ងាកមកព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឯណ្ណោះវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទមួយទាក់ទងនឹងដែលទទួលទានជាតិកាហ្វេអ៊ីនប៉ះពាល់ដល់ការមានកូនដែរឬទេ? ដោយអត្ថបទនេះប្រែសម្រួលពីគេហទំព័រសុខភាព verywell របស់សហរដ្ធអាមេរិក ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ!
ការទទួលទានកាហ្វេ ឬតែមួយពែងនៅពេលព្រឹក ឬពេលថ្ងៃ បានក្លាយជាទម្លាប់របស់មនុស្សនៅជុំវិញពិភពលោក។ ដូច្នេះហើយ បានជាមានការស្រាវជ្រាវអំពីទំនាក់ទំនងរវាងជាតិកាហ្វេអ៊ីន និងការមានផ្ទៃពោះ រួមទាំងសិក្សាអំពីអត្រានៃការរលូតកូនផងដែរ។
រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព verywell
តើជាតិកាហ្វេអ៊ីនក្នុងកាហ្វេអាចប៉ះពាល់ដល់ស្រ្តីក្នុងការមានកូនមែនដែរឬទេ?
តាមគេហទំព័រសុខភាព verywell របស់សហរដ្ធអាមេរិកបកស្រាយថា សម្រាប់ស្រ្តីដែលព្យាយាមចង់បុត្រធីតា គឺជាតិកាហ្វេអ៊ីនដែលទទួលទានតាមរយៈកាហ្វេ គឺមិនប៉ះពាល់ឱកាសមានផ្ទៃពោះរបស់ស្រ្តីឡើយ បើសិនជាស្រ្តីមិនទទួលទានក្នុងបរិមាណច្រើន។ ម៉្យាងវិញទៀត ប្រសិនស្រ្តីមានការព្រួយបារម្មអំពីផលប៉ះពាល់នៃជាតិកាហ្វេអ៊ីនទៅលើការមានផ្ទៃពោះ ស្រ្តីគួរតែកាត់បន្ថយ ឬបោះបង់ការបរិភោគជាតិកាហ្វេអ៊ីននេះក៏ល្អប្រសើរ។
យ៉ាងណាមិញ មានការសិក្សានៅឆ្នាំ ១៩៨៨ ដែលពាក់ព័ន្ធនឹងទំនាក់ទំនងរវាងជាតិកាហ្វេអ៊ីន និងការមានកូនបានរាយការណ៍ថា ស្ត្រីដែលទទួលទានកាហ្វេតត្រឹមតែមួយពែងក្នុងមួយថ្ងៃ នឹងប្រហែលមានឱកាសត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ក្នុងការមានផ្ទៃពោះនេះ។
ការបញ្ជាក់បែបនេះ ដោយសារមានការសិក្សាដ៏ធំមួយលើប្រធានបទនេះជាមួយស្ត្រីជនជាតិដាណឺម៉ាកជាង ៣,000 នាក់ដោយអ្នកស្រាវជ្រាវបានពិនិត្យមើលឃើញអត្រានៃការមានកូនទាក់ទងនឹងការទទួលទានកាហ្វេ តែ និងសូដា។ ជាលទ្ធផលនៃការសិក្សាបានរកឃើញថា៖
- ចំពោះស្ត្រីដែលទទួលទានជាតិកាហ្វេអ៊ីនតិចជាង ៣00 មីលីក្រាមក្នុងមួយថ្ងៃ អាចមានអត្រានៃការមានកូន។
- មួយទៀត ចំពោះស្ត្រីដែលផឹកតែច្រើនដងក្នុងមួយថ្ងៃ គឺមិនប៉ះពាល់ឱកាសមានកូននោះទេ។
- ដោយឡែក ចំពោះការទទួលទានសូដាច្រើនជាងបីដងក្នុងមួយថ្ងៃ អាចមានអត្រានៃការមានកូនតិចជាងស្ត្រីដែលមិនផឹកសូដា។
ចំណែកឯការសិក្សាផ្សេងទៀតក្នុងឆ្នាំ ២០១៧ បានសិក្សាជ្រាវជ្រាវលើទិន្នន័យ ដែលទាក់ទងកម្រិតជាតិកាហ្វេអ៊ីនជាមួយនឹងគូស្វាមីភរិយាដែលពិបាកក្នុងការមានកូន។ ក្នុងការសិក្សានោះ ពិនិត្យរកហានិភ័យនៃការរលូតកូនដោយផ្អែកលើកម្រិតសារធាតុកាហ្វេអ៊ីនដែលពួកគេបានបរិភោគផងដែរ។
រូបភាពនេះមានប្រភពពីគេហទំព័របរទេស
ចំពោះលទ្ធផលសិក្សាបានបង្ហាញថា៖
- ចំពោះស្រ្តីដែលទទួលទានជាតិកាហ្វេអ៊ីន ៣០០ មីលីក្រាម អាចមានហានិភ័យបាត់បង់គក៌ដំបូង ឬ គក៌អាចរលូតដោយឯកឯង(SAB) ។ លើសពីនេះទៅទៀត ស្រ្តីដែលទទួលទានជាតិកាហ្វេអ៊ីន ៦00 មីលីក្រាម អាចបង្កើនហានិភ័យនៃការរលូតកូនទ្វេដង។
ប៉ុន្តែយ៉ាងណា ការស្រាវជ្រាវអំពីអត្រានៃការមានកូន និងការទទួលជាតិកាហ្វេអ៊ីន នៅមិនទាន់មានការស្រាវជ្រាវរកឃើញច្បាស់លាស់នោះទេ តើប្រាដកមកពីការទទួលទានជាតិកាហ្វេអ៊ីនគឺជាបញ្ហារារាំងការមានកូនពិតមែនឬអត់។ តែការស្រាវជ្រាវរកឃើញថា អ្នកចូលចិត្តជក់បារីតែងមានទម្លាប់ចូលចិត្តទទួលទានកាហ្វេ ដូច្នេះហើយការញែកឱ្យដាច់ថា ការមិនអាចមានកូនបណ្តាលមកពីការទទួលទានកាហ្វេគឺនៅតែស្រពេចស្រពិលនៅឡើយ។ ស្រពេចស្រពិល ដោយសារតែការទទួលទាន់បារីគឺជាមូលហេតុនៃការប៉ះពាល់ដល់ការបង្កកំណើត។
យ៉ាងណាមិញបើតាមគេហទំព័រសុខភាព verywell បានណែនាំផងដែរថា ប្រសិនអ្នកចង់ទទួលទានជាតិកាហ្វេអ៊ីនប្រកបដោយសុវត្ថិភាព គឺត្រូវទទួលទានក្នុងកម្រិតមិនលើសពី ២០០ ទៅ ៣០០ មីលីក្រាម។ ហើយជាការល្អទៀតនោះ អ្នកអាចទទួលកាហ្វេក្នុងបរិមាណ ១០០ មីលីក្រាមឬតិចជាងនេះ។ នេះយោងតាមអ្នកជំនាញផ្នែកប្រព័ន្ធបន្តពូជ បានណែនាំដល់គូស្វាមីភរិយា ដែលមានបញ្ហាក្នុងការមានកូន៕