en     km
en     km

ស្រ្តីមេធាវីសិទ្ធិមនុស្សជនជាតិរុស្ស៊ីក្រោកឡើងការពារស្រ្តីរងគ្រោះផ្លូវភេទនៅអ៊ុយក្រែន

Share

ជុំវិញវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នាំឱ្យស្រ្តីមានវ័យ ៣២ឆ្នាំ គឺអ្នកនាង Anna Rivina ជាមេធាវីផ្នែកសិទ្ធិមនុស្សជនជាតិរុស្ស៊ី និងជាស្ថាបនិក នៃមជ្ឈមណ្ឌលឈ្មោះ «ទេចំពោះអំពើហឹង្សា»( No to Violence) មើលឃើញថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងតែបង្កឱ្យមានការកើនឡើងនៃអំពើហិង្សាផ្អែកលើយេនឌ័រ ហើយស្ថានភាពនឹងវិវត្តកាន់តែអាក្រក់បំផុតសម្រាប់ស្ត្រីអ៊ុយក្រែន។ សោកនាកកម្មលើស្រ្តីនៅអ៊ុយក្រែននេះ បានរុញច្រានមេធាវីស្រ្តីរូបនេះដោយមិនស្ទាក់ស្ទើរឡើយ ក្នុងការងើបឈរការពារអ៊ុយក្រែន។ នាងសម្រេចចាកចេញពីទឹកដីរុស្ស៊ី ទៅកាន់រដ្ឋធានី Tbilisi របស់ប្រទេសហ្សកហ្ស៊ី បង្កើតគម្រោងអន្តរជាតិមួយក្នុងគោលបំណងដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងសង្គ្រាម។

ជុំវិញការលូកដៃចូលបញ្ហានេះ Anna Rivina ត្រូវបានប្រទេសរុស្ស៊ីបញ្ចូលឈ្មោះទៅក្នុងបញ្ជីជា«ទីភ្នាក់ងារបរទេស» ដែលជាសញ្ញាណមិនល្អសម្រាប់ស្រ្តីមេធាវីរូបនេះ ព្រោះនាងនឹងស្ថិតជាមុខសញ្ញារបស់រដ្ឋាភិបាល ហើយបច្ចុប្បន្ននាងត្រូវបានរើសអើង និងកំពុងតែត្រូវហាមឃាត់មិនឱ្យត្រឡប់ចូលក្នុងទឹកដីរុស្ស៊ីវិញផងដែរ។
ចង់ដឹងថា តើការក្រោកឈរឡើងក្នុងការដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រនៅអ៊ុយក្រែន Anna Rivina បានជួបនឹងបញ្ហាចំពោះមុខអ្វីខ្លះ? ហើយនាងមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បីការពារស្ត្រីអ៊ុយក្រែនឱ្យជៀសផុតពីស្ថានភាពអាក្រក់ដែលនាងបានមើលឃើញនេះ? បន្តទៅនេះសូម នាង កញ្ញា ស្តាប់ការអត្ថាធិប្បាយរបស់កញ្ញា គុជ ស៊ីកុល ដូចតទៅ៖

បើទោះបីជាសង្រ្គាមរវាង រុស្ស៊ី និងអ៊ុយក្រែន បានបង្កើតឡើងដោយរុស្ស៊ីក្តី ប៉ុន្តែក៏មានការជួយគាំពារ និងការគាំទ្រពីសំណាក់អ្នកមានឥទ្ធិពលមួយចំនួនដែលជាជនជាតិរុស្ស៊ីផងដែរ ដែលមានសមានចិត្តជួយពលរដ្ឋរងគ្រោះអ៊ុយក្រែន។ រយៈពេលកន្លងមកនេះ មានភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយឈ្មោះ openDemocracy ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានរាយការណ៍ ទាក់ទងបញ្ហាធំៗដែលកើតមានឡើងចំពោះអ៊ុយក្រែនអំឡុងពេលរុស្ស៊ីឈ្លានពាន។ ទីភ្នាកងារសារព័ត៌មានរបស់អង់គ្លេសបានធ្វើសេចក្តីរាយការណ៍ ពីផលប៉ះពាល់នានាដរចេញពីវិបត្តិសង្គ្រាមឈានពាននេះលើសិទ្ធិមនុស្ស ដែលធ្វើឱ្យស្រ្តីអ៊ុយក្រែនស្ថិតក្នុងស្ថានភាពមិនល្អប្រសើរ។

បញ្ហាប្រឈមរបស់ស្រ្តីអ៊ុយក្រែន ត្រូវបានស្រ្តីដែលមានសមត្ថភាពខ្លាំងក្នុងវិស័យច្បាប់នៅប្រទេសរុស្ស៊ីនិងជាជនជាតិរុស្ស៊ីផងនោះ ហ៊ានចេញមុខដោយមិនរុញរាចូលខ្លួនធ្វើជាអ្នកដោះស្រាយវិបត្តិនេះមិនឱ្យមានការកើនឡើងនូវបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រ និងការពារស្រ្តីអ៊ុយក្រែនឱ្យរួចចាកផុតពីស្ថានភាពអាក្រក់ផងដែរ។ មេធាវីស្រ្តីជើងខ្លាំងដែលកំពុងពិពណ៌នានេះនាងមានឈ្មោះថា Anna Rivina។ ក្រៅពីមានអាជីពជាមេធាវី Anna Rivina ក៏មានសម្ថភាពអស្ចារ្យមួយទៀតផងដែរ គឺអ្នកនាងជាស្ថាបនិក និងជានាយិកាប្រតិបត្តិមជ្ឈមណ្ឌលដោះស្រាយបញ្ហាការរំលោភបំពាន ដែលមានឈ្មោះថា «ទេចំពោះអំពើហឹង្សា» (No to Violence)ទៀតផង។

ដូច្នេះឥឡូវយើងនឹងមកស្គាល់ឱ្យកាន់តែច្បាស់ ថាតើ Anna Rivina ជានរណា?

Anna Rivina កើតនៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ហើយនាងបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកច្បាប់ផងដែរ។ បច្ចប្បន្ននាងជាមេធាវី និងជាសហស្ថាបនិក និងជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលដោះស្រាយបញ្ហាការរំលោភបំពាន ដែលមានឈ្មោះថា «ទេចំពោះអំពើហឹង្សា» (No to violence)។ ក្រៅពីនេះ Anna ធ្លាប់បានបង្កើតផែនទីជំនួយដែលមានព័ត៌មានអំពីមជ្ឈមណ្ឌលវិបត្តិនៅទូទាំងប្រទេសសម្រាប់ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ។ ការងាររបស់នាងក៏រួមជាមួយនឹងការណែនាំជាវីដេអូអំពីរបៀបប្រព្រឹត្តនៅពេលប្រឈមមុខនឹងអំពើហិង្សា និងមានបង្កើតគម្រោងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាច្រើនទៀតដែរ។

រូបភាព៖ HUMAN RIGHT WATCH 

បន្ថែមពីនេះទៀត Anna បានបើកមជ្ឈមណ្ឌលសម្រាប់ស្ត្រីដែលជួយជនរងគ្រោះនៃការរំលោភបំពានឱ្យទទួលបានជំនួយផ្នែកច្បាប់ និងផ្លូវចិត្ត។ Anna ក៏ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យមួយនៅប្រទេសរុស្ស៊ីមានឈ្មោះថា Moscow State Law Academy (MGYA- МГЮА) ដែលនាងបង្រៀនពាក់ព័ន្ធទៅនឹងច្បាប់គ្រួសារ។ បន្ទាប់ពីជោគជ័យនូវគោលដៅមួយចំនួនរបស់នាងហើយនោះ ក្រោយមកនាងក៏បានផ្តល់បទសម្ភាសន៍រាប់សិបលើកលើប្រធានបទនៃអំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសរុស្ស៊ី។ សកម្មភាពរបស់នាងនេះហើយបានធ្វើឱ្យនាងស្ថិតក្នុងចំណាត់ថ្នាក់នៃជនជាតិរុស្សីដែលវ័យក្មេងមានសក្តានុពលបំផុត កាលពីឆ្នាំ ២០២០ ពោលគឺស្ថិតក្នុងចំណោម ១០០នាក់ ដែលត្រូវបានតែងតាំង។
ដោយផ្អែកលើបទពិសោធន៍ ក៏ដូចជាចំណេះដឹង និងសមត្ថភាពពិតប្រាកដរបស់នាងនេះហើយ ទើបបណ្តាលឱ្យនាងអាចមើលឃើញនូវបញ្ហាធំៗដែលអាចកើតមានឡើងចំពោះស្រ្តីនិងកុមារក្នុងប្រទេសអ៊ុយក្រែនដែលកំពុងរងគ្រោះក្នុងវិបត្តិសង្រ្គាម។

អ្នកស្រី អេនណា រីវីណា (Anna Rivina) មេធាវី និងជាសហស្ថាបនិក និងជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលដោះស្រាយបញ្ហាការរំលោភបំពាន ដែលមានឈ្មោះថា «ទេចំពោះអំពើហឹង្សា»។

រូបភាព៖ ភ្នាក់ងារសារព័ត៌មាន openDemocracy

ជាមួយគ្នានេះ Anna Rivina បានផ្តល់បទសម្ភាសន៍ទៅកាន់ភ្នាក់ងារសារព័ត៌មាន openDemocracy ក្នុងសម្តីដើមថា៖ «ខ្ញុំមានជំនាញរបស់ខ្ញុំ ក្នុងការធ្វើការផ្នែកអំពើហឹង្សាផ្អែកលើយេនឌ័រហ្នឹង ហើយខ្ញុំយល់ថា ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននេះហើយ ដែលនេះជាមូលហេតុអាចនឹងបង្កឱ្យមានការកើនឡើងនៃអំពើហិង្សាផ្អែកលើយេនឌ័រនៅអ៊ុយក្រែន»។

ការប្រឹងប្រែងរបស់ Anna Rivina មិនមែនជារឿងចៃដន្យនោះទេ ដ្បិតកាលពីខែមិថុនា ឆ្នាំ ២០២២ អង្គការសហប្រជាជាតិបានទទួលរបាយការណ៍បណ្តោះអាសន្នមួយដែលរកឃើញថាមានអំពើហិង្សាផ្លូវភេទលើស្រ្តីក្នុងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនចំនួន ១២៤ករណី។

បុព្វហេតុនេះហើយនាំឱ្យ Anna Rivina ចាកចេញពីទីក្រុងមូស្គូយ៉ាងលឿនទៅកាន់រដ្ឋធានី Tbilisi ប្រទេស ហ្សកហ្ស៊ី ដែលជាទីស្នាក់ការរបស់កម្មវិធីថ្មីមួយផ្សេងទៀត ដែលនាងឧស្សាហ៍ទៅជាញឹកញាប់នោះ។ ប៉ុន្តែការដែលនាងទៅរដ្ឋធានី Tbilisi របស់ប្រទេសហ្សកហ្ស៊ីលើកនេះ គឺដើម្បីបង្កើតគម្រោងអន្តរជាតិមួយក្នុងគោលបំណងដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងសង្គ្រាម។

ក្រោយពីAnna Rivina ឈានជើងប្រឡូកជួយអ៊ុយក្រែន នាងបានក្លាយជាមុខសញ្ញាគោលដៅរបស់រដ្ឋអំណាចក្រុងមូស្គូ ដោយក្រសួងយុត្តិធម៌របស់រុស្ស៊ីបានបញ្ចូលឈ្មោះនាងទៅក្នុងបញ្ជីខ្មៅនៃ «ភ្នាក់ងារបរទេស»។ នេះមានមានន័យថា សកម្មភាពរបស់នាងនឹងត្រូវបានឃ្លាំមើលលើការបញ្ចេញមតិដោយសេរី និងសកម្មភាពផ្សេងៗក្នុងនាមជាប្រជាពលរដ្ឋរបស់រុស្ស៊ី។

យោងតាមច្បាប់រុស្ស៊ី បញ្ជី«ភ្នាក់ងារបរទេស»ស្តាប់ទៅដូចជាល្អ ព្រោះបុគ្គល ឬអង្គភាព ឬប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្នុងបញ្ជីនេះ អាចទទួលបានការគាំទ្រពីរដ្ឋបរទេស ឬអាចចូលរួមក្នុងសកម្មភាពនយោបាយនៅក្នុងប្រទេសរុស្ស៊ី។

ប៉ុន្តែសម្រាប់ Anna Rivina នាងយល់ថា ការលើកដាក់បញ្ចូលឈ្មោះនាងទៅក្នងបញ្ជី នៃភ្នាក់ងារបរទេស នេះគឺជាសញ្ញាមិនសូវល្អ ដែលមិនមានន័យដូចទៅនឹងអ្វីដែលរុស្ស៊ីបានលើកឡើងនោះទេ ហើយផ្ទុយទៅវិញអ្នកដែលស្ថិតក្នុងបញ្ជីនេះមានតែបង្កផលប៉ះពាល់ដល់រូបនាងនៅថ្ងៃណាមួយមិនខាន។

ជាក់ស្តែងតែម្តង គណនីធនាគាររបស់នាងនៅហ្សកហ្ស៊ី និងរុស្ស៊ី កំពុងតែមានបញ្ហាក្នុងការចូលប្រើប្រាស់ ហើយនាងត្រូវបានគេហាមប្រាមមិនឱ្យត្រឡប់ទៅបង្រៀននៅសកលវិទ្យាល័យក្នុងរុស្ស៊ីវិញឡើយ។

កន្លងមកទៀត នាងក៏ត្រូវបានគេបដិសេធមិនឱ្យត្រលប់ទៅប្រទេសហ្សកហ្ស៊ី ដែលជាកន្លែងរបស់នាងរស់នៅជិតមួយឆ្នាំ បន្ទាប់ពីនាងបានទៅលេងប្រទេសអាមេនី។ Rivina បាននិយាយថា នាងបានព្យាយាមចូលហ្សកហ្ស៊ីក្នុងនាមជាពលរដ្ឋអ៊ីស្រាអែល ព្រោះថានាងមានសញ្ជាតិពីរ។ ប៉ុន្តែទាំងសញ្ជាតិរុស្សី និងសញ្ជាតិអ៊ីស្រាអែល នាងគ្មានសិទ្ធិចូលប្រទេសហ្សកហ្ស៊ីវិញទេ។

ប៉ុន្តែទោះបីជានាងកំពុងតែជួបបញ្ហាចំពោះមុខបែបនេក្តី ស្រ្តីមេធាវីមានសក្តានុភាពរូបនេះមិនបោះបង់ចោលឡើយក្នុងការក្រោកឈរជ្រោមជ្រែងផ្តល់ជាជំនួយដោះស្រាយបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រ ដោយធ្វើយ៉ាងណាឱ្យស្រ្តីអ៊ុយក្រែងរួចចេញពីស្ថានភាពលំបាកនេះ។ Rivina បាននិយាយផងដែរថា ផលលំបាកដែលនាងកំពុងតែជួបនេះ គឺតូចណាស់បើធៀបនឹងប្រជាជនក្នុងប្រទេសអ៊ុយក្រែននៅអំឡុងពេលមានវិបត្តិសង្គ្រាម ដោយហេតុថា នាងមានទំនុកចិត្តខ្ពស់និងការជឿជាក់ថា នាងអាចដោះស្រាយបាន។ ម្យ៉ាងទៀតនាងថានាងនៅមានមនុស្សជាច្រើនផ្តល់កម្លាំងចិត្តឱ្យបន្តដំណើរទៅមុខដោយជំរុញនាងថា ពួកគេត្រូវការសំឡេង និងការតស៊ូរបស់នាងខ្លាំងណាស់៕

Share

Image
Image
Image