en     km
en     km

ភាពប្រឈមរបស់ស្ដ្រីគ្រប់វ័យត្រូវបានរាជរដ្ឋាភិបាលលើកមកបន្ដដោះស្រាយក្នុងទិវាប្រជាជនពិភពលោក

Share

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ជាទិវាប្រជាជនពិភពលោកលើកទី៣៤ រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានលើកយកពីបញ្ហាប្រឈមរបស់ស្ដ្រីគ្រប់វ័យ មកបន្តដោះស្រាយតាមរយៈការបញ្ជ្រាបយេនឌ័រទៅក្នុងគ្រប់គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រនៅគ្រប់ក្រសួង ស្ថាប័ន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍ៈ

 

រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែនបានឱ្យដឹងថា បញ្ហាដែលស្ត្រីគ្រប់វ័យនៅក្នុងប្រទេសកម្ពុជា កំពុងប្រឈមមានដូចជា អត្រាមរណភាពនៅតែមានកម្រិតខ្ពស់ សេវាសុខភាពនិងសុខភាពបន្ដពូជរបស់ស្ដ្រីមិនទាន់គ្របបណ្ដប់ជាសកលបើធៀបប្រទេសក្នុងតំបន់ កម្លាំងពលកម្មជាស្ដ្រីមានច្រើនតែការងារមានចំណូលទាប កម្រិតវប្បធម៌ជំនាញបច្ចេកទេសរបស់ស្ដ្រីមិនទាន់ឆ្លើយតបនិងទីផ្សារការងារ គម្លាតយែនឌ័រក្នុងសង្គម ការជួញដូរ និងអំពើហិង្សាលើស្ដ្រីនៅតែកើតមាន។

បញ្ហាទាំងនេះត្រូវបានរាជរដ្ឋាភិបាល លើកយកបន្ដដោះស្រាយក្នុងទិវាប្រជាជនពិភពលោកលើកទី៣៤ ឆ្នាំ២០២៣នេះ  ដោយអះអាងថា នឹងធ្វើការបញ្ជ្រាបយេនឌ័រទៅចូលទៅក្នុងគ្រប់គោលនយោបាយ ផែនការអភិវឌ្ឍន៍ជាតិ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពបញ្ជ្រាបយេនឌ័រនៅគ្រប់ក្រសួង ស្ថាប័ន រួមទាំងការអនុវត្តន៍អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនិងនារីភេទជាដើម។

បើតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ទស្សនៈសង្គមរួមនៅកម្ពុជា តម្លៃខ្ពស់ត្រូវបានផ្ដល់ជូនដល់ស្រ្តី ដោយចាត់ទុកស្ត្រីជាមាតានៃសង្គម និងជាធនធានដ៏ចាំបាច់សម្រាប់ដំណើរការ កសាងនិង អភិវឌ្ឍប្រទេស។ តែយ៉ាងណាគេសង្កេតឃើញចំនួនស្ដ្រីជាថ្នាក់ដឹកនាំនៅក្នុងជួររាជរដ្ឋាភិបាលមានចំនួនតិចតួចនៅឡើយ ដែលកាន់មុខតំណែងធំៗ។ ការមើលឃើញនេះ ក៏ត្រូវបាន អ្នកនាងអេង ចាន់ឌី នាយិកាអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា GAD/C ធ្លាប់បានលើកឡើងដូចគ្នា។ តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេក៏សង្កេតឃើញចំនួនស្ដ្រីមានការកើនឡើងច្រើនក្នុងជួររដ្ឋភិបាលដែរ។

បែបនេះក្ដី គេក៏ឃើញពីសកម្មភាពដែលរាជរដ្ឋាភិបាលបានធ្វើ ដើម្បីលើកកម្ពស់សិទ្ធិស្ដ្រីនាពេលកន្លងមកមានដូចជា ដាក់ចេញផែនការជាតិប្រជាជនឆ្នាំ២០១៦-២០៣០ ការចូលរួមអនុញ្ញាសេចក្ដីសម្រេច និងកម្មវិធីសកម្មភាពនានារបស់អង្គការសហប្រជាជាតិជាដើម ដែលសកម្មភាពទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលរំលេចថា ជួយដល់ប្រជាជនទាំងអស់ ជាពិសេសស្ដ្រី និងក្មេងស្រី។ ជាមួយគ្នា រាជរដ្ឋាភិបាលបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយបញ្ហាដែលកំពុងប្រឈម ដើម្បីបញ្ចៀសពីផលអវិជ្ជមាននានា ដែលនេះជាការជ្រោងឡើងនូវសំឡេងស្ដ្រី និងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោករបស់យើង៕

Share

Image
Image
Image