en     km
en     km

ប្រធាន​អាស៊ាន​ជំរុញ​ឲ្យ​មាន​ការ​រួបរួម​គ្នា​ដើម្បីដោះស្រាយ​ជម្លោះនៅ​មីយ៉ាន់ម៉ា

Share

ហ្សាការតា៖ យោងតាម C N A ប្រទេសឥណ្ឌូនេស៊ីជាប្រធានអាស៊ាននៅថ្ងៃអង្គារទី១១ ខែកក្កដា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួបរួមគ្នារបស់អាស៊ាន ខណៈដែលរដ្ឋមន្ត្រីការបរទេសចាប់ផ្តើមកិច្ចពិភាក្សាគ្នា ដែលគេរំពឹងថានឹងមានរបៀបវារៈសំខាន់អំពីប្រទេសមីយ៉ាន់ម៉ា។ រាយការណ៍ដោយ

កិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅទីក្រុងហ្សាកាតា កើតឡើងនៅពេលដែលការសង្ស័យកើនឡើងនៃប្រសិទ្ធភាពរបស់អាស៊ាន ជាមួយនឹងការខ្វែងគំនិតគ្នាខ្លះអំពីដំណោះស្រាយជម្លោះបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការបរាជ័យរបស់របបយោធាក្នុងការអនុវត្តផែនការសន្តិភាពអាស៊ានដែលបានព្រមព្រៀងគ្នា។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi មិនបាននិយាយចំៗអំពីមីយ៉ាន់ម៉ានៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំពេញអង្គកាលពីថ្ងៃអង្គារទី១១ កក្កដានេះទេ ប៉ុន្តែបាននិយាយថា អាស៊ាន “អាចមានបញ្ហាបានលុះត្រាតែយើងមានភាពជឿជាក់គ្នា”។លោក​ស្រី​បាន​បន្ត​ថា​៖ «​ដូច្នេះយើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​បង្ហាញ​ថា​អាស៊ាន​អាច​ស្វែងរក​សក្ដានុពល​ក្នុង​តំបន់ និង​ពិភពលោក ហើយ​បន្ត​ធ្វើជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​»។«​យើង​អាច​សម្រេច​បាន​លុះត្រាតែ​យើង​រក្សា​ឯកភាព​អាស៊ាន និង​ភាព​ជា​កណ្តាល​»​។

មីយ៉ាន់ម៉ាកើតមានការចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចនៅដើមឆ្នាំ២០២១ ដោយមានការបង្រ្កាបយ៉ាងខ្លាំងក្លាលើគូប្រជែងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងបង្កើតឱ្យមានចលនាតស៊ូប្រដាប់អាវុធ និងជម្លោះកាន់តែតានតឹង។

អាស៊ានបានរារាំងរបបយោធាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ដោយសារប្រទេសនេះមិនបានគោរពការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ “កិច្ចព្រមព្រៀងសន្តិភាពប្រាំចំណុច”កាលពី២ឆ្នាំមុន។ឥណ្ឌូណេស៊ីបាននិងកំពុងព្យាយាមផ្តួចផ្តើមដំណើរការសន្តិភាពនៅពីក្រោយឆាកដោយការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗ។

 ក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញអង្គការសហប្រជាជាតិមួយចំនួនបានចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាបានប្រព្រឹត្តអំពើឃោរឃៅលើជនស៊ីវិល។តែក្រុមយោធានិយាយថាពួកគេកំពុងប្រយុទ្ធជាមួយ “ភេរវករ” ។ថ្មីៗនេះប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ជូនសំណុំរឿងអំពើហឹង្សាដែលកំពុងកើនឡើងនៅភូមាទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងឱ្យប្រទេសនានាបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់របបយោធា។ កិច្ចប្រជុំនៅថ្ងៃអង្គារនេះ ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន នៅចុងសប្តាហ៍នេះ ដោយមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov គ្រោងនឹងចូលរួមផងដែរ។ ប្រទេស​ចិន​កាល​ពី​ថ្ងៃ​អង្គារទី១១ កក្កដា​បាន​បញ្ជាក់​ថា​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ខ្លួនគឺលោក​ Qin Gang នឹង​មិន​ចូល​រួមកិច្ចប្រជុំនេះទេ​ដោយ​សារ​ហេតុផល​សុខភាព។ ប្រទេសចិនបាននិយាយថាអ្នកការទូតកំពូលរបស់ខ្លួនគឺលោក Wang Yi នឹងចូលរួមជំនួសវិញ៕

ប្រភព៖ The C N A ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៣

Share

Image
Image
Image