en     km
en     km

គណបក្សភ្លើងទៀន ប្រកាសមិនពាក់ព័ន្ធនឹងអ្នកអំពាវនាវពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល

Share

គណបក្សភ្លើងទៀន បានប្រកាសនៅថ្ងៃទី១៩ ខែកក្កដានេះថា គណបក្សមិនជាប់ពាក់ព័ន្ធជាមួយ អ្នកអំពាវនាវឱ្យពលរដ្ឋកុំឱ្យទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោលនៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ។ ការប្រកាសបែបនេះ បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនមន្ត្រី និងសកម្មជនរបស់ខ្លួនមួយចំនួនពាក់ព័ន្ធនឹងការអំពាវនាវជុំវិញសកម្មភាពនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

គណបក្សភ្លើងទៀន ជាគណបក្សប្រឆាំងមួយ ដែលមិនអាចឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៧នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រកាសបដិសេធ មិនជាប់ពាក់ព័ន្ធនឹងអ្នកដែលអំពាវនាវពលរដ្ឋខ្មែរ កុំឱ្យទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោលនៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ ដោយបក្សប្រឆាំងមួយនេះចាត់ទុកថាជាទង្វើរំលោភបំពានច្បាប់ ពិសេស ច្បាប់ស្តីពីការបោះឆ្នោត។

សេចក្ដីថ្លែងការបន្តថា «គណបក្សភ្លើងទៀន សូមប្រកាសបដិសេធ មិនជាប់ពាក់ព័ន្ធនិងមិនទទួលខុសត្រូវចំពោះ ទង្វើរបស់បុគ្គលទាំងឡាយណា ដែលធ្វើសកម្មភាពប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នានា នៃព្រះរាជាណាចក្រកម្ពុជាឡើយ»។

ទោះយ៉ាងគណបក្សភ្លើងទៀនបញ្ជាក់ថា នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិពេញលេញស្របតាមច្បាប់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត តាមសតិសម្បជញ្ញៈពិតប្រាកដរបស់ខ្លួនក្នុងការចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងស្របតាមឆន្ទៈរបស់ខ្លួន ដោយមិនត្រូវ ស្ថិតក្រោមការកៀបសង្កត់ ការបង្ខិតបង្ខំ ការគំរាមកំហែង ការបង្គាប់បញ្ហា ឬការញុះញង់ ពីសំណាក់បុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។

កាលពីថ្ងៃទី១៧ ខែកក្កដា សមាជិកគណបក្សភ្លើងទៀនចំនួន២រូបទៀត ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ថា បានបង្កចលាចលដល់ការបោះឆ្នោត។ដូចគ្នានេះផងដែរ កាលពីថ្ងៃទី១៤ ខែកក្កដា លោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ និងលោក ប៊ុន ខេត ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន។

ទន្ទឹមនេះ ក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួន រួមទាំងលោកសម រង្ស៊ី ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ និងពិន័យប្រាក់ផងដែរ៕

Share

Image
Image
Image