en     km
en     km

ព្រឹត្តិការណ៍អន្តរជាតិ៖ ក្រៅពីមនុស្ស សត្វក៏អាចឆ្លងមេរោគកូវីដ១៩បានដែរ

Share

បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ជំងឺកូវីដ១៩ គឺជាជំងឺឆ្លងផ្លូវដង្ហើម ដែលធ្វើឱ្យប៉ះពាល់ដល់សួតយ៉ាងធ្ងន់ធ្ងរ។​ ជំងឺកូវីដ១៩​នេះត្រូវគេរកឃើញជាលើកដំបូងនៅទីក្រុងវូហាន ខេត្តហ៊ុយបេ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ យ៉ាងណាមិញ ជំងឺនេះបន្តរាតត្បាតទូទាំងសកលលោក ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ កាលពីពេលថ្មីៗនេះ តាមការសិក្សាស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានបង្ហាញថា ក្រៅពីមនុស្សជាតិ សត្វមួយចំនួនក៏មានលទ្ធភាពឆ្លងនឹងជំងឺកូវីដ១៩នេះដែរ។ ចង់ជ្រាបព័ត៌មានលម្អិត សូមនាងកញ្ញា លោកលោកស្រី អញ្ចើញស្តាប់ព្រឹត្តិការណ៍អន្តរជាតិដែលនាងខ្ញុំនឹងអត្ថាធិប្បាយដូចតទៅ៖

តាមរបាយការណ៍ទិន្នន័យរបស់អង្គការសុខភាពពិភពលោករាយការណ៍គិតត្រឹមម៉ោង៣:២០នាទីរសៀលនៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញថា​ ប្រជាពលរដ្ឋទូទាំងសកលលោកជាង ៧ រយលាននាក់បានឆ្លងជំងឺកូវីដ១៩ រីឯអ្នកស្លាប់ដោយជំងឺនេះមានចំនួនជិត ៧លាននាក់។

បើតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃពុធ ទី១២​ ខែកក្កដា ឆ្នាំ២០២៣បានឱ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ មិនត្រឹមតែចម្លងទៅកាន់សហគមន៍មនុស្សនៅទូទាំងសកលលោកប៉ុណ្ណោះទេ សត្វមួយចំនួនក៏រងនូវផលប៉ះពាល់ដោយការឆ្លងនូវជំងឺកូវីដ១៩នេះផងដែរ។

នៅក្នុងនោះដែរ បើយោងតាមការសិក្សាថ្មីមួយពីសេវាត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិរបស់ក្រសួងកសិកម្មនៅក្នុងសហរដ្ឋអាមេរិកបានរកឃើញថា សត្វក្តាន់កន្ទុយស (white-tailed deer) ជាច្រើនក្បាល បានឆ្លងមេរោគកូវីដ១៩ច្រើនជាង១00 លើកនៅចន្លោះចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២។ ស្របគ្នានេះដែរ អ្នកស្រាវជ្រាវសង្ស័យថា យ៉ាងហោចណាស់មានបីករណីដែលមនុស្សបានឆ្លងមេរោគកូវីដ១៩ពីសត្វក្តាន់ប្រភេទនេះ។

ជាការកត់សម្គាល់ ការសិក្សាក៏បានរកឃើញដែរថា សន្តានមេរោគកូវីដ១៩ ដែលមានដូចជា Alpha, Delta និង Omicron ក៏ធ្លាប់បានកើតនៅលើសត្វក្តាន់កន្ទុយសនេះដែរ។ អ្នកវិទ្យសាស្រ្តអាមេរិកកំពុងដាក់ការព្រួយបារម្ភថា ប្រសិនបើមេរោគនេះនៅតែបន្តឆ្លងទៅកាន់សត្វក្តាន់ ដូចដែលមេរោគឆ្លងទៅកាន់មនុស្សនោះ វានឹងបង្កជាផលអវិជ្ជមានជាច្រើន ដ្បិតថា សត្វប្រភេទនេះអាចក្លាយជាទីផ្ទុកនូវមេរោគក្នុងរយៈពេលវែង ជាពិសេសមេរោគទាំងនេះអាចវិវត្តខ្លួននៅក្នុងសរីរាង្គរបស់សត្វបាន។ អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងដែរថា មេរោគនេះអាចមានលទ្ធភាពចម្លងទៅមនុស្ស រួចទៅចម្លងសត្វ ដូច្នោះវាក៏មានលទ្ធភាពចម្លងមកកាន់មនុស្សសារជាថ្មីម្តងទៀតដែរ។​

ទោះជាយ៉ាងណាក៏ដោយ បសុពេទ្យពិបាកនិយាយថា តើសត្វក្តាន់អាចបង្កហានិភ័យច្រើនដល់កម្រិតណា ឬសត្វនេះពិតជាជះឥទ្ធិពលអវិជ្ជមានដូចដែលពួកគេបានលើកយកមកវិភាគដែរឬយ៉ាងណា។ នេះបើតាមសម្តីរបស់លោក Scott Weese បសុពេទ្យដែលកំពុងសិក្សាស្រាវជ្រាវពីជំងឺឆ្លងរវាងសត្វ និងមនុស្សនៅសាកលវិទ្យាល័យ Guelph ក្នុងប្រទេសកាណាដា។

យ៉ងណាមិញ​ លោក Weese បាននិយាយថា នៅក្នុងការពិសោធថ្មីនេះ លោកមិនបានចូលរួមក៏ពិតមែន ក៏ប៉ុន្តែលោកមិនណែនាំឱ្យយកសត្វក្តាន់មកធ្វើតេស្ត ជាពិសេសចាក់វីរុសកូវីដ១៩ចូលទៅក្នុងសរីរាង្គរបស់សត្វទាំងនេះឡើយ។ លោកបង្ហាញក្តីកង្វល់ថា វាអាចនឹងប៉ះពាល់ដល់សត្វព្រៃកាន់តែច្រើនទៀត បើទោះបីជាបច្ចុប្បន្នវាបានឆ្លងទៅលើសត្វក្តាន់ក៏ដោយ។ លោក​បាន​បញ្ជាក់បន្ថែម​ថា អ្នកវិទ្យសាស្រ្តអាច​​បញ្ឈប់​​ការ​រីក​រាល​ដាលនេះបានតិចតួចនៅឡើយ ដោយសារតែវ៉ាក់សាំងការពារការឆ្លងមេរោគកូវីដ១៩សម្រាប់សត្វមានតម្លៃថ្លៃពេក។

ដោយឡែក រដ្ឋាភិបាលសហរដ្ឋអាមេរិកគ្រោងនឹងបន្តពង្រីកការឃ្លាំមើលលើសត្វព្រៃបន្ថែមទៀត ដើម្បីយល់ដឹងពីរបៀបដែលមេរោគកូវីដ១៩ឆ្លងតាមរយៈសត្វ។ នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់ USDA ដែលបានចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបថា តាមការស្ទង់មតិពីប្រជាជនបានប៉ាន់ប្រមាណថា សត្វក្តាន់របស់សហរដ្ឋអាមេរិកមានចំនួន ៣0 លានក្បាល ដែលគេតែងប្រទះនៅតាមទីកន្លែងសាធារណៈ។ មនុស្សអាចប្រាស្រ័យទាក់ទងជាមួយសត្វក្តាន់ដោយផ្ទាល់ដូចជាពេលផ្តល់ចំណី ពេលបរបាញ់ ឬតាមរយៈប្រភពទឹកដូចជាទន្លេ បឹង ឬស្រះទឹកជាដើម។ យ៉ាងណា មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ហានិភ័យរបស់មនុស្សក្នុងការឆ្លងជំងឺកូវីដ១៩ពីសត្វក្នុងស្រុក ឬសត្វព្រៃ នៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងការឆ្លងរវាងមនុស្សនិងមនុស្ស។មជ្ឈមណ្ឌលនេះផ្តល់ដំបូន្មានថា ប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្នការឆ្លងជំងឺជាយថាហេតុ៕

ប្រភព៖ CNN ចុះថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣

Share

Image
Image
Image