ភ្នំពេញ៖ ខណៈថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការតាមបណ្ដាញសង្គម ណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតក្លាយជាសន្លឹកឆ្នោតមិនបានការដោយសំអាងហេតុថាគ្មានគណបក្សភ្លើងទៀន។ លោក មាស នី ហាក់គាំទ្រចំពោះចំណាត់ការនេះ ប៉ុន្តែលោកចោទសួរករណីស្រដៀងនេះថា អ្នកដែលណែនាំឱ្យពលរដ្ឋគូសឱ្យគណបក្សរបស់ខ្លួនខុសដែរឬទេ? លោក គីម ចាន់ចាវ រាយការណ៍
ស្ថាប័នរៀបចំការបោះឆ្នោតជាតិ គ.ជ.ប ក៏បានព្រមានផងដែរថា អ្នកណែនាំឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់តាមមាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០ (ប្រាំលាន) រៀល ទៅ២០,០០០,០០០ (ម្ភៃលាន) រៀលដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត។ មធ្យោបាយដែល គ.ជ.ប ចាត់ទុកថាទុច្ចរិតនោះរួមមានណែនាំ ឬញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១១ ខែកក្កដានេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានព្រមានផងដែរ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់សាមីខ្លួនសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ យ៉ាងតិចបន្ថែមទៀត។
លើបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវនិងវិភាគបញ្ហាសង្គម យល់ស្របថា អ្នកដែលណែនាំឱ្យពលរដ្ឋគូសខ្វែងឬធ្វើឱ្យខូចសន្លឹកឆ្នោត គឺជាការខុសឆ្គង។ ក៏ប៉ុន្តែលោកក៏បានចោទសួរថាអ្នកដែលណែនាំឱ្យពលរដ្ឋគូសឱ្យគណបក្សរបស់ខ្លួនខុសដែរឬទេ?
«ទាំងគូសឱ្យត្រូវ ហើយនឹងការខ្វែង បានន័យថាទៅប្រាប់ឱ្យខ្វែងចោលហាស៎ អាហ្នឹងមែនទែនទៅវាអត់ត្រូវនឹងច្បាប់ទាំងអស់។ វាអត់ត្រូវក្នុងលក្ខខណ្ឌបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ បានន័យថា អ្នកដែលបង្គាប់ឱ្យគូសត្រូវ យើងទៅបញ្ចុះបញ្ចូលគេឱ្យគូសចំតែកន្លែងដែលខ្លួនឯងចង់បាន។ អានេះខ្ញុំមើលទៅក៏វាមានបញ្ហាខ្ទាស់ជាមួយច្បាប់ស្ដីពីការបោះឆ្នោតដែរ។
លោក មាស នី ក៏បានលើកនូវចំណុចមួយទៀតក្នុងករណីដែលគ.ជ.ប ស្វែងរកអ្នកគូសខុសឬគូសខ្វែង ថាតើ អាចធានាដល់ការបោះឆ្នោតជាសម្ងាត់ដែរឬទេ?
«គ.ជ.ប ថានឹងដាក់ទោសទណ្ឌថាតើយើងទៅរកមនុស្សហ្នឹងដោយរបៀបណា បើយើងប្រកាសថាការបោះឆ្នោតនេះជាការបោះឆ្នោតដោយសេរី ហើយសង្ងាត់។ ចុះបើសង្ងាត់ហើយមានការទៅតាមរកមើលអ្នកណាដែលគូសខ្វែង អ្នកណាខ្លះមិនគូស អ្នកណាគូសត្រូវគូសខុសអាហ្នឹងលេងសង្ងាត់ហើយ បានន័យថាការគូសហ្នឹងនៅមានអ្នកណាតាមមើលអីចឹង អាហ្នឹងខ្ញុំលើកជាឧទាហរណ៍ទេណាស៎»
លោក សម រង្ស៊ី មេចលនាក្រុមប្រឆាំងដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេស នៅពេលចុងក្រោយនេះតែងលើកឡើងតាមបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយនានា ដោយប្រកាសឱ្យអ្នកគាំទ្ររបស់ខ្លួន គូសសន្លឹកឆ្នោតចោល នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជានៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
អតីតមេបក្សប្រឆាំងដ៏ធំមួយនេះ ពន្យល់ថាដោយសារជាការបោះឆ្នោតខាងមុខនេះមិនមានភាពត្រឹមត្រូវ និងមិនយុត្តិធម៌ ខណៈគណបក្សភ្លើងទៀនមិនអាចចូលរួមការប្រកួតប្រជែងនេះ។
ជាងនេះទៀត នៅរយៈពេលចុងក្រោយនេះគេសង្កេតឃើញមនុស្សជំនិតៗរបស់លោក សម រង្ស៊ី បានដឹកនាំបាតុកម្មមួយនៅលើទឹកដីក្រុងឡូវ៉ែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាម៉េរិក ដោយឃោសនាប្រាប់ឱ្យអ្នកគាំទ្រនៅកម្ពុជាឱ្យ «គូសសន្លឹកឆ្នោតចោលដើម្បីប្រឆាំងនឹងអយុត្តិធម៌» ជាអ្វីដែលអ្នកបោះឆ្នោតនៅកម្ពុជា គួរធ្វើដើម្បីប្រឆាំងនូវការបោះឆ្នោត ដែលគេចាត់ទុកថាជាការបោះឆ្នោតក្លែងក្លាយ៕