en     km
en     km

ឧបករណ៍ភ្លេងបុរាណ«ភ្លយ»ជាសិល្បៈវប្បធម៌របស់ជនជាតិជងស្ទើតែគ្មានវត្តមានអ្នកស្នងដំណែង

Share

លើសពីសម្បត្តិធម្មជាតិដែលបង្កើតបានជាតំបន់ទេសចរណ៍ជាច្រើនទាក់ទាញភ្ញៀវទេសចរទាំងជិត និងឆ្ងាយមកទស្សនានោះ តំបន់សហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ក្នុងខេត្តកោះកុងក៏មាននូវប្រពៃណីទំនៀម ទម្លាប់ និង កេរតំណែលសិល្បៈវប្បធម៌យ៉ាងផូរផង់របស់ជនជាតិដើមភាគតិចជងផងដែរ។

ក្នុងនោះឧបករណ៍ភ្លេងបុរាណម្យ៉ាងមានឈ្មោះថា «ភ្លុយ» បច្ចុប្បន្នកំពុងត្រូវការអ្នកជំនាន់ក្រោយរៀនសូត្របន្តវេនដើម្បីរក្សាអត្តសញ្ញាណទៅថ្ងៃអនាគត ខណៈអ្នកមានជំនាញផលិតឧបករណ៍«ភ្លយ» និងចេះផ្លុំប្រគុំឧបករណ៍មួយនេះកាន់តែមានចំនួនតិចតួចខ្លាំងណាស់។ លើសពីនេះឧបករណ៍នេះហាក់មិនមានអ្នកស្គាល់ច្រើននៅឡើយនោះទេ។
ចង់ដឹងថាឧបករណ៍ភ្លេងបុរាណ«ភ្លយ»មានលក្ខណៈពិសេសអ្វីខ្លះ? ហេតុផលអ្វីខ្លះយុវជនជំនាន់ក្រោយនៅតំបន់ស្ទឹងអារ៉ែងមិនសូវមានអ្នកទៅរៀនបន្តវេនអំពីឧបករណ៍ភ្លេងភ្លយនេះ?

តទៅនេះសូមនាងកញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

«សម្លេងផ្លយ…………………»

នេះជាសម្លេងភ្លេងលឺចេញពីឧបករណ៍ភ្លេងបុរាណម្យ៉ាងរបស់ជនជាតិដើមភាគតិចជងឈ្មោះថា«ភ្លយ»។ ឧបករណ៍នេះផ្គុំឡើងដោយបំពង់ឫស្សីតូចៗប៉ុនទំហំឧបករណ៍ខ្លុយដែរ តែ«ភ្លយ»ចង់ភ្ជាប់ដោយជាមួយផ្លែឃ្លោកសាយដៀវ បិទដោយជ័រម្រោមលាយជាមួយក្រមួនឃ្មុំ និងចងរុំព័ន្ធដោយវល្លិផ្ដៅ។ឧបករណ៍មួយនេះបើមើលមួយភ្លេតស្រដៀងនឹងឧបករណ៍គែនដែរគឺមានទំហំនិងប្រវែងប្រហែលមួយម៉ែត្រ។ ឧបករណ៍នេះភាគច្រើនត្រូវបានគេយកទៅប្រើប្រាស់ក្នុងពិធីមួយចំនួនរួមមាន ពីធីបញ្ជាន់អារក្ស និងក្នុងឱកាសជួបជុំបងប្អូន ញាតិមិត្ត និងមិត្តភក្តិពេលមានពិធីមង្គលការ។
ផ្លយ ជាឧបករណ៍ភ្លេងបុរាណរបស់ជនជាតិដើមភាគតិច ជង ដែលស្ថិតនៅតំបន់អារ៉ែង ខេត្តកោះកុង។ ឧបករណ៍នេះក៏ត្រូវបានគេសិក្សាឃើញថា ជាឧបករណ៍កម្រ និងស្ទើរតែបាត់វត្តមានទៅហើយសម្រាប់ជនជាតិដើមភាគតិចជង។ តួយ៉ាងនៅតំបន់អារ៉ែងសព្វថ្ងៃ អ្នកស្នងដំណែងរៀនធ្វើនិងរៀនផ្លុំឧបករណ៍ផ្លយមានមិនដល់១០នាក់នោះទេ។ នេះបើផ្អែកតាមការរៀបរាប់របស់ប្រជាជនដែលរស់នៅសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ដែលក្រុមការងារព័ត៌មានវិទ្យុស្រ្តីបានទៅដល់តំបន់អារ៉ែងខេត្តកោះកុង។

 
មានលំនៅឋានក្នុងភូមិជំនាប់ ឃ្មុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង បុរសវ័យជាង៨៧ឆ្នាំ ឈ្មោះ ដួង ញឹក ជនជាតិដើមភាគតិចជង។ លោកត្រូវបានប្រជាជននៅតំបន់សហគមន៍អារ៉ែងស្គាល់ថា ជាអ្នកជំនាញជើងចាស់ធ្វើឧបករណ៍ភ្លយ និងជាគ្រូបង្វិកផ្លុំផ្លយនេះផងដែរ។
លោកបានចាប់ផ្តើមរៀនអំពីរបៀបធ្វើនិងរបៀបផ្លុំឧបករណ៍មួយនេះ តាំងពីលោកនៅក្មេងមកម្ល៉េះ ប៉ុន្តែលោកហាក់មិនបានចាប់អារម្មណ៍ក្នុងការចាប់យកជំនាញជាអ្នកផ្លុំឧបករណ៍ភ្លេងបុរាណនេះទេ តែដោយហេតុថាមនុស្សចាស់ៗក្នុងភូមិតែងតែជម្រុញឱ្យលោករៀនធ្វើ និងចង់ឱ្យមានអ្នកបន្តវេនលោកក៏ចេះតែបន្តបង្រៀនជូនក្មេងជំនាន់ក្រោយតែម្តងទៅ។

លោក ដួង ញឹក៖« ខ្ញុំរៀនតាមចាស់ៗគាត់ឱ្យផ្លុំអីចឹងទៅ តាំងពីខ្ញុំអាយុ១៨ឯណោះ ប៉ុន្តែបើធ្វើនេះ[ធ្វើឧបករណ៍ភ្លេងភ្លយ] ខ្ញុំទើបតែធ្វើនៅអារ៉ែងហ្នឹងទេ ព្រោះថាចាស់ៗកាត់ចង់បានពេក ចឹងគេចេះតែទទូចឱ្យធ្វើថាធ្វើដល់តាធ្វើធ្វើបានមែន ធ្វើហ្នឹងឃើញចាស់ៗគាត់ធ្វើ ឃើញគាត់ធ្វើទេដល់ចាស់ៗគាត់ថាអាអូនរៀនធ្វើមើល ខ្ញុំចេះតែថាអត់ចេះៗដល់ធ្វើទៅវាធ្វើបានមែនបានជាចាប់ធ្វើ[ឧបករណ៍ផ្លយ និងផ្លុំ]មកទល់ជំនាន់ឥឡូវហ្នឹង»

អង្គុយនៅក្រោមសំយាបមុខផ្ទះ និយាយបណ្តើរជូតឧបករណ៍ផ្លយដែលកាន់ក្នុងដៃបណ្តើរ បុរសចាស់វស្សាសក់ស្កូវសំពោងរូបនេះ បានរៀបរាប់ពីរបៀបធ្វើឧបករណ៍ភ្លយពីមួយដំណាក់ទៅមួយដំណាក់កាល ដោយថាឧបករណ៍នេះមិនបង្កជាការលំបាកប៉ុន្មានទេ ហើយមិនត្រូវការចំណាយពេលយូរក្នុងការធ្វើផងដែរ។ តែ ឧបករណ៍នេះត្រូវការនូវសម្ភារៈមួយចំនួនដូចជា បំពង់ឫស្សី ៣ កំណាត់ប្រវែងចន្លោះពី៣០សង់ទីម៉ែត្រទៅមួយម៉ែត្រចងភ្ជាប់គ្នាដោយវល្លិផ្ដៅ និងត្រូវមានជ័រម្រោម លាយនឹងក្រមួនឃ្មុំ ដើម្បីភ្ជាប់សម្ភារៈជាមួយផ្លែឃ្លោកសាយដៀវទៅនឹងបំពង់ឬស្សី។

លោក ដួង ញឹក អ្នកជំនាញជើងចាស់ធ្វើឧបករណ៍ផ្លយ និងជាគ្រូបង្វិកផ្លុំផ្លយ

បន្ទាប់ពីរៀបរាប់ជាហូរហែររួចមកលោក ដួង ញឹក ក៏លើកឧបករណ៍ភ្លេងបុរាណដែលជាអត្តសញ្ញាណជនជាតិជងមកផ្លុំ ជាមួយនឹងទឹកមុខស្រស់ស្រាយ។ នេះបញ្ជាក់ថាលោកសប្បាយចិត្តស្របពេលដែលលោកបានផ្លុំនូវឧបករណ៍មួយនេះ។ បើទោះបីលោកមានវ័យកាន់តែចាស់ក្តី ប៉ុន្តែលោកធ្លាប់បានបង្ហាត់សិស្សដែលជាកូនចៅនៅសហគមន៍ចំនួន ៣ នាក់ ក្នុងនោះមានស្រី២នាក់ រៀនផ្លុំឧបករណ៍ភ្លយហើយពេលនេះពួកគេក៏បានរៀនចេះជាប់រួចហើយផងដែរ។

បុរសចំណាស់ជនជាតិដើមភាគតិចជងរូបនេះសម្គាល់ឃើញថា ជំនាញធ្វើនិងផ្លុំផ្លយនេះ បានបាត់បង់ចំនួនអ្នកនិយមពីមួយជំនាន់ទៅមួយជំនាន់ ហើយមិនសូវមានក្មេងៗចាប់អារម្មណ៍រៀនប៉ុន្មាននោះទេ។ លោកថាមូលហេតុគឺបណ្តាលមកពីមិនមាននរណាម្នាក់ធ្វើជាជំហរក្នុងការប្រឹងប្រែងឱ្យស្វិតស្វាញជម្រុញក្មេងៗមករៀន ហើយ ២ឆ្នាំកន្លងមកនេះមិនមានអ្នកណាមករៀនបន្តទៀតឡើយ។

លោក ដួង ញឹក និង ភិរិយារបស់លោក 

លោក ដួង ញឹក៖« គេវាបែបនេះ ខ្ញុំថាគ្មានសិស្សណាមកទេ ទាល់តែខាងភូមិខាងឃុំគិតគូរបានគេ[ក្មេងៗជំនាន់ក្រោយ]រៀន ឥឡូវដូចខ្ញុំចេះតែខ្ញុំចឹងហើយ ខ្ញុំចេះតាំងពីដូចថាយូរឆ្នាំមកហើយ ម្លោះហើយអត់មាននរណាគេចង់រៀនជាមួយទេទាល់តែមានយើងចាត់តាំងអាហ្នឹងបានមាន ក្មេងវាមិនដូចយើងទេបើចាស់ពីមុនគាត់ដូចចង់ឱ្យមាន គាត់ស្រលាញ់ផ្លុំផ្លយ នឹកលេងនឹកសើចសប្បាយ»។

ក្រឡេកមកមើលអ្នកដែលធ្វើការសហគមន៍នៅតំបន់អេកូទេសចរស្ទឹងអារ៉ែងឈ្មោះ សុខន វិញ ការយល់ឃើញរបស់លោកមិនខុសពីលោក ដួង ញឹក ប៉ុន្មានទេ។ លោកថា យុវជននៅតំបន់អារ៉ែងពុំសូវជាមានការពេញនិយម ក៏ដូចជាចាប់អារម្មណ៍ក្នុងការរៀនបន្តវេននោះឡើយ។ ទោះជាបែបនេះក្តីលោកថា បច្ចប្បន្នក្តីសង្ឃឹមរបស់លោកកំពុងតែពឹងលើសិស្សប្រុសម្នាក់ក្នុងចំណោម ៣ នាក់ដែលលោក ដួង ញឹក បានបង្ហាត់កន្លងមក។

លោក សុខន អ្នកធ្វើការសហគមន៍នៅតំបន់អេកូទេសចរស្ទឹងអារ៉ែង

លោក សុខន៖« និយាយរួមទៅសម្រាប់ខ្ញុំ ខ្ញុំសង្ឃឹមទៅលើកូនសិស្សមួយណាមួយគាត់នៅក្មេងហើយគាត់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនហើយសម្រាប់ពីរនាក់ទៀតស្រីៗហ្នឹងគាត់មានគ្រួសារគាត់អាចទៅឆ្ងាយទៅស្រុកផ្សេងចឹង ចំណែកសិស្សប្រុសហ្នឹងគាត់បានដើរច្រើនជាងគេហើយគាត់រាងក្លាហាន គាត់ចេះផ្លុំចេះអីបន្តពីអ៊ុំភ្លយ(លោក ដួង ញឺក) ហើយគាត់ចេះធ្វើផ្លយទៀត ខ្ញុំសង្ឃឹមទៅលើគាត់ជាអ្នកបន្តបាទ»។

ដោយមានក្តីបារម្ភចំពោះ ឧបករណ៍ភ្លេងបុរាណ ផ្លយ ដែលជាកេរតំណែលវប្បធម៌សេសសល់នៅតំបន់អេកូទេសចរណ៍ស្ទឹងអារ៉ែងបាត់បង់ទៅនោះ អ្នកធ្វើការនៅហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែងស្ទាក់ស្ទើក្នុងការរៀបចំផែនការដើម្បីជម្រុញឱ្យមានអ្នកបន្តវេនថែរក្សាអត្តសញ្ញាណ ដោយសារលោកមិនទាន់បានចុះសាកសួរយុវជននៅក្នុងតំបន់អារ៉ែងយកមកបណ្តុះបណ្តាលបន្តនៅឡើយ។

«សម្រាប់ខ្ញុំ ខ្ញុំអត់ដឹងមិចលុះត្រាតែយើងធ្លាប់បានជជែកជាមួយអ្នកភូមិ ធ្លាប់សួរក្មេងៗដែលគាត់ចាប់អារម្មណ៍សិនបានខ្ញុំមានព័ត៌មានមក សម្រាប់ខ្ញុំម្នាក់ខ្ញុំពិបាកនិយាយថាមានអ្នកចង់ឬក៏មិនចង់ វាពិបាកឆ្លើយ»៕

Share

Image
Image
Image