en     km
en     km

កម្មការិនីមានផ្ទៃពោះរោងចក្រស្ដារីតទទួលបានប្រាក់មកវិញបន្ទាប់ពីប្រតិកម្មនឹងរដ្ឋបាលរោងចក្រកាត់លុយឧបត្ថម្ភពេលជួបសម្តេច ហ៊ុន សែន

Share

កម្មការិនីមានផ្ទៃពោះបម្រើការងារនៅក្នុងរោងចក្រ ស្ដារីត (ខេមបូឌា) ឯ.ក ដែលត្រូវបានរដ្ឋបាលរោងចក្រទាមទារកាត់ប្រាក់ឧបត្ថម្ភពីសម្ដេច ហ៊ុន សែន ក្នុងម្នាក់ៗ១០០ដុល្លារ ពេលនេះពួកគេបានទទួលប្រាក់មកវិញគ្រប់ចំនួនហើយ។ ពួកគេទទួលបានប្រាក់មកវិញក្រោយពេលដែលដំណឹងនៃប្រតិកម្មនេះត្រូវបានផ្សព្វផ្សាយលើបណ្តាលសារព័ត៌មានមួយចំនួន ហើយថ្នាក់ដឹកនាំរោងចក្របានចាត់បុគ្គលិកឱ្យដោះស្រាយ។

លោក គីម ចាន់ចាវ រាយការណ៍

 

បើទោះបីជាត្រូវបានរដ្ឋបាលរោងចក្រទាមទារប្រាក់ម្នាក់១០០ដុល្លារ ក្រោយពេលបានជួបសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែកម្មការិនីមានផ្ទៃពោះទាំង ៣នាក់មិនបានផ្ដល់ប្រាក់ឱ្យរដ្ឋបាលរោងចក្រនោះគ្រប់១០០ដុល្លារឡើយ ដោយសារតែពួកគេត្រូវយកប្រាក់ដែលសម្តេចនាយករដ្ឋឧបត្ថម្ភនោះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ កម្មការិនីរងគ្រោះម្នាក់គឺអ្នកស្រី ឆន ស្រីលា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃសុក្រនេះថា ដោយសារតែត្រូវយកប្រាក់ប្រើប្រាស់ក្នុងគ្រួសារប្រចាំថ្ងៃទើបអ្នកស្រីស្នើសុំរដ្ឋបាលរោងចក្រ ផ្ដល់ប្រាក់ឱ្យពួកគេតែ១០ម៉ឺនរៀលប៉ុណ្ណោះ។

«ខ្ញុំអត់មានលុយដែរបង ខ្ញុំសុំគេឱ្យប៉ុណ្ណឹង(១០ម៉ឺនរៀល) រួចហើយគេយកប៉ុណ្ណឹង»

ក៏ប៉ុន្តែ ក្រោយការដោះស្រាយប្រាក់នេះ កម្មការិនីមានផ្ទៃពោះរូបនេះបានទទួលវិញហើយ។

«បានពីសម្តេច២០០(ដុល្លារ)បង ហើយឱ្យទៅគេហ្នឹង១០ម៉ឺន(រៀល) ឥលូវគេឱ្យមកវិញ១០ម៉ឺន(រៀល)ហើយបង»

រដ្ឋបាលរោងចក្រស្ដារីត ស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ទាមទារកាត់ប្រាក់ឧបត្ថម្ភដែលសម្ដេចនាយករដ្ឋមន្រ្តីផ្តល់ឱ្យកម្មការិនីមានផ្ទៃពោះត្រឹម ៣ខែក្នុងម្នាក់ៗ ១០០ដុល្លារ ដោយយកលេសថា ជាថ្នូរនឹងការរៀបចំឈ្មោះ ដើម្បីចូលជួបសម្ដេចពីមន្រ្តីរៀបចំខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កម្មការិនីរងគ្រោះក្នុងរឿងរ៉ាវកាត់ប្រាក់ឧបត្ថមម្ភនេះរួមមាន អ្នកស្រី គឺល គឹន អ្នកស្រី ឆន ស្រីលា និងអ្នកស្រី នួន ចន្ទ្រា ស្ថិតក្នុងចំណោមកម្មការិនីជាង១០នាក់ ដែលត្រូវទទួលបានប្រាក់ឧបត្ថមពីសម្ដេចហ៊ុន សែនសរុបចំនួន ២០០ដុល្លារក្នុងម្នាក់ៗ ហើយនៅពេលដែលត្រឡប់ចូលធ្វើការងារវិញ ក៏ត្រូវបានខាងរដ្ឋបាលទាមទារកាត់ប្រាក់ខាងលើនេះខ្ទង់១០០ដុល្លារតែម្ដង។

វិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការបំភ្លឺជាច្រើនដងពី លោក កាំង សុផា បុគ្គលិករោងចក្រស្ដារីតដែលសម្របសម្រួល វិវាទកម្មការិនី និងរដ្ឋបាលរោងចក្រខាងលើ ប៉ុន្តែមានអ្នកលើកទូរសព្ទឆ្លើយថានេះមិនមែនជាលេខលោក កាំង សុផា រដ្ឋបាលរោងចក្រស្ដារីតឡើយ។ ក៏ប៉ុន្តែកម្មការិនីរងគ្រោះខាងលើ តែងទំនាក់ទំនងសុំអន្តរាគមន៍ពីលោក កាំង សុផា តាមលេខខាងលើនេះ។

ទោះយ៉ាងកម្មការិនីរងគ្រោះម្នាក់ទៀត គឺអ្នកស្រី នួន ចន្ទ្រា ដែលមានផ្ទៃពោះជិត៤ខែបានប្រាប់វិទ្យុស្ត្រីថា ពេលនេះអ្នកស្រីនិង កម្មការិនីមានផ្ទៃពោះដែលរងគ្រោះផ្សេងទៀត ទទួលបានប្រាក់វិញគ្រប់ចំនួនហើយ។

«ខាងរដ្ឋបាលគាត់បានប្រគល់លុយជូនពួកខ្ញុំហើយអស់ហើយ។ អ្នកខ្លះគាត់ឱ្យបាន១០០(ដុល្លារ) អ្នកខ្លះគាត់ឱ្យ៥០(ដុល្លារ) បើសម្រាប់ខ្ញុំផ្ទាល់គឺឱ្យបានតែ៥០ដុល្លារទេ ចឹងគឺគាត់ប្រគល់ជូនវិញគឺគ្រប់ចំនួនទាំងអស់»

មិនត្រឹមតែផ្ដល់ប្រាក់ឱ្យវិញគ្រប់ចំនួននោះទេ ខាងថៅកែរោងចក្របានសម្រេចបណ្ដេញរដ្ឋបាលរោងចក្រទាំងពីរនាក់ដែលទារប្រាក់ពីកម្មការិនីមានផ្ទៃពោះខាងលើចេញពីការងារទៀតផង។ អ្នកស្រី នួន ចន្ទ្រា យល់ថា ការសម្រេចរបស់ថៅកែរោងចក្រនេះ គឺជាការសម្រេចដ៏សមរម្យ ព្រោះជាការដាក់ទោសដើម្បីព្រមានដល់រដ្ឋបាលរោងចក្រផ្សេងទៀតកុំប្រព្រឹត្តទង្វើខុសច្បាប់ពេលក្រោយ។

«ចាស៎ ខ្ញុំគិតថាស័ក្កសម ព្រោះអីជាទង្វើមួយដែលធ្វើឱ្យ ដូចថាវាបង្ហាញថា មិនឱ្យមានអ្នកផ្សេងធ្វើគំរូតាមគាត់ចឹងហាស៎។ ខ្ញុំគិតថាធ្វើទៅគឺវាល្អ ព្រោះអីដើម្បីកុំឱ្យមានអ្នកផ្សេងទៀតធ្វើតម្រាប់តាមពួកគាត់អីចឹងហាស៎ ព្រោះអីកុំឱ្យពួកគាត់កេងប្រវ័ញ្ចលើកម្លាំងកម្មករផ្សេងៗទៀតចឹង..»

លោក ប៉ាវ ស៊ីណា ដែលបានចាត់ទុករឿងពុំគម្បីបានដាក់ការសង្ស័យថា ករណីនេះអាចនឹងមិនមែនកើតឡើងតែចំពោះរោងចក្រស្ដារីតមួយនេះទេ ប៉ុន្តែអាចកើតឡើងចំពោះរោងចក្រមួយចំនួនទៀតដែលមិនទាន់មានសហជីព ឬតំណាងកម្មករ។ ប្រធានសម្ព័ន្ធសហជីពចលនាកម្មកររូបនេះ បានលើកទឹកចិត្តឱ្យក្រសួងការងារគួរតែតាមដានពិនិត្យអំពីវិធានការរបស់ថៅកែរោងចក្រ អំពីករណីដែលរដ្ឋបាលរោងចក្រ តម្រូវឱ្យកម្មករបង់លុយឱ្យខ្លួនជាថ្នូរនឹងការចូលរួមក្នុងកម្មវីធីជំនួបជាមួយនាយករដ្ឋមន្ត្រីនេះ៕

Share

Image
Image
Image