en     km
en     km

សហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៏ ស្នើឲ្យគណបក្ស មានគោលនយោបាយ ដោះស្រាយបញ្ហាវិវាទការងារ

Share

នៅពេលដែលការបោះឆ្នោតជាតិកាន់តែខិតចូលមកដល់ ក្រុមសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក កម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញលិខិតចំហរមួយស្នើឱ្យគណបក្សនយោបាយទាំងអស់មានគោលនយោបាយក្នុងការដោះស្រាយវិវាទការងាររបស់បុគ្គលិកកម្មករ។

លោក គីម ចាន់ចាវ រាយការណ៍

 

ក្រុមសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិក កម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលអះអាងថាជាអ្នកដែលជាកម្មកររងគ្រោះដោះអយុត្តិធម៌ដោយការបញ្ឈប់ពីនិយោជក បានអះអាងក្នុងលិខិតចំហរនៅថ្ងៃច័ន្ទនេះថា ក្នុងនាមពួកគេជាកម្មករនិយោជិតទាំងអស់ដែលជាម្ចាស់ឆ្នោត និង ជាសហជីពរងគ្រោះ ពួកគេមិនបានថ្លែងសារក្នុងការបង្ហាញការគាំទ្រចំពោះគណបក្សនយោបាយណាមួយឡើយ ប៉ុន្តែក្រុមសហជីពនេះចង់ឃើញគណបក្សដែលកាន់អំណាចធ្វើការបម្រើរាស្ត្រដោយភាពយុត្តិធម៌ជូនកម្មករនិយោជិត។ លិខិតបន្តថា នៅពេលដែលជនរងគ្រោះត្រូវបានគេរំលោភបំពានហើយ មិនគួរអនុញ្ញាតឲ្យអ្នកមានធនធាន ទាំងអំណាចសេដ្ឋកិច្ច និង សិទ្ធិចាត់ចែងផ្សេងៗមានអំណាចកាន់តែ ខ្លាំងមកលើ សហជីព និងកម្មករនិយោជិកទេ។

ក្រុមសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើសុំឲ្យមានការ ដោះលែង ទម្លាក់បទចោទ ទទួលយកចូលធ្វើការវិញចំពោះ ថ្នាក់ដឹកនាំសហជីព និង សមាជិកដែលនៅសេសសល់ ។ ព្រមទាំងស្នើសុំឲ្យសាធារណជនទាំងអស់ តាមដានដោយយកចិត្តទុកដាក់ទៅ លើករណី វិវាទការងាររបស់បុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៏ ។

ឆ្លៀតក្នុងឱកាសដែលការបោះឆ្នោតជាតិខាងមុខកាន់តែខិតជិតមកដល់ ក្រុមសហជីពអះអាងថា ពួកគេចង់ឃើញគណបក្សនយោបាយ ទាំងឡាយមានសារមួយ និយាយអំពីការដោះស្រាយវិវាទចំពោះកម្មករនិយោជិតជាមួយនិយោជកដោយផ្អែកលើ ច្បាប់ស្តីពីការងារជាក់ស្តែងដោយអព្យាក្រឹតភាព ហើយសូមឲ្យគណបក្សនយោបាយទាំងអស់ធ្វើការតាំងចិត្តដោយ មុតមាំក្នុងការដោះស្រាយវិវាទការងាររបស់បុគ្គលិកកម្មករណាហ្គា និងឈប់សកម្មភាពដែលពួកគេថា ជាការលាបពណ៌ចោទប្រកាន់មកលើ វិវាទរបស់កម្មករដោយចោទថាជាការធ្វើបដិវត្តន៍ចង់ផ្ដួលរំលំរដ្ឋាភិបាល ដោយបង្កអសន្តិសុខក្នុងសង្គម ដោយធ្វើការ ញុះញង់បង្កភាពវឹកវរក្នុងសង្គមជាដើម ។ ក៏ប៉ុន្តែពួកគេចាត់ទុកថា វិវាទនេះជាវិវាទរវាងកម្មករជាមួយថៅកែ គ្មានរឿងណាមួយដែលទាក់ទង ពាក់ព័ន្ធទៅនឹងការផ្តួលរំលំរដ្ឋាភិបាលនោះទេ ដោយពួកគេស្នើសុំឲ្យគណបក្សនយោបាយទាំងឡាយទាំងគណបក្សដែលកំពុងកាន់អំណាចក្ដី មានគោលនយោបាយជាក់លាក់នៅក្នុងការដោះស្រាយបញ្ហាវិវាទការងាររបស់កម្មករនិយោជិត។

ក្រុមសហជីពដែលមានសមាជិកជាកូដករណាហ្វាវើលដ៍ អំពាវនាវបែបនេះ ដោយពួកគេយល់ថា កម្មករនិយោជិតណាហ្គាវើលដ៏ត្រូវបាននិយោជក បញ្ឈប់ដោយបំពាន មិនមានការដោះស្រាយណាមួយកើតឡើងឡើយ បើទោះបីជាច្បាប់មានការការពារ ពិសេសសម្រាប់កម្មករនិយោជិកនិងថ្នាក់ដឹកនាំសហជីពក្តី។ គិតមកត្រឹមថ្ងៃ ១៧ ខែ កក្កដា ឆ្នាំ២០២៣ ពួកគេបានធ្វើកូដកម្មតវ៉ា មានរយៈពេល៥៧៥ថ្ងៃហើយ៕

Share

Image
Image
Image