en     km
en     km

មន្ត្រីបក្សភ្លើងទៀន២នាក់ទៀតត្រូវចាប់ខ្លួនករណីបង្កចលាចលដល់ការបោះឆ្នោត

Share

សមាជិកគណបក្សភ្លើងទៀនចំនួន២រូបទៀត ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ដោយចោទប្រកាន់ថា បានបង្កចលាចលដល់ការបោះឆ្នោត។ ទន្ទឹមនេះ ក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួន រួមទាំងលោកសម រង្ស៊ី ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ និងពិន័យប្រាក់ផងដែរ។

លោក គីម ចាន់ចាវ រាយការណ៍

 

អ្នកទាំងពីរត្រូវបានតុលាការចោទប្រកាន់ដូចគ្នា គឺពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម(បង្កចលាចលដល់ការបោះឆ្នោត)។ មន្ត្រីបក្សប្រឆាំងទាំងពីរនាក់នោះរួមមាន អ្នកស្រី វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន និងលោក អេង ស្រូយ ប្រធានគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ។

ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀននៅពេលនេះ គឺធ្វើឡើងភ្លាមៗ បន្ទាប់ពីអ្នកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ពីរដាច់ដោយឡែកពីគ្នានៅថ្ងៃទី១៧ ខែកក្កដា បង្គាប់ឱ្យនាំខ្លួនមន្ត្រីបក្សភ្លើងទៀនទាំង២នាក់នេះ មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។

អ្នកស្រី វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន

ជាការកត់សម្គាល់រយៈពេល ៤ ថ្ងៃចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់គណបក្ស ភ្លើងទៀន ចំនួន ៤ រូបហើយ ត្រូវបានចាប់ខ្លួន។ លោក លី រី សមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ និងលោក ប៊ុន ខេត ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) នៅរសៀល ថ្ងៃទី១៧ ខែកក្កដា បានពិន័យប្រាក់ ១០-១៥លានរៀល និងដកសិទ្ធិឈរឈ្មោះ និងសិទ្ធិបោះឆ្នោតម្នាក់១០ឆ្នាំ ដល់សមាជិកក្រុមប្រឆាំង ២នាក់ទៀត ដែលពាក់ព័ន្ធនឹងករណីញុះញង់ឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។ អ្នកទាំង២ទី១៖ លោក ខឹម មុនីកុសល ត្រូវបានពិន័យជាប្រាក់ ១៥លានរៀល និងលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត 10 ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ុន សុភា ត្រូវបានពិន័យជាប្រាក់១០លានរៀល និងលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត១០ឆ្នាំ។

នៅថ្ងៃដដែលនេះដែរ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ក៏បានសម្រេចលើករណីលោក សម រង្ស៊ី មេចលនាប្រឆាំងនៅក្រៅប្រទេស រួមទាំងមេដឹកនាំដែលជាសហការីរបស់លោក ១៦នាក់ផ្សេងទៀត ដោយពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំផងដែរ៕

Share

Image
Image
Image