en     km
en     km

តើកូរ៉េខាងជើងកំពុងស្ថិតក្នុងស្ថានភាពបែបណាក្រោយផ្ទុះជំងឺកូវីដ១៩?

Share

ជាងរយៈបីឆ្នាំបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ប្រទេសកូរ៉េខាងជើងជាប្រទេសមួយដែលនៅដាច់ដោយឡែកពីបណ្តាប្រទេសទាំងអស់នៅលើសកលលោក ដ្បិតថាពុំមានទិន្នន័យច្បាស់លាស់ពីអត្រាអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ១៩នោះទេ។ បច្ចុប្បន្ន ប្រទេសកូរ៉េខាងជើងនៅតែបន្តបិទច្រកព្រំដែន ដែលជាកត្តាបណ្តាលឱ្យសាស្ត្រាចារ្យមួយរូបវិភាគថា ប្រទេសកូរ៉េខាងជើងកំពុងជួបវិបត្តិគ្រោះទុរ្ភិក្សដ៏យ៉ាប់យ៉ឺនបំផុតមួយ។ ចង់ជ្រាបច្បាស់ ថាតើកូរ៉េខាងជើងកំពុងស្ថិតក្នុងស្ថានភាពបែបណាក្រោយផ្ទុះជំងឺកូវីដ១៩? សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅ៖យោងតាមអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ជំងឺកូវីដ១៩ត្រូវបាករកឃើញជាលើកដំបូងនៅទីក្រុងវូហាន ខេត្តហ៊ុយបេ នៃសាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ជំងឺនេះបានបន្តរាតត្បាតទូទាំងសកលលោក ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មកទល់សព្វថ្ងៃ ពោលគឺអ្នកវិទ្យាសាស្រ្តបានរកឃើញនូវការបម្លែងខ្លួនថ្មីៗពីវីរុសកូវីដ១៩។


នៅក្នុងនោះដែរ ប្រជាពលរដ្ឋទូទាំងសកលលោកជាង ៧ រយលាននាក់បានឆ្លងជំងឺកូវីដ១៩ រីឯអ្នកស្លាប់ដោយជំងឺនេះមានចំនួនជិត ៧លាននាក់។ នេះបើតាមរបាយការណ៍ទិន្នន័យរបស់អង្គការសុខភាពពិភពលោករាយការណ៍គិតត្រឹមម៉ោង៣:២០នាទីរសៀលនៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ដោយឡែក តាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia បានឱ្យដឹងថា ក្រោយការវាយប្រហារដោយជំងឺកូវីដ១៩អស់រយៈពេល៣ឆ្នាំ មនុស្សម្នាជុំវិញពិភពលោកបានទទួលបានសេរីភាពសារជាថ្មី ជាអកុសលលើកលែងតែប្រទេសកូរ៉េខាងជើងប៉ុណ្ណោះ ដែលហាក់មិនទាន់បើកច្រកចេញចូលព្រំដែន។
សូមជម្រាបថា កាលពីខែមករា ឆ្នាំ២០២០ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្រេចដាក់ប្រទេសកូរ៉េខាងជើងឱ្យនៅដាច់ដោយឡែកពីពិភពខាងក្រៅ ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ ក៏ប៉ុន្តែមកទល់នឹងខែមិថុនា ឆ្នាំ២០២៣នេះ CNAដដែលចុះផ្សាយថា ប្រទេសកូរ៉េខាងជើងទៀតសោតនៅតែបន្តបិទទ្វារព្រំដែនមិនឱ្យប្រជាពលរដ្ឋចេញក្រៅស្រុក និងក៏មិនទទួលភ្ញៀវទេសចរទៅកម្សាន្ត។
អ្នករាយការណ៍ពិសេស លោកស្រី Elizabeth Salmon បាននិយាយថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់មកលើប្រជាជនកូរ៉េខាងជើងក្រោយច្រកព្រំដែននៅបន្តបិទអស់រយៈពេលបីឆ្នាំមកនេះ។ លោកស្រីបន្តថា ជាពិសេសសម្រាប់ស្ត្រីដែលធ្វើការនៅទីផ្សារក្រៅផ្លូវការ ប្រជាជនរស់នៅក្នុងជីវភាពក្រីក្រ មនុស្សចាស់ អ្នកគ្មានផ្ទះសម្បែងជ្រកកោន និងកុមារអនាថាជាដើម។
ទន្ទឹមគ្នានេះដែរ លោកស្រីបញ្ជាក់ថា ស្រ្តីជាច្រើននៅក្នុងប្រទេសកូរ៉េខាងជើងរងនូវការជិះជាន់ និងប្រឈមនឹងការប្រើប្រាស់អំពើហិង្សាពីសំណាក់ក្រុមគ្រួសារ។ ជាក់ស្តែង លោកស្រីគូសបញ្ជាក់ថា វាពិតជាពិបាកខ្លាំងណាស់ក្នុងការទទួលបានព័ត៌មានផ្ទៃក្នុងនៅក្នុងប្រទេសកូរ៉េខាងជើង ហើយជាពិសេសវារឹងតែពិបាកវាយតម្លៃថាតើស្ថានការណ៍នៅក្នុងប្រទេសអាក្រក់ដល់កម្រិតណា។

ជាការកត់សម្គាល់ នៅមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩នេះ ប្រទេសកូរ៉េខាងជើងហាក់រឹតត្បិតពីការផ្សព្វផ្សាយព័ត៌មានរួចស្រេចទៅហើយ។ កាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ មន្រ្តីស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា អ្នកធ្វើអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១0 នាក់បានលួចរត់គេចខ្លួនតាមសមុទ្រ ខណៈបច្ចុប្បន្នចំនួនអ្នកឆ្លងដែនខុសច្បាប់ដើម្បីរត់គេចនៅក្នុងប្រទេសកូរ៉េខាងជើងកំពុងកើនឡើងជាលំដាប់។
កាលថ្មីៗនេះ បើយោងតាមសារព័ត៌មាន BBC បានគូសបង្ហាញពីការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េខាងជើង ដែលវាផ្ទុយស្រឡះពីរូបភាពគ្រួសារគីម និងសមាជិករបបនេះបានបង្ហាញទៅសាធារណៈជននៅលើសកលលោក។
តាមប្រភពសារព័ត៌មានដដែលបានបន្តថា កូនស្រីអាយុ ១0 ឆ្នាំរបស់លោក Kim Jong Un គឺកុមារី Kim Ju Ae តែងតែបង្ហាញមុខតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈក្នុងសម្លៀកបំពាក់ប្រណិតនិងតម្លៃថ្លៃៗ ខណៈប្រជាពលរដ្ឋសាមញ្ញភាគច្រើនស្ទើរតែគ្មានលទ្ធភាពទទួលបានការផ្គត់ផ្គង់ចំណីអាហារ ថ្នាំសង្កូវ និងរបស់របរប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកូរ៉េខាងជើងនៅតែបន្តសាកល្បងបាញ់កាំជ្រួច បើទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសកំពុងជួបការលំបាកក៏ដោយ៕
តើកូរ៉េខាងជើងកំពុងស្ថិតក្នុងស្ថានភាពបែបណាក្រោយផ្ទុះជំងឺកូវីដ១៩?

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៣

Share

Image
Image
Image