិទៅឱ្យឯកជនបន្តទៀត ព្រោះឧទ្យានជាតិគួរត្រូវបានចាត់ទុកជាកេរតំណែលធម្មជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរ។
កាលពីពេលថ្មីៗនេះ ក្រុមស្រលាញ់បរិស្ថានមាតាធម្មជាតិទើបតែបានហែញត្តិដែលមានការគាំទ្រពីមនុស្ស១៣ម៉ឺននាក់ មកពី១៧៣ប្រទេស ទៅកាន់ស្ថាប័នចំនួន៣ រួមមានក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ដើម្បីស្នើការពារឧទ្យានជាតិសមុទ្រកោះកុងក្រៅដែរ។យ៉ាងណា ក្រុមនេះធ្លាប់បានលើកឡើងថា មិនដែលទទួលបានការឆ្លើយតបជាវិជ្ជមានសម្រាប់ជាដំណោះស្រាយនោះទេ តែបែរជារងការចោទប្រកាន់ថា បម្រើការឱ្យបរទេស។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូមើលឃើញថា នាពេលថ្មីៗនេះ មានការផ្ដល់ដីសម្បទានសេដ្ឋកិច្ចបានងើបឡើងវិញ។ លោកស្នើឱ្យរដ្ឋសភាគួរពិនិត្យ និងវាយតម្លៃនៃផលប៉ះពាល់បរិស្ថានជាមុនសិន ទើបសម្រេចផ្ដល់ឱ្យមានការវិនិយោគ។
បើតាមការបញ្ជាក់ពីលោក អំ សំអាត ថា ដីនៅតំបន់ឧទ្យានជាតិបទុមសាករនៅតែមានទំនាស់ដីធ្លីកើតឡើងដដែលជាមួយក្រុមហ៊ុន Union Development Group (UDG) និងប្រជាពលរដ្ឋ។
សូមរម្លឹកថា ការផ្ដល់ដីសម្បទានត្រូវបានរាជរដ្ឋាភិបាលផ្អាកកាលពីឆ្នាំ២០១២។យ៉ាងណានាពេលថ្មីៗនេះ សង្គមស៊ីវិលមិនទាន់មានឃើញគោលនយោបាយ ឬយន្ដការថ្មី សម្រាប់ការពារទាក់ទងដល់ក្រុមហ៊ុនត្រូវការផ្ដល់ដីសម្បទាននៅឡើយទេ បើមិនទាន់មានបែបនេះ សង្គមស៊ីវិលថា រដ្ឋគួរតែកុំទាន់បន្ដផ្ដល់ដីសម្បទានទៀត៕